ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ បានរងរបួសជាដំណំប៊ិះដាច់ដៃ ក្រោយរូបគាត់ខំចិត្តល្អ លូកដៃចូលក្នុងទ្រុងដើម្បីដាក់ចំណីឲ្យសត្វខ្លាស៊ី តែទីបំផុតបែរជាត្រូវវាស្ទុះមកត្របាក់ទាំងកំរោល ហូរឈាមកក្លាក់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី២២ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ មានក្រុមសៀកមួយក្រុម បានដឹកសត្វខ្លាកំណាច ២ក្បាលដាក់ក្នុងទ្រុងដែក លើឡានធំមួយគ្រឿង មកឈប់នៅត្រង់ចំណុចស្រុក Xichuan ខេត្ត Henan ។ ជាហេតុធ្វើឲ្យមានអ្នកដំណើរជាច្រើន នាំគ្នាឈូឆរមកមើលនិងថតរូប។

នៅថ្ងៃកើតហេតុ ត្រូវបានគេរាយការណ៍ថា មានបុរសវ័យចំណាស់មិនត្រូវបាន គេស្គាល់អត្តសញ្ញាណម្នាក់ ហេតុតែទឹកចិត្តអាណិតស្រលាញ់ ទើបខំប្រឹងលូកដៃរបស់គាត់ ចូលទៅក្នុងទ្រុងខ្លាដើម្បីដាក់ចំណីឲ្យវាស៊ី ទាំងភ្លេចគិតពីសុវត្ថិភាពខ្លួនឯង។

ទីបំផុតសត្វខ្លាដែលត្រូវបានគេចាត់ទុកថា ជាសត្វដ៏កំណាចនោះ មិនត្រឹមតែស៊ីចំណីដែលលោកតាខាងលើដាក់ឲ្យទេ តែវាថែមទាំងស្ទុះមកត្របាក់ខាំដៃគាត់ជាប់ មិនព្រលែងមាត់ថែមទៀត។

ភ្លាមៗក្រោយកើតហេតុ គេឃើញមានបុរសម្នាក់ បានកាន់ដំបងវែងមួយដើម ទៅរុកបុកមាត់ខ្លា រហូតទាល់តែវាព្រមព្រលែងមាត់ ហើយលោកតារងគ្រោះក៏បានដាច់ផ្ញារ ដេកសន្លប់ស្ដូកស្ដឹងនៅនឹងដី និងឃើញមានឈាមហូរកក្លាក់ពេញដៃទៀតផង។ រីឯអ្នកដំណើរផ្សេងទៀត ដែលបានឈរមើលក្នុងហេតុការណ៍នោះ ម្នាក់ៗនាំគ្នាស្លុតអារម្មណ៍យ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក្កី ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពរបស់លោកតារងគ្រោះ ធ្ងន់ឬស្រាលកម្រិតណាទេ។ ប៉ុន្តនៅគ្រានោះ មានអ្នកឈរមើលក្នុងហេតុការណ៍ជាច្រើន បានស្រែកអំពាវនាវឲ្យទាក់ទង ហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនបុរសរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញ នេះក៏ជាសារមួយជួយដាស់តឿនដល់អ្នករាល់គ្នា គួរណាស់បង្កើនការប្រុងប្រយ័ត្ន ត្រូវនៅឲ្យឆ្ងាយពីសត្វស្រុកសត្វព្រៃកាចសាហាវ មិនថានៅក្នុងទ្រុងឬក្រៅទ្រុង ឬទៅប្រលែងលេងជាមួយនឹងពួកវាទេ ចៀសវាងកុំឲ្យកើតមាន ដូចករណីរបស់បុរសរងគ្រោះខាងលើនេះ ៕

ទស្សនាវីដេអូខាងក្រោម៖  

បុរសគ្រោះបានលូកដៃ ចូលទៅក្នុងទ្រុងខ្លាដើម្បីដាក់ចំណីឲ្យវាស៊ី តែត្រូវខ្លាស្ទុះហក់ត្របាក់ខាំដៃជាប់មិនលែងមាត់
បុរសម្នាក់បានកាន់ដំបងវែងមួយ ទៅរុកបុកមាត់ខ្លារហូតទាល់តែវាព្រលែងមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]