(ភ្នំពេញ)៖ កញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប រួមជាមួយមេធាវីតំណាងដោយអាណត្តិ គឺលោក រ៉ូ ប៊ីនណៃ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញនេះ ពុំបានចូលបំភ្លឺតាមដីកាកោះអញ្ជើញរបស់ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងទាមទារប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អតីតគូដណ្ដឹងរបស់ខ្លួននោះទេ ពោលគឺអ្នកស្និទ្ធនឹងកញ្ញា នី មុន្នីនាថ បានបង្ហើបឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកាថា ការមិនចូលបំភ្លឺនេះ ដោយសារលោកមេធាវី រ៉ូ ប៊ីនណៃ ជាប់រវល់នៅខេត្ត ពុំទាន់បានសិក្សាសំណុំរឿង។ ដូច្នេះលោកមេធាវី សុំចូលបំភ្លឺនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧វិញ ។

ថ្មីៗនេះ នៅលើហ្វេសប៊ុករបស់កញ្ញា នី មុន្នីនាថ ក៏បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «ចង់និយាយច្រើនណាស់ តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថា បើចង់ឈ្នះសត្រូវត្រូវធ្វើចិត្តឲ្យត្រជាក់»។

សូមបញ្ជាក់ថា អតីតគូដណ្តឹងតារាសម្តែង នី មុន្នីនាថ គឺ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឲ្យនាងសងប្រាក់ ចំនួន៧ម៉ឺនដុល្លារ និង ប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា។ លោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បោកយកប្រាក់របស់ខ្លួន ក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះលោក បានទិញរបស់របរមានតម្លៃមួយចំនួនឲ្យនាង តែដល់ពេលធ្លាក់វីសា ទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ។

ពាក្យបណ្តឹងដែលចុះហត្ថលេខា ដោយមេធាវីរបស់លោកអ៊ឹង សូឡាង កាលពីចុងខែកញ្ញាឲ្យដឹងទៀតថា «មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង) គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ»។

នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយ បានទាមទារបំពាក់ជូនចុងចម្លើយ នូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជន រស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទ ធានាយកចុងចម្លើយទៅរស់នៅ សហរដ្ឋអាមេរិក ។

ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យ រវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែម ជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ។

យោងតាមពាក្យបណ្តឹងនេះ របស់លោក អ៊ឹង សូឡាង បញ្ជាក់ថា លោកបានស្នើសុំតុលាការបង្គាប់ឲ្យ នី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្ត មកលោកចំនួន៥ម៉ឺនដុល្លារ បន្ថែមទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ