(ភ្នំពេញ)៖ ខុសប្លែកពីតារាសម្ដែង តារាចម្រៀងផ្សេងៗជាច្រើនដួងទៀត ដែលមានឱកាសចេញទៅលើទឹកដី មហាសេដ្ឋកិច្ច សម្បូរដុល្លារ គឺសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រគំតន្រ្តី និងសម្ដែង ចែកជូនដល់បងប្អូនខ្មែរ ដែលរស់នៅទីនោះ បានទស្សនាកម្សាន្តសប្បាយ និងស្វែងរកថវិកាត្រឡប់មកវិញ។ ដោយឡែក សម្រាប់តារាសម្ដែងក្មេងខ្ចី មានឈ្មោះជាមាម៉ាយចាយរាង កូនមួយ ឈ្ងុយដូចដូងដុត អ្នកនាង ភិន សុដាលីស ឯណេះវិញ ការចេញដំណើរទៅអាមេរិកលើកនេះ គឺនាងចេញទៅបំពេញចំណេះដឹង ផ្នែកឌីហ្សាញផ្ទៃរឿង និងការតុបតែងមុខ រយៈពេលកន្លះខែ ដែលជាក្ដីប្រាថ្នាមួយ ក្នុងការសម្រេចបំណងលើការងារសិល្បៈ របស់នាង នៅថ្ងៃអនាគត។

តារាសម្ដែងមេម៉ាយចាយសម្រស់ ភិន សុដាលីស បានចេញដំណើរ ទៅសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានទាំងលោកឪពុក គឺលោក អ៊ិន សុភិន ជូនដំណើរផង ប៉ុន្តែការចេញដំណើរលើកនេះ ពុំមែនជាការកម្សាន្តលំហែកាយ ឬសម្ដែងដើម្បីរកលុយទេ គឺនាងទៅរៀនជំនាញផលិតភាពយន្ត ក្នុងន័យមកពង្រឹងផលិតកម្មមហាហង្ស បន្ថែមទៀត។

ស្រីស្រស់ ភិន សុដាលីស បានថ្លែងមុនពេលចេញដំណើរថា នាងទៅអាមេរិក លើកនេះ គឺទៅបំប៉នជំនាញឌីហ្សាញរបស់នាង ដែលរៀនជិតចប់ ជាមួយនឹងក្រុមឌីហ្សាញ របស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងសហរដ្ឋអាមេរិក ផ្ដល់សិទ្ធិឲ្យនាងទៅសិក្សាកន្លះខែ។ នាងបន្តថា ការចេញទៅអាមេរិកនៅពេលនេះ គឺពាក់ព័ន្ធនឹងការផលិតភាពយន្តភាគច្រើន ដោយសារតែការរៀបចំវគ្គខ្លី នៅលើទឹកដីអាមេរិក គេគ្រោងបណ្ដុះបណ្ដាលឲ្យមានការយល់ដឹង កាន់តែច្បាស់ពីការតែងមុខ និងការឌីហ្សាញផ្ទៃរឿង តើថា ត្រូវធ្វើបែបណាឲ្យត្រូវទៅហ្នឹងសាច់រឿង និងឲ្យមានភាពទាក់ទាញ នៅពេលចេញជាខ្សែភាពយន្ត។

ដោយឡែក លោកអ៊ិន សុភិន ជាឪពុក បានសង្កត់ធ្ងន់ថា លោកពិតជាមានមោទនភាព ដែលកូនស្រី នឹងក្លាយជាអ្នកឌីហ្សាញ និងជាអ្នកគូរប្លង់ សម្រាប់ភាពយន្តដ៏ជំនាញម្នាក់ នាពេលអនាគត ដើម្បីជួយផលិតកម្មមហាហង្ស ឲ្យកាន់តែរឹងមាំ នឹងទទួលបានការគាំទ្របន្ថែមទៀត។

សូមបញ្ជាក់ថា តារាសម្ដែងញញឹមស្រស់ ភិន សុដាលីស ជានិស្សិតឆ្នាំទី៤ ជិតចប់ឆ្នាំនៅសាកលវិទ្យាល័យ លីមកុងវីង ផ្នែក Professional Design ហើយដោយសារតែនាងជាតួសម្ដែង និងជាផលិតករមានស្នាដៃផង ទើបសាលាបញ្ជូននាងទៅ គឺនាងទៅក្នុងនៅពេលនេះ ក៏ត្រូវជួបជាមួយក្រុមផលិតកុន របស់អាមេរិក ជាពិសេសក៏បានជួបជាមួយក្រុម ផលិតកររបស់ហូលីវូដផងដែរ ទៅតាមការរៀបចំរបស់កម្មវិធី ដែលនឹងជួយឲ្យនាងទទួលបានបទពិសោធន៍ច្រើន ដើម្បីមកជួយផលិតកម្មមហាហង្ស៕

ភិន សុដាលីស
ភិន សុដាលីស និង ឪពុក
ភិន សុដាលីស និង ឪពុក
ភិន សុដាលីស និង ឪពុក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស