ភ្នំពេញ៖ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ កញ្ញា ទឹម សម្ផស្ស ដែលជា និស្សិត ឆ្នាំទី៤ នៃមហាវិទ្យាល័យ រៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង បានស្ម័គ្រចិត្ត ចូលរួមការងារ វាស់វែងដីធ្លី ក្នុងក្រុមទី៨ បន្ទាប់ពី យុវជន ច័ន្ទ ម៉ារឌី បានធ្វើ មរណកាលទៅ កាលពីពេលថ្មីៗនេះ។

នៅថ្ងៃ ពុធ ទី ០៧ ខែ វិច្ឆិកា នេះ សម្ផស្ស ដែលជា មិត្តភក្តិ រួមថ្នាក់ ជាមួយសពយុវជន ម៉ារឌី នឹងចេញដំណើរ ទៅបំពេញបេសកកម្ម វាស់វែងដីធ្លី នៅស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់ពីបានធ្វើដំណើរ មកចូលរួម បុណ្យសព របស់យុវជន ម៉ារឌី ។

សម្ផស្ស បានឲ្យដឹងថា ការបាត់បង់ យុវជន ម៉ារឌី គឺជាការបាត់បង់ ធនធានមនុស្ស ដ៏សំខាន់មួយ ហើយវាក៏ជាការបាត់បង់មិត្តភក្តិ ដ៏ល្អម្នាក់ របស់នាងផងដែរ។ ប៉ុន្តែ ទោះជាមានទុក្ខក្រៀមក្រំយ៉ាងណា សម្ផស្ស បានយកបទពិសោធន៍ នៃការបាត់បង់នេះ មកធ្វើជាកម្លាំងចិត្តខ្លួនឯង ជំរុញចិត្ត ឲ្យមានភាពក្លាហាន ហើយសម្រេចចិត្ត ចូលរួមស្ម័គ្រចិត្ត បន្តពីយុវជន ច័ន្ទ ម៉ារឌី ដើម្បីបំពេញការងារវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។

សម្ផស្ស បាននិយាយថា បើក្រុមការងារទី៨ បាត់បង់សមាជិកការងារម្នាក់ គាត់ត្រូវតែចូលរួម ស្តារការបាត់បង់នេះភ្លាមៗ ដើម្បីឲ្យការងារ បន្តទៅមុខដោយជោគជ័យ។

ទឹម សម្ផស្ស ក្នុងឯកសណ្ឋាន យុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លី បានបន្ថែមទៀតថា ទោះខ្លួនជាស្រីក៏ដោយ ក៏មិនមាន ការភ័យខ្លាចអ្វីនោះដែរ ក្នុងការចុះទៅបំពេញ ការងារវាស់វែងដីធ្លី នៅតាមតំបន់ឆ្ងាយៗ ព្រោះថា ការងារ វាស់វែងដីធ្លី គឺជាការងារដែលមានប្រយោជន៍ និងសារសំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលរស់នៅអាស្រ័យផលដោយដីធ្លី ហើយថា រឿងអកុសល ដែលកើតឡើងមកលើយុវជន ច័ន្ទ ម៉ារឌី គឺជាឧបទ្ទេវហេតុ ដែលមិនអាចទាយទុកមុនបាន។

កញ្ញបានបន្តទៀតថា ការបំពេញបេសកកម្មផ្សេងៗ តែងតែអាចជួបប្រទះ ការលំបាក ឬគ្រោះថ្នាក់ណាមួយជាយថាហេតុ និងមិនអាចមើលឃើញមុននោះទេ ប៉ុន្តែ កញ្ញាបានបញ្ជាក់ថា នឹងចូលរួមក្រុមការងារ បន្តការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនមានរាថយឡើយ។ ដួងព្រលឹងរបស់ យុវជន ម៉ារឌី នឹងតាមថែរក្សា ក្រុមការងារ ឲ្យសម្រេចគោលដៅ ជៀសផុតពីបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]