រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ពេល​ដែល​បុរស​ម្នាក់​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​បាន​ចោទប្រកាន់​ប្រពន្ធ​របស់​ខ្លួន​ថា លួចលាក់​មាន​សាហា​យ​ស្មន់​ក្បត់ចិត្ត​ខ្លួន ហើយ​ខ្លួន​បាន​តាម​ទាន់​នាង​កំពុង​ដេក​ជាមួយ​ប្រុស​សហាយ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ។ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ទៅ​កាន់​ចំណុច​ផ្ទះ​ជួល​នោះ​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់​បាន​ស្រែកហៅ​ឲ្យ​ស្ត្រី​នោះ បើកទ្វារ​ចេញ​ក្រៅ ដើម្បី​ត្រួតពិនិត្យ​ហើយ​នាង​បាន​បើកទ្វារ ហើយ​ពេល​មើលទៅ​ក្នុង​បន្ទប់​នោះ​គ្មាន​ឃើញ​ប្រុស​សហាយ​នោះ​ឡើយ គឺ​មាន​តែ​នាង​ជា​ប្រពន្ធ ព្រមទាំង​មិត្តភក្ដិ​ស្រី​ម្នាក់ និង​បុរស​ជា​ប្ដី​មិត្តភក្ដិ​នោះ​ម្នាក់​ទៀត ប៉ុណ្ណោះ ។

ក្រោយមក​ទើប​ធ្លាយ​រឿង​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​យក​គ្នា​ដោយ​មិន​បាន​រៀប​ការ ហើយ​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា និង​បាន​រស់នៅ​បែក​គ្នា គឺ​ប្រពន្ធ​រស់នៅ​ផ្សេង និង​ប្ដី​រស់នៅ​ផ្សេង​មួយរ​យៈមក​ហើយ ចំណែក​ប្ដី​ដោយសារ​ខឹង​ហៅ​ឲ្យ​ប្រពន្ធ​បើកទ្វារ​ឲ្យ មិន​ព្រម​បើក​ទើប​ចោទ​ថា​មាន​សហាយ​ប្ដឹង​នគរបាល​បង្ក​ការ​ភ្ញាក់ផ្អើល​បែប​នេះ​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​A៦២៤ ជាន់​ទី​៦ ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង ស្ថិត​នៅ​ខាងក្រោយ​អតីត​ឡឥដ្ឋ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ដែល​ប្ដឹង​នគរបាល​ចោទ​ប្រពន្ធ​ទាំង​គ្មាន​ការ​ពឹត ថា​លួចលាក់​មាន​សហាយស្មន់​នោះ​ឈ្មោះ យឹ​ម រិ​ទ្ធី អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​រដ្ឋបាល​ក្រុមហ៊ុន​មួយ និង​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​កំពង់បាយ ខេត្តកំពត ។ ដោយឡែក​នាង​ជា​ប្រពន្ធ​ឈ្មោះ ព​.​ច​.​ន អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ ជាមួយ​មិត្តភក្ដិ​ស្រី​របស់​នាង​ម្នាក់​ទៀត ។ នាង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្នាយ​ព្រឹម ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ នៅ​មុន​ពេល​កើតហេតុ បុរស​នោះ​បាន​ប្ដឹង​នគរបាល​ថា ប្រពន្ធ​របស់​ខ្លួន​បាន​នាំ​គ្នា​ប្រុស​សហាយ​ចូល​ដេក​នៅ​ក្នុងផ្ទះ​ជួល ហើយ​ខ្លួន​បាន​ទាន់​ជាក់ស្ដែង និង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។ លុះ​ពេល​កម្លាំង​ចុះ​ទៅ​ដល់​បាន​ស្រែកហៅ ទើប​ប្រពន្ធ​បើកទ្វារ ហើយ​គ្មាន​ប្រុស​សហាយ​នោះ​ឡើយ គឺ​មាន​តែ​នាង​ជា​ប្រពន្ធ រួម​ជាមួយ​មិត្តភក្ដិ​ស្រី​របស់​នាង ព្រមទាំង​ប្ដី និង​កូន​ៗ​របស់​មិត្តភក្ដិ​តែ​ប៉ុណ្ណោះ ហើយ​បុរស​នោះ​ខឹង​ប្រពន្ធ អត់​បើកទ្វារ​ឲ្យ​បែរជា ចោទ​ថា​មាន​សហាយ​ទៅ​វិញ ចំណែក​នាង​ជា​ប្រពន្ធ​ខ្លាច​ប្ដី​វាយ ទើប​ប្ដី​ហៅ​ឲ្យ​បើកទ្វារ​មិន​ព្រម​បើក ។

ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា នាង និង​ប្ដី​ខាងលើ​នេះ​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ គឺ​ស្រឡាញ់​គ្នា​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ រំលង​ប្រពៃណី អស់​រយៈពេល​៧​ឆ្នាំ​កន្លង​មក​ហើយ និង​បានកូន​ប្រុស​ម្នាក់​ដែល​ពេល​នេះ​មាន​អាយុ​៥​ឆ្នាំ​មក​ហើយ កាលពីមុន​ដំបូង​ការ​រស់នៅ​មានការ​ចុះសម្រុង​និង​គ្នា​ខ្លាំង​ណាស់ មិន​ដែល​ល្អក់កករ​នោះ​ទេ ទើបតែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​ប្ដី​ចេះ​តែ​រករឿង​បង្កទំនាស់​មិន​ឈប់​សោះ ។ មិនតែប៉ុណ្ណោះ​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​នាង​ជា​ញឹកញាប់ រហូត​ធ្វើ​ឲ្យ​នាង​មានការ​ភ័យ​ខ្លាច​ទៅ​ហើយ ដោយសារ​តែ​ភាព​រកាំរកូស​បែប​នេះ ទើប​នាង​មិន​ហ៊ាន​រស់នៅ​ជាមួយ​ប្ដី​ទេ នាង​បាន​ចាក​ចេញពី​ប្ដី​កាលពី​១​ខែ​មុន និង​មក​ស្នាក់​នៅ ជាមួយ​មិត្តភក្ដិ​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ ដោយ​មិត្តភក្ដិ​នាង​មាន​ប្ដី និង​កូន​ទៅ​ហើយ ម្យ៉ាងទៀត​នាង​ដេក​នៅ​ក្នុង​បន្ទប់​ជាន់​ឡៅតឿ ចំណែក​មិត្តភក្ដិ​នាង និង​ប្ដី​ព្រមទាំង​កូន​ៗ បាន​ដេក​នៅ​ខាងក្រោម​គឺ​ដាច់​ដោយឡែក​ពី​គ្នា ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា ថ្វី​ដ្បិតតែ​នៅ​ឆ្ងាយ​ពី​ប្ដី​ប៉ុន្តែ នាង​មិន​ដែល​មានចិត្ត​វៀចវេរ មាន​សហា​ស្មន់​ក្បត់ចិត្ត​ប្ដី​នោះ​ទេ សូ​ម្បី​តែ​គិត​ក៏​មិន​ដែល​ផង ប៉ុន្តែ​កន្លង​មក​ដោយសារ​តែ​ទ្រាំ និង​ការ​វាយដំច្រំធាក់​ពី​សំណាក់​ប្ដី​មិន​បាន​នោះ នាង​បាន​សុំ​ប្ដី​លែងលះ​គ្នា​តែ​ម្ដង ព្រោះ​នាង​មិនមែន​ជា​បាវ​សាក់​សម្រាប់​ឲ្យ​ប្ដី​វាយ​គ្រប់ពេល​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​សុំ​លែងលះ​ម្ដង​ៗ​ប្ដី​នាង​មិន​ព្រម​ជា​ដាច់ខាត ។ ដោយឡែក​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ចាក​ចេញពី​ប្ដី​មក​ស្នាក់​នៅ​ជាមួយ​មិត្តភក្ដិ ក៏​ប្ដី​តែងតែ​តាម​រករឿង​មិន​ឈប់​ដែរ និង​ចេះ​តែ​ចោទប្រកាន់​ថា​នាង​មាន​ប្រុស​សហាយ​រហូត លុះដល់​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​កើតហេតុ ខណៈ​នាង​កំពុង​ដេក​មិន ទាន់​ភ្ញាក់​នៅឡើយ ស្រាប់តែ​លោក​ប្ដី​បាន​ទៅ​គោះ​ទ្វារ និង​ស្រែកហៅ​យ៉ាង​ខ្លាំង​ឲ្យ​បើកទ្វារ ។ ពេល​នោះ​ដោយសារ​តែ​ខ្លាច​ប្ដី​វាយ​ធ្វើបាប​នាង​មិន​ហ៊ាន​បើកទ្វារ​នោះ​ទេ ហើយ​ក្រោយ​ពី​នាង​មិន​ព្រម​បើកទ្វារ​ប្ដី​នាង​បែរជា​ប្ដឹង​នគរបាល​ចោទប្រកាន់​ថា នាង​មាន​ប្រុស​សហាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​ទៅ​វិញ ។

បុរស​ជា​ប្ដី​បាន​និយាយ​ថា ខ្លួន​មាន​ប្រពន្ធ​មានកូន​រួច​ទៅ​ហើយ ប៉ុន្តែ​បាន​ស្រឡាញ់​ស្ត្រី​ខាងលើ​ធ្វើ​ជា​ប្រពន្ធចុង ដោយ​មិន​បាន​រៀប​ការ​និង​គ្នា​នោះ​ទេ គឺ​បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជីវភាព​ខ្វះខាត ខ្លួន​និង​ប្រពន្ធ​ក្រោយ​បាន​ផ្ញើ​កូនប្រុស​ឲ្យ​នៅ​ជាមួយ​ជីដូន បន្ទាប់​មក​បាន​នាំ​គ្នា​មក​ធ្វើការ​នៅ​ភ្នំពេញ ។ ពេល​នោះ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​រដ្ឋបាល​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ចំណែក​នាង​ជា​ប្រពន្ធ​បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​មុន​ដំបូង​បាន​ស្នាក់​នៅ​ក្រោម​ដំបូលផ្ទះ​ជួល​ជាមួយ​គ្នា​ទេ ប៉ុន្តែ​ក្រោយមក​មាន​ចេះ​តែ​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​កើតឡើង ទើប​ប្រពន្ធ​បាន​ចុះ​ទៅ​រស់នៅ​ជាមួយ​មិត្តភក្ដិ​របស់​នាង​វិញ ហើយ​ភាព​រកាំរកូស​នោះ​គឺ​ខ្លួន​សង្ស័យ​ថា​ប្រពន្ធ​លួចលាក់​មាន​សហាយ​ក្បត់ចិត្ត​ខ្លួន ។ មិនតែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​សង្ស័យ​ថា​មាន​សហាយ​ខ្លាំង​ឡើង​ថែម​ទៀត​នោះ គឺ​នៅ​ពេល​ដែល​នាង​លួច​ចុះ​ចោល​ខ្លួន លុះ​ពេល​តាម​រក​ឃើញ​ហៅ​ឲ្យ​បើកទ្វារ​មិន​ព្រម​បើក ទើប​ខ្លួន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​សង្ស័យ​ថា​នាង​កំពុង​ដេក​នៅ​ជាមួយ​ប្រុស​សហាយ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ បាន​ឲ្យ​អ្នក​ទាំង​ពីរ​ទៅ​ជួប​ដោះស្រាយ​គ្នា នៅ​សង្កាត់​ចោម​ចៅ​១ ហើយ​នៅ​ខណៈនោះ មុន​ដំបូង​បុរស​ជា​ប្ដី​បាន​ទាមទារ​យក​កូន​ទៅ​ចិញ្ចឹម និង​សុំ​ឲ្យ​នាង​ប្រពន្ធ​សងជំងឺចិត្ត ដោយ​ចោទ​ថា​នាង​មាន​សហាយ ប៉ុន្តែ​នាង​បាន​បដិសេធ មិន​ព្រម​សង និង​មិន​ឲ្យ​កូន​នោះ​ទេ ជា​ពិសេស​នាង​ប្រកែក​យ៉ាង​ខ្លាំង​ថា នាង​គ្មាន​ប្រុស​សហាយ​ដូច​ជា​ការ​ចោទប្រកាន់​នោះ​ឡើយ ។ ក្រោយ​ពី​ប្ដី​និយាយ​បែប​នេះ នាង​ជា​ប្រពន្ធ​បាន​សុំ​លែងលះ​គ្នា និង​សុំ​ឲ្យ​ប្ដី​ដោះ​លែង​នាង​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​នាង​មិន​អាច​ទ្រាំ​នូវ​អំពើ​ហិង្សា​ពី​សំណាក់​ប្ដី​បាន​ទេ ប៉ុន្តែ​នៅ​ពេល​ប្រពន្ធ​សុំ​លែង ស្រាប់តែ​លោក​ប្ដី​មិន​ព្រម​លែង​ដាច់ខាត និង​បាន​គំរាម​ប្រពន្ធ​ថា បើ​ហ៊ាន​តែ​លែងខ្លួន និង​តាម​ធ្វើបាប​មិន​ឲ្យ​សុខ​ទេ បន្ទាប់​មក​បុរស​នោះ​បាន​ចាកចេញ​ទៅ​បាត់ ។ ក្រោយ​ពី​ប្ដី​គំរាម​បែប​នាង​ជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ឈប់​ធ្វើការ​តទៅ​ទៀត​ហើយ និង​បាន​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ស្រុក​កំណើត​របស់​នាង​នៅ​ឯ​ស្រុក​ព្រះស្ដេច ខ​ត្ត​ព្រៃវែង​វិញ​ហើយ ដើម្បី​គេច​ចេញពី​កណ្ដាប់ដៃ​ប្ដី​ដែល​វាយ​ព្រឹក​វាយ​ល្ងាច​នោះ ៕

បុរស​ជា​ប្ដី​ដែល​ប្ដឹង​នគរបាល​ចោទ​ប្រពន្ធ​ទាំង​គ្មាន​ការ​ពឹត ថា​លួចលាក់​មាន​សហាយស្មន់​នោះ​ឈ្មោះ យឹ​ម រិ​ទ្ធី អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​រដ្ឋបាល​ក្រុមហ៊ុន​មួយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]