ចិន៖ Yang Li គឺជាក្មេងស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាត ចាប់តាំងពីនាងបានចាប់កំណើតមកម្ល៉េះ។ នាងត្រូវបានសមាជិកគ្រួសារ និងអ្នកជិតខាងចាត់ទុកថាជាក្មេងស្រីម្នាក់ដែលមានសំណាង  ព្រោះនាងកើតមកមានរូបសម្បត្តិស្រស់ស្អាតស្រាប់ដោយមិនចាំបាច់ចំណាយលុយកាក់ដើម្បីកែលម្អ រីឯកាយសម្បទានរបស់នាងក៏អំណោយផលដែរ។

ក៏ប៉ុន្តែនៅក្នុងខែតុលា ឆ្នាំ១៩៩៣ ជីវិតក្មេងស្រីម្នាក់ដែលធ្លាប់តែទទួលបានការសរសើរ និងភាពសប្បាយរីករាយជាមួយនឹងរូបសម្រស់ដ៏ស្រស់បំព្រង ហាក់ដូចជាត្រូវខ្ទេចខ្ទីរ ស្ទើរតែដល់ចំនុចសូន្យ ព្រោះថ្ងៃមួយ នៅពេលដែលនាងកំពុងប្រលែងគ្នាជាមួយនឹងមិត្តភក្តិរបស់នាងនៅក្នុងផ្ទះ នាងបានយកដៃប៉ះជាមួយនឹងខ្សែភ្លើងដែលមានចរន្តអគ្គិសនីខ្លាំង ដែលជាហេតុធ្វើឲ្យនាងជួបហេតុការណ៍ដ៏អាក្រក់បំផុតនៅក្នុងជីវិត។ 

រូបភាពរបស់ Yang Li

នៅក្នុងខណៈពេលដ៏ទុក្ខសោកមួយនោះ ឪពុកម្តាយរបស់នាង បាននាំនាងទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល ទាំងដែលក្នុងចិត្តគាត់ពោរពេញទៅដោយទុក្ខកង្វល់ខ្លាចបាត់បង់ជីវិតកូនស្រីដែលគាត់ស្រលាញ់ស្មើនឹងជីវិត។

បន្ទាប់ពីក្រុមគ្រូពេទ្យបានចំណាយពេលវេលាមួយសន្ទុះធំដើម្បីធ្វើការជួយសង្គ្រោះនាង ក្រុមគ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់នាងថា នាងអាចមានជីវិតរស់រានបានដូចធម្មតា ក៏ប៉ុន្តែដៃទាំងសងខាងរបស់នាងមានការប៉ះពាល់ខ្លាំង ហេតុដូចនេះហើយ ក្រុមគ្រូពេទ្យត្រូវធ្វើការកាត់ដៃទាំងសងខាងរបស់នាងចេញ។

ភ្លាមៗនោះបេះដូងរបស់ឪពុកម្តាយ Yang Li ហាក់ដូចជាត្រូវគេយកកាំបិតរាប់រយមកចាក់ទម្លុះអ៊ីចឹង ព្រោះកូនស្រីដែលលោកស្រលាញ់ស្មើនឹងកែវភ្នែក ត្រូវក្លាយជាក្មេងស្រីពិការដៃទាំងសងខាង ទាំងដែលនាងមានអាយុទើបតែ ៣ឆ្នាំប៉ុណ្ណោះ។ តែទោះជាលោកមានការសោកស្តាយខ្លាំងយ៉ាងណាក្តី លោកត្រូវតែធ្វើការសម្រេចចិត្តមួយដើម្បីជួយសង្គ្រោះជីវិតកូនស្រីលោក។ 

រូបភាពរបស់ Yang Li
រូបភាពរបស់ Yang Li

បន្ទាប់ពីដៃទាំងសងខាងរបស់ Yang Li ត្រូវបានគ្រូពេទ្យកាត់រួចរាល់ហើយ ជីវិតរបស់ Yang Li ត្រូវប្រែប្រួលស្ទើរតែទាំងស្រុង ពីក្មេងស្រីម្នាក់ដែលពោរពេញទៅដោយការស្រលាញ់រាប់អានពីមិត្តភក្តិ និងអ្នកជិតខាង ត្រូវប្រែក្លាយជាក្មេងស្រីម្នាក់ដែលឯកា ព្រោះតែមនុស្សនៅជុំវិញខ្លួនរបស់នាងបានគិតថា នាងគឺជាក្មេងស្រីម្នាក់ដែលមិនល្អគ្រប់គ្រាន់ ព្រោះតែនាងមិនអាចធ្វើការអ្វីបានដូចមនុស្សធម្មតាបានឡើយ និយាយដោយខ្លី គេចាត់ទុកនាងជាមនុស្សពិការដែលមិនអាចធ្វើអ្វីបាន។

បន្ទាប់ពីនាងបានស្តាប់ឮនូវពាក្យពេចន៍តិះដៀលយ៉ាងធ្ងន់ៗទាំងអស់នោះហើយ នាងពិតជាមានចិត្តខឹងសម្បាខ្លាំងណាស់ រហូតដល់នាងបានប្តេជ្ញាចិត្តថា នាងត្រូវតែខិតខំប្រឹងប្រែងតស៊ូ ដើម្បីបង្ហាញទៅមនុស្សទាំងអស់នោះថា ទោះបីជានាងជាមនុស្សពិការដៃទាំងសងខាងក៏ពិតមែន ក៏ប៉ុន្តែនាងអាចធ្វើអ្វីៗបានច្រើនជាងពួកគេទៅទៀត។ 

រូបភាពរបស់ Yang Li

នៅក្នុងដំណាក់កាលដំបូង គ្រួសាររបស់ Yang Li មានចិត្តអាណិតអាសូរនាងខ្លាំងណាស់ នៅពេលដែលឃើញនាងប្រឹងប្រែងតស៊ូបែបនេះ។ នៅពេលដែលឃើញសមាជិកគ្រួសារនាងអាណិតអាសូរនាង Yang Li បានខិតខំប្រឹងប្រែងរឹតតែខ្លាំងជាងមុន ដើម្បីបង្ហាញប្រាប់សមាជិកគ្រួសារ ក៏ដូចជាមនុស្សគ្រប់គ្នាថា នាងរឹងមាំគ្រប់គ្រាន់ជាងអ្វីដែលពួកគេបានគិត។

ក្រោយពីនាងបានខិតខំតស៊ូជំនះឧបសគ្គដ៏លំបាកនេះបានហើយ នាងបានឈានជើងចូលសិក្សា រហូតដល់ឆ្នាំ២០០៧ នាងបានបញ្ចប់ថ្នាក់សាកលវិទ្យាល័យ នៅសាកលវិទ្យាល័យ Anhui Agricultural University នៅក្នុងខេត្ត Anhui នៃប្រទេសចិន ដោយនាងទទួលបានពិន្ទុ ៥១៤។ 

នៅពេលដែលនាងបានបញ្ចប់ការសិក្សាហើយ នាងបានទទួលការងារមួយជា បុគ្គលិកការិយាល័យ ដែលទទួលបានប្រាក់កម្រៃមួយខ្ពស់សមរម្យ។

រូបភាពរបស់ Yang Li

ក្រោយពីនាងទទួលបានជោគជ័យនេះហើយ នាងបានផលិតវីដេអូមួយដើម្បីធ្វើការពញ្ញាក់អារម្មណ៍ ក៏ដូចជាលើកទឹកចិត្តដល់ជនពិការដូចជារូបនាង។ ហើយអ្វីដែលនាងចង់បង្ហាញមួយទៀតនោះគឺ នាងចង់ប្រាប់ទៅកាន់មនុស្សគ្រប់គ្នាថា ឥឡូវនាងអាចធ្វើបាននូវការងារជាច្រើនដែលមនុស្សមានកាយសម្បទានគ្រប់គ្រាន់មិនអាចធ្វើបាន។ គ្រាន់តែវីដេអូរបស់នាងបង្ហោះចូលទៅក្នុង យូធូប ភ្លាម ចំនួនអ្នកចូលមើលគឺរហូតដល់ ៩០០ ០០០ ដងឯណោះ៕

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់អំពីការតស៊ូរបស់នាង តោះតាមដានទស្សនាវីដេអូរបស់នាងទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]