ជាការពិតណាស់បើយើងនិយាយពីផ្លែឪឡឹកនរណាក៏ស្គាល់វាដែរ ហើយថែមទាំងចូលចិត្តញុំាទៀតផង។ មិនត្រឹមតែប៉ុណ្ណោះផ្លែឪឡឹកវាជួយដល់សុខភាពសរសៃឈាមបេះដូង និងជួយបំបាត់ការស្រេកទឹកបានផងដែរ។

ម្យ៉ាងវិញទៀតផ្លែឪឡឹកគឺវាមានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែអ្វីដែលជាការពេញនិយមបំផុតនោះគឺឪឡឹកដែលមានពណ៌ក្រហម។ ដោយឡែកយើងទាំងអស់គ្នាក៏មានចម្ងល់ដែរថាហេតុអ្វីបានជាមនុស្សជាច្រើនមិនជ្រើសរើសយកឪឡឹកពណ៌លឿងមកញុំា? ហើយតើវាមានអ្វីខុសគ្នាទៅបើគ្រាន់តែពណ៌របស់វានោះ? ដូច្នេះយើងនឹងវែកញែកចម្ងល់នេះទាំងអស់គ្នា និងសម្រេចចិត្តថា តើគួរជ្រើសយកពណ៌មួយណាមកទទួលទាន?

តើគួរជ្រើសយកពណ៌មួយណាមកទទួលទាន?

#ឪឡឹកសាច់ក្រហម

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ និងដឹងហើយថាឪឡឹកដែលមានពណ៌ក្រហមនៅខាងក្នុងវាមានរសជាតិផ្អែមឆ្ងាញ់។ ម្យ៉ាងទៀតនោះវាមានវីតាមីនដូចជាវីតាមីនA, វីតាមីនB6 និងវីតាមីនC ចំណែកឯពណ៌ក្រហមនោះត្រូវបានគេនិយាយថាវាបានមកពីសារធាតុលីកូប៉ែន ដែលមាននៅក្នុងផ្លែឈើ (ពណ៌ក្រហម)។ ចំណែកឯអត្ថប្រយោជន៍របស់វាវិញនោះគឺបានឲ្យដឹងថា នៅក្នុងទឹកឪឡឹកពីរពែងមានផ្ទុកសារធាតុលីកូប៉ែនរហូតដល់២០មីលីក្រាម ដែលវាជួយឲ្យសុខភាពបេះដូងល្អ ហើយនឹងជួយការពារពីមហារីកក្រពេញប្រូស្តាត និងបញ្ហាឆ្អឹងផងដែរ។ ហើយថែមទាំងមានផ្ទុកអាមីណូអាស៊ីតពីរយ៉ាងដែលល្អបំផុតសម្រាប់លំហូរឈាម និងដំណើរការឈាមរត់ល្អ និងថែមទាំងជួយដល់សុខភាពសរសៃឈាមបេះដូងទៀតផង។

ឪឡឹកសាច់ក្រហម

#ឪឡឹកសាច់លឿង

ចំណែកឯឪឡឹកពណ៌លឿងនេះវិញ វាពុំមានការពេញនិយមសម្រាប់មនុស្សគ្រប់គ្នាប៉ុន្មានទេ បើធៀបទៅនឹងឪឡឹកពណ៌ក្រហម ពីព្រោះវាមិនមានលក់ច្រើនដូចជាពណ៌ក្រហម។  ឪឡឹកពណ៌លឿងវាក៏មានរសជាតិផ្អែមឆ្ងាញ់មិនខុសអ្វីពីឪឡឹកពណ៌ក្រហមដែរ ហើយវាថែមទាំងមានប្រយោជន៍ដល់សុខភាពទៀតផង។

ដូចនេះឪឡឹកពណ៌លឿងនេះវាក៏មានផ្ទុកនៅវីតាមីន A ,​ វីតាមីនC និងមានសារធាតុរ៉ែដូចជាម៉ាញ៉េស្យូម, ដែក, ប៉ូតាស្យូម, ផូស្វ័រ និងកាល់ស្យូម ហើយនៅពេលដែលសារធាតុទាំងអស់នេះបញ្ចូលគ្នាវាអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ។ ម្យ៉ាងទៀតឪឡឹកលឿងវាខ្វះសារធាតុលីកូប៉ែន ប៉ុន្តែវាអាចជួយដល់សុខភាពបេះដូងរបស់អ្នកបានផងដែរ។ 

ឪឡឹកសាច់លឿង

ចំណំ៖ ផ្លែឪឡឹកទាំងពីរនេះវាជាប្រភេទផ្លែឈើដែលមានជាតិទឹកច្រើនស្ទើរតែ ៩២% នៃផ្លែឈើដែលសំបូរជាតិទឹកផ្សេងទៀត។ ដូចនេះឪឡឹកទាំងពីរប្រភេទនេះវាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រក្សាសំណើមជាតិទឹកក្នុងខ្លួន ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់់ក្តៅ៕

ឪឡូវនេះតើអ្នកគិតថានឹងជ្រើសរើសមួយណាទៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]