រាជធានីភ្នំពេញ ៖ លោករ៉ូ ប៊ីនណៃ ជាមេធាវីការពារក្ដីឱ្យកញ្ញានី មុនីនាថ លើបណ្ដឹងឆបោកពីអតីតគូដណ្ដឹងលោកអ៊ឹង សូឡាង រំពឹងថា កូនក្ដីរបស់លោកនឹងឈ្នះក្ដី ។ តុលាការកោះហៅនី មុនីនាថ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ ខែវិច្ឆិកា ២០១៧ ។
លោកមេធាវីអះអាងដូច្នេះ ដោយសារលោកមានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់បានថា កូនក្ដីខ្លួនមិនបានឆបោកដូចការចោទប្រកាន់ពីអតីតគូដណ្ដឹងរបស់នាងលោកអ៊ឹង សូឡាង នោះទេ។ មេធារីអះអាងថា«កូនក្ដីរបស់ខ្ញុំមានតែរងភាពអាម៉ាស់ និងក្លាយជាមេម៉ាយខាន់ស្លាទៅវិញចំពោះបណ្ដឹងនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាកេរ្តិ៍ឈ្មោះនៅក្នុងសង្គម »។
ចំពោះពាក្យបណ្ដឹងពីលោកអ៊ឹង សូឡាង ដែលប្ដឹងទាមទារសំណងពីកូនក្ដីរបស់លោករហូតដល់១២ម៉ឺនដុល្លារនោះ លោកមេធាវីថាគឺជារឿងមួយមិនអាចទៅរួច ។ លោកមេធាវីរ៉ូ ប៊ីនណៃ ទទួលស្គាល់ថារយៈពេល៤ឆ្នាំក្នុងនាមជាគូដណ្ដឹងពិតជាមានការផ្ដល់ឱ្យគ្នាតិចតួចរឿងលុយកាក់ តែមិនដល់ថ្នាក់ជាង១២ម៉ឺនដុល្លារដូចការចោទ និងដាក់ពាក្យប្ដឹងទេ ។ លោកមានជំនឿលើតុលាការថានឹងផ្ដល់យុត្តិធម៌ជូនកូនក្ដីរបស់ខ្លួន ហើយប្រសិនបើតុលាការសម្រេចឱ្យកូនក្ដីលោកឈ្នះពិតមែន លោកនឹងប្ដឹងបកទៅកាន់អតីតគូដណ្ដឹងនាងវិញពីបទធ្វើឱ្យប៉ះពាល់ និងខូចកេរ្តិ៍ឈ្មោះកូនក្ដីរបស់ខ្លួន ។
កញ្ញានី មុនីនាថ ត្រូវចៅក្រមឈ្មោះអ៊ុក សុវណ្ណារិទ្ធ ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើករណីប្តឹងពីអតីតគូដណ្តឹងលោក អ៊ឹង សូឡាង ។ លោកអ៊ឹង សូឡាង បានប្តឹងទាមទារសំណងសរុបចំនួន១២ម៉ឺនដុល្លារ ពីកញ្ញានី មុនីនាថ ក្នុងនោះលោកបានទាមទារឲ្យ នី មុនីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]