ថៃ៖ ថ្មីៗនេះ រដ្ឋាភិបាលថៃ បានប្រមូលផលិតផលគ្រឿងសម្អាងធ្វើឲ្យស្បែកសចំនួន ៥០ប្រភេទផ្សេងគ្នាមកត្រួតពិនិត្យ ហើយក៏បានរកឃើញថា គ្រឿងសម្អាងទាំងនោះ មានផ្ទុកសារធាតុបារត ដែលជាសារធាតុត្រូវបានហាមឃាត់។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយសារព័ត៌មានកូកូណាត់បាងកករបស់ថៃ។

គ្រឿងសម្អាងទាំង៥០ប្រភេទ រួមទាំងឡេលាបខ្លួន និងម្ស៉ៅផាត់ដែរនោះ ត្រូវបានយកទៅត្រួតពិនិត្យនៅឯមន្ទីរពិសោធន៍ ហើយក៏បានរកឃើញថា មានផ្ទុកសារធាតុបារត ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាមួយចំនួនដូចជា ជំងឺតម្រង់នោម ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធដង្ហើម ជាដើម និងអាស្រ័យទៅតាមពេលវេលាដែលប្រើប្រាស់។

រូបភាពតំណាង

លោកវេជ្ជបណ្ឌិត Sukhum Kanchanapimai ដែលជាអគ្គនាយកនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលបានប្រកាសថា គ្រឿងសម្អាងទាំងនោះ មានផ្ទុកសារធាតុបារត ចាប់ពី ០.០៣៥ ទៅ ៣.៩៥៩ ភាគរយឯណោះ។

គួរបញ្ជាក់ថា ប្រទេសនេះបានហាមឃាត់សារធាតុបារត មិនឲ្យយកមកផលិតគ្រឿងសម្អាងជាយូរណាស់មកហើយ ក៏ដោយសារតែសារធាតុនេះ វាអាចបង្កឲ្យមានហានិភ័យជាច្រើនដល់អ្នកប្រើប្រាស់ តាមរយៈការដកដង្ហើមចូលក្នុងរាងកាយ ឬការជ្រាបចូលតាមស្បែក រហូតធ្វើឲ្យពួកវាប្រមូលផ្តុំពេញក្នុងរាងកាយតែម្តង។ វាអាចធ្វើឲ្យប៉ះពាល់ដល់ ថ្លើម តម្រង់នោម កង្វះឈាមក្រហម មេរោគផ្លូវបង្ហូរទឹកនោម ញ័រ និងការផ្លាស់ប្តូរអារម្មណ៍ផ្សេងៗដូចជា ឆាប់ប្រែប្រួលអារម្មណ៍ ឆាប់ខឹង ឆាប់ភ័យ និងអសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកដទៃជាដើម។

រូបភាពតំណាង

លោកវេជ្ជបណ្ឌិត Sukhum ក៏បានណែនាំអ្នកប្រើប្រាស់ទាំងអស់ ឲ្យជ្រើសរើសផលិតផលដែលមានម៉ាកសញ្ញាគួរឲ្យទុកចិត្ត ហើយគួរប្រុងប្រយ័ត្នខ្ពស់ លើផលិតផលដែលដាក់លក់តាមប្រព័ន្ធអនឡាញ ព្រោះវាងាយប្រឈមនឹងផលិតផលក្លែងក្លាយ ឬផលិតផលដែលប្រើសារធាតុគីមីខ្ពស់។

ដូច្នេះសូមអ្នកប្រើប្រាស់គ្រឿងសម្អាងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នៅថ្ងៃក្រោយ៕

រូបភាពតំណាង

ប្រភព៖ កូកូណាត់បាងកក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]