រាជធានីភ្មំពេញ ៖ លោកញ៉ិល សាវរីយ៍ហៅVJបី គឺជាតារាសម្ដែង អ្នកកំប្លែង និងជាVJនៅស្ថានីយទូរទស្សន៍MY TV ។ លោកបានចូលប្រឡូកក្នុងពិភពសិល្បៈអស់ រយៈពេលជាង៧ឆ្នាំ មកហើយ តែអ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងស្គាល់លោកច្រើននោះ គឺការថតស្ប៉ពាណិជ្ជកម្មស្រោម អនាម័យលោកជួយ ។

ចាប់តាំងពីពេលនោះមក លោកបីចាប់ផ្ដើមមានឈ្មោះបោះសំឡេង និងត្រូវគេទាក់ទងឱ្យទៅចូលរួមសម្ដែងជាបន្តបន្ទាប់ ហើយសព្វថ្ងៃនេះស្ទើរតែគ្មានពេលសម្រាកទេ ។ ការមានឈ្មោះបោះសំឡេងសព្វថ្ងៃនេះ លោកសាវរីយ៍ទទួលស្គាល់ថា ដោយសាររូបលោកថតស្ប៉តពាណិជ្ជកម្ម ស្រោមអនាម័យលោកជួយ កាលពីឆ្នាំ២០០៥ ដែលជាស្នាដៃដំបូងរបស់លោក ។ លោកស្ទើរតែមិនជឿទេថា លោកអាចមានមុខនៅក្នុងពិភពសិល្បៈព្រោះតែ រូបលោកមិនមែនជាបុរសសង្ហាទេ ហើយក៏មិនមានបងប្អូន ជីដូនជីតាជាអ្នកសិល្បៈដែរ ។

លោកសាវរីយ៍និយាយថា សិល្បៈគឺជាសេចក្ដីប្រាថ្នារបស់លោកតាំងពីតូចមក ។ ដោយសារតែចិត្តស្រឡាញ់សិល្បៈខ្លាំងបែបនេះហើយ លោកក៏រកវិធីគ្រប់យ៉ាងដើម្បីឱ្យ បានចូលប្រឡូកក្នុងពិភពសិល្បៈ ។ ពីដំបូងលោកសម្រេចចិត្តទៅសិក្សា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកល្ខោននិយាយ ។ បន្ទាប់ពីសិក្សាអស់រយៈពេល២ឆ្នាំ លោកសាវរីយ៍ក៏ត្រូវណែនាំឱ្យថតស្ប៉តពាណិជ្ជកម្ម ស្រោមអនាម័យលោកជួយ ។ បន្ទាប់ពីស្ប៉តនេះចេញផ្សាយរួចមក លោកត្រូវគេទាក់ទងឱ្យថតខ្សែភាពយន្តជាបន្តបន្ទាប់ ។ នៅឆ្នាំ២០០៦លោកបានចេញទៅសម្ដែងនៅប្រទេសបារាំងជាមួយនឹងក្រុមការងាររបស់លោកផ្នែកល្ខោននិយាយ ។ បន្ទាប់ពីត្រលប់មកពីប្រទេសបារាំងវិញ លោកមានឱកាសធ្វើជាតារាកំប្លែងក្នុងឈុតខ្លីៗឱ្យ ស្ថានីយទូរទស្សន៍បាយ័ន និងស្ថានីយទូរទស្សន៍CTNជាដើម ។

នៅឆ្នាំ២០០៨លោកសាវរីយ៍ក្លាយ ជាតារាសម្ដែងនៅស្ថានីយទូរទស្សន៍MYTV ក្នុងកម្មវិធីពិភពក្រឡាប់ចាក់ ហើយមានឈ្មោះបោះសំឡេង ក្នុងពិភពសិល្បៈកាន់តែខ្លាំងឡើង ។ លោកត្រូវបានគេទាក់ទងឱ្យថតរឿងភាគជាច្រើនផងដែរ  តែរូបលោកមិនបានសម្ដែងជាតួធំដុំទេ ភាគច្រើនគឺសម្ដែងជាតួកំប្លែងប៉ុណ្ណោះ ។ ក្រៅពីនេះលោកសុវណ្ណរិទ្ធី ហៅលោកតាវិចទ័រទាក់ទងឱ្យលោកធ្វើជាតារាសម្ដែងនៅកម្មវិធីតន្ត្រីMY TV ជាមួយសមាជិក៤នាក់ទៀត និងធ្វើជាVJ នៅស្ថានីយទូរទស្សន៍MY TV ។

ទាំងនេះគឺជាភាពជោគជ័យរបស់លោក ហើយលោកសាវរីយ៍ផ្ដាំទៅយុវជនយុវនារីទាំងអស់ថា បើសិនជាជួបភាពបរាជ័យអ្វីមួយនោះត្រូវចាត់ទុកថា នេះជាបទពិសោធន៍ និងមេរៀនសម្រាប់ជីវិត ហើយត្រូវតែក្រោកឈរដើម្បីតស៊ូទៅមុខទៀត ឱ្យសម្រេចនូវគោលដៅរបស់ខ្លួន ព្រោះការព្យាយាមគង់តែបានសម្រេច ។ 
លោកញិុល សាវរីយ៍ ប្រាប់ពីគោលបំណងរបស់លោកទៅថ្ងៃអនាគតថា លោកចង់ប្រកបអាជីពសិល្បៈអស់មួយជីវិត ព្រោះសិល្បៈអាចធ្វើឱ្យលោកមានអារម្មណ៍សប្បាយរីករាយ ។ ទោះបីជារូបលោកមានទុក្ខអ្វីក៏ដោយ ឱ្យតែលោកសម្ដែងសិល្បៈគឺចាប់ផ្ដើមមានអារម្មណ៍ល្អ និងសប្បាយចិត្តឡើងវិញ ។

ក្រៅពីសិល្បៈលោកសាវរីយ៍ មានបំណងចង់បើកភោជនីយដ្ឋានមួយ ។ លោកញ៉ិល សាវរីយ៍ មានស្រុកកំណើតនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ លោកមានម្ដាយឈ្មោះស្ដើង ភឿន អាយុ៥២ឆ្នាំ ឪពុកឈ្មោះញិុល ឈឿន អាយុ៥៨ឆ្នាំ និងមានបងប្អូនចំនួន៥នាក់ក្នុងនោះរូបលោកជាកូនទី៣ ។គោលគំនិតដ៏ល្អមួយរបស់លោកញិុល សាវ
រីយ៍ គឺលោកចង់ផ្ដល់ចំណេះជំនាញ សិល្បៈរបស់លោកទៅអ្នកជំនាន់ក្រោយ ហើយប្រាថ្នាឃើញពួកគេមាន ជីវិតភ្លឺស្វាងដោយអាជីពសិល្បៈ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]