ផ្សិត (Mushroom) ត្រូវបានគេស្រាវជ្រាវរកឃើញថាសម្បូរទៅដោយសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភជាច្រើនដែលជំនួយសុខភាពរាងកាយ និងអាចមានលទ្ធភាពការពារ ព្យាបាលពីជំងឺផ្សេងៗជាច្រើនមុខ។ តែគួរឱ្យសោកស្តាយដែលមានមនុស្សមួយចំនួនមិនសូវជាចូលចិត្តទទួលទាន និងរសជាតិរបស់ផ្សិតនោះឡើយ តែការពិតអ្នកក៏អាចបង្កើនរសជាតិវាដោយបន្ថែមវាលាយនៅក្នុងមុខម្ហូបផ្សេងៗក៏បានដែរ។

ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់បែបនេះ យើងសូមបង្វែរអារម្មណ៍មិត្តអ្នកអានមកចំណាយពេលមកមើលពីអត្ថប្រយោជន៍ធំៗចម្បងរបស់វាដូចខាងក្រោមម្តង ជឿជាក់ថាអ្នកប្រាកដជាប្តូរចិត្តចង់ទទួលទានវាវិញជាក់ជាមិនខាន៖  

ផ្សិត (Mushroom) ត្រូវបានគេស្រាវជ្រាវរកឃើញថាសម្បូរទៅដោយសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភជាច្រើនដែលជំនួយសុខភាពរាងកាយ

# ជួយដល់ការសម្រកទម្ងន់

ផ្សិតត្រូវបានគេស្រាវជ្រាវឃើញថាសម្បូរទៅដោយអាហារូបត្ថម្ភសម្រាប់ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងគ្មានជាតិកាឡូរីដែលធ្វើឱ្យធាត់ថែមទៀតផង។ ការយកផ្សិតធ្វើជាអាហារទទួលទានជាប្រចាំអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែការយកចំអិនដោយការចៀន ឬឆា អ្នកគួរតែប្រយ័ត្នផងដែរ ព្រោះតែផ្សិតអាចស្រូបយកជាតិខ្លាញ់បានលឿនជាងម្ហូបដទៃ ដូច្នេះការយកប្រេងធម្មជាតិមកចំអិនដូចជាប្រេងដូង ប្រេងអូលីវ និងប្រេងមានប្រយោជន៍ផ្សេងទៀតទើបជាការប្រសើរ។

# ជំនួយសក់ ក្រចក និងស្បែក

ជាតិសេលេញ៉ូម (Selenium) នៅក្នុងផ្សិតអាចជំនួយសក់ និងក្រចកដុះលូតលាស់ល្អ មិនងាយបាក់ផុយស្រួយ ជាពិសេសនោះធ្វើឱ្យអ្នកមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ និងស្បែកទន់ភ្លឺរលោងពីខាងក្នុងថែមទៀតផង។ បន្ថែមពីលើនេះ ផ្សិតថែមទាំងជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាប្រក្រតីថែមទៀតផង។

# សម្រាប់អ្នកដែលចង់មានផ្ទៃពោះ

នៅក្នុងផ្សិត សម្បូរទៅដោយជាតិសង្កសី, សេលេញ៉ូម(Selenium) និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជំនួយដល់សុខភាពទូទៅ ជាពិសេសធ្វើឱ្យមេជីវិតកាន់តែរឹងមាំសម្រាប់ការបង្កកំណើតបានផងដែរ។ ការទទួលទានផ្សិតជាប្រចាំអាចជំនួយសុខភាពដល់ បុរស និងស្ត្រីដែលចង់មានផ្ទៃពោះឆាប់រហ័ស។   

ផ្សិតអាចជំនួយដល់ការសម្រកទម្ងន់ ​ជំនួយក្រចក សក់ឱ្យរឹងមាំ និងធ្វើឱ្យស្បែកស្រស់ស្អាត

# បង្កើនប្រព័ន្ធភាពស៊ាំ

ការទទួលទានផ្សិតជាប្រចាំអាចជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យកាន់តែរឹងមាំ ជួយការពារអ្នកពីជំងឺឆ្លងផ្សេងៗជាពិសេសមេរោគផ្តាសាយតែម្តង។ មិនតែប៉ុណ្ណោះថែមទាំងអាចប្រឆាំង និងកាត់បន្ថយការឈឺចាប់នឹងការរលាកផ្សេងៗ ដូចជារលាកឆ្អឹង និងសន្លាក់ជាដើម។

# ជំនួយសុខភាពឆ្អឹង និងធ្មេញ

វីតាមីន D នៅក្នងផ្សិតអាចជួយស្រូបទាញយកជាតិកាល់ស្យូមពីចំណីអាហារផ្សេងៗបានយ៉ាងល្អ ដែលអាចជួយដល់សុខភាពឆ្អឹង និងធ្មេញឱ្យកាន់តែរឹងមាំ។ ដើម្បីជំនួយឱ្យការស្រូបយកជាតិកាល់ស្យូមបានកាន់តែល្អ អ្នកគួរតែយកផ្សិតទៅហាលក្រោមកម្តៅថ្ងៃប្រមាណជា ៣០ ទៅ៦០នាទីជាមុនសិន មុននឹងយកផ្សិតនោះមកចំអិនជាម្ហូបអាហារផ្សេងៗ។

# ជំនួយសុខភាពក្រពះ-ពោះវៀន

ជាតិកាកសសៃរលាយ (Soluble Fiber) ដែលមាននៅក្នុងផ្សិតអាចជួយប្រមូលផ្តុំបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន អាចជំនួយដល់ប្រព័ន្ធរំលាយអាហារ ធ្វើឱ្យពោះវៀនដំណើរការល្អ បំបាត់អាការអស់កម្លាំង និងការពារការឡើងទម្ងន់បានថែមទៀតផង។ អ្វីដែលពិសេសនោះផ្សិតថែមទាំងជំនួយសុខភាពដល់អ្នកដែលកើតជំងឺទឹកនោមផ្អែម និងជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉លដែលមិនល្អនៅក្នុងរាងកាយបានយ៉ាងប្រសើរ។

# ជាឱសថព្យាបាលបែបបុរាណ

នៅក្នុងប្រទេសចិន ផ្សិតបានក្លាយជារូបមន្តម្យ៉ាងដែលផ្សំជាមួយថ្នាំរុក្ខជាតិជាច្រើនមុខ និងអាចយកធ្វើជាតែដើម្បីជំនួយសុខភាពផ្សេងៗទៀតផង។ នៅក្នុងនោះដែរការទទួលទានផ្សិតជាប្រចាំក៏អាចជំនួយដល់ប្រព័ន្ធភាពស៊ាំដែលមានលទ្ធភាពអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគទៅកាន់សួត និងជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ត្រលប់មកសភាពប្រក្រតីធម្មតាឡើងវិញផងដែរ។  

ផ្សិតថែមទាំងអាចជំនួយប្រព័ន្ធភាពស់ាំឱ្យកាន់តែរឹងមាំ ការពារពិជំងឺផ្សេងៗ

# ជួយកាត់បន្ថយកម្រិតជាតិស្ករ និងកូឡេស្តឺរ៉ល

ជាតិកាកសសៃហ្វៃបឺ ( Unique Fiber) នៅក្នុងផ្សិតអាចជួយធ្វើឱ្យជាតិស្ករនៅក្នុងឈាម និងកម្រិតកូឡេស្តឺរ៉លមិនល្អថយចុះ ហើយថែមទាំងអាចជួយបង្កើនជាតិកូឡេស្តឺរ៉លល្អៗសម្រាប់រាងកាយស្ទើរតែមិនគួរឱ្យជឿ។

# សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងផ្សិតត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់ ដែលអាចមានសមត្ថភាពការពារកោសិការបស់អ្នកពីជំងឺផ្សេងៗ និងការខូចខាតដោយសាររ៉ាឌីកាល់សេរីជាដើម។ មិនតែប៉ុណ្ណោះផ្សិតថែមទាំងអាចប្រឆាំងនឹងភាពចាស់ និងអាចទប់ស្កាត់ហានិភ័យនៃជំងឺមហារីកកាចសាហាវបានផងដែរ។

# ជំនួយថាមពល

សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាហារូបត្ថម្ភជំនួយសុខភាពរាងកាយនៅក្នុងផ្សិតអាចជួយធ្វើឱ្យអ្នកមានកម្លាំងកំហែង សម្បូរថាមពល ថែមទាំងអាចកាត់បន្ថយអាការហេវហាត់អស់កម្លាំងយ៉ាងមានប្រសិទ្ធភាព។

# ជំនួសសាច់សត្វ

សម្រាប់អ្នកដែលទទួលទានអាហារបួស ឬចង់តមសាច់សម្រាប់សម្រកទម្ងន់ អ្នកក៏អាចបន្ថែមផ្សិតនៅក្នុងមុខម្ហូបរបស់អ្នកជំនួសសាច់សត្វ ព្រោះតែផ្សិតត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមបំប៉នរាងកាយជាច្រើនដូចជាសាច់សត្វផងដែរ។ 

ផ្សិតអាចជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉លមិនល្អ ​ជំនួយថាមពលថែមទៀតផង

ចំណាំ៖ ដោយសារតែផ្សិតស្រូបជាតិខ្លាញ់បានលឿន និងជោគជាំជាងអាហារដទៃទៀត ដូច្នេះនៅក្នុងមុខម្ហូប ឆា ចៀន បំពង អ្នកគួរតែជ្រើសរើសប្រេងដែលល្អសម្រាប់សុខភាពដូចជាប្រេងអូលីវ ប្រេងដូង ឬក៏អាចកាត់បន្ថយបរិមាណប្រេងនៅក្នុងការចំអិនម្ហូបអាហារក៏បានដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]