អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។

រូបតំណាង

ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។

បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។

ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគន្លងបន្តិចបន្តួច ក៏អាចបណ្តាលឲ្យមានគ្រោះមហន្តរាយ ដ៏ធំសម្បើមបានផងដែរ។ 

រូបតំណាង

គួរឲ្យដឹងទៀតថា ផ្កាយព្រះគ្រោះមួយនេះ ត្រូវបានគេរំពឹងថានឹងហោះកាត់ ភពផែនដីរបស់យើងនៅ ថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ២០២៩ ខាងមុខ ដូចដែលការអះអាងខាងលើ នៅរយៈចម្ងាយ មិនក្រោម ១៨ ០០០ ម៉ាយ ស្មើ ២៩ ៤៥០ គីឡូម៉ែត្រ ដែលជាចម្ងាយដ៏ជិតមួយក្នុងកំណត់ត្រា។

កន្លងមកធ្លាប់មានការអះអាងពីសំណាក់ អ្នកទ្រឹស្តីវិទូ គ្រិស្តសាសនិកមួយរូប គឺលោក David Meade អះអាងថាផែនដីនឹងត្រូវរលាយសាបសូន្យ ក្នុងកំឡុងពេលមួយ នៅចន្លោះរយៈពេល ៧ឆ្នាំ រាប់គិតពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៧នេះតទៅ ដែល​វាជាហេតុបណ្តាលមកពីអណ្តាតភ្លើងដ៏ចម្លែករបស់ព្រះអាទិត្យ សង្រ្គាម​អាវុធនុយក្លេអ៊ែរ រញ្ជួយផែនដី និងបន្ទុះភ្នំភ្លើង ក៏ដូចជាការវាយប្រហារនៃរលកយក្សស៊ូណាមិ ។ 

កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ របស់កូរ៉េ ខាងជើង

ស្រដៀងគ្នានេះដែរ បិតារូបវិទ្យា ក្នុងប្រវត្តិសាស្រ្ត គឺលោក អុីសាក់ ញូវតុនធ្លាប់បានទស្សន៍ទាយថា ពិភពលោកយើងកំពុងដើរកៀករកថ្ងៃបញ្ចប់មួយ ដែលគិតទៅ គឺនៅឆ្នាំ ២០៦០ ខាងមុខនេះតែម្តង ជាពេលដែលមនុស្សជាតិទាំងអស់នៅលើផែនដី នឹងត្រូវវិនាសសាបសូន្យ។ នេះបើផ្អែកតាមការគន់គូររបស់លោក ផ្អែកតាមអត្ថបទមួយសន្លឹកនៃព្រះគម្ពីសាសនាគ្រិស្ត (Bible)៕ 

បិតារូបវិទ្យា លោក អុីសាក់ ញូវតុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]