ថៃ៖ យុវជនវ័យជំទង់ជនជាតិថៃម្នាក់ បានធ្វើឲ្យម្តាយរបស់ខ្លួនមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រែកទួញយំមុខគេឯង ក្រោយបានឃើញសម្រស់ ដ៏ស្រស់ស្អាតរបស់កូនប្រុស ត្រូវបានផ្លាស់ប្តូរជាថ្មី ចំណាំសឹងមិនស្គាល់ បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួច។

Noppajit Monlin អាយុ២២ឆ្នាំ ត្រូវបានគេស្គាល់ថា ជាកម្មកររោងចក្រម្នាក់ តែងតែមានក្តីស្រមៃ ចង់ធ្វើការវះកាត់កែសម្ផស្ស ផ្លាស់ប្តូរមុខមាត់ដ៏សែនអាក្រក់របស់ខ្លួន ជាពិសេស ចង់វះកាត់កែថ្កាមវៀចតែម្តង។ ព្រោះថាបច្ចុប្បន្ន Noppajit ពិបាកយ៉ាងខ្លាំង ក្នុងការទំពារញ៉ាំអាហារ។

ដោយសារតែ ភាពអៀនខ្មាសរូបសម្រស់មិនស្រស់សង្ហា និងខ្លាចត្រូវគេរើសអើងផងនោះ ទើបជារឿយៗយុវជនរូបនេះ តែងមានគម្លាតឃ្លាតឆ្ងាយពីមិត្តភក្តិរួមការងារ។ សូម្បីតែម៉ោងសម្រាកពីការងារ ក៏រូបគេសុខចិត្តគេចមុខ ពួនទៅញ៉ាំអាហារថ្ងៃត្រង់តែម្នាក់ឯងផងដែរ។

រូបភាព៖ កាលមិនទាន់កែសម្ផស្សរបស់លោក Noppajit

ថ្ងៃមួយសំណាងក៏មកដល់ បន្ទាប់ពី Noppajit បានចូលរួមលេងនៅក្នុងកម្មវិធីសម្រស់ របស់ទូរទស្សន៍ថៃមួយដែលមានឈ្មោះថា «Let Me In Thailand» ហើយទីបំផុតរូបគេ ក៏ត្រូវបានជ្រើសរើសជាបេក្ខភាពម្នាក់ ធ្វើដំណើរទៅវះកាត់កែសម្ផស្សនៅ ប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាក្តីសុបិនដ៏ធំធេងបំផុតមួយរបស់ Noppajit ធ្លាប់គេងស្រមៃជាយូរណាស់មកហើយ ក្នុងជីវិតរបស់គេ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា Noppajit បានធ្វើការវះកាត់កែសម្ផស្សត្រង់បរិវេណរួមមាន ឆ្អឹងថ្កាមដែលវៀច ថ្ងាស និងវះកាត់ត្របកភ្នែក។ បន្ថែមលើនេះ ក៏មានការចាក់ Botox ចូលទៅក្នុងក្រពេញទឹកមាត់ ដើម្បីការពារកុំឲ្យហៀរទឹកមាត់ខ្លាំង នោះក៏ដោយសារតែ Noppajit មានថ្កាមវៀច។ ក្រៅពីនេះ ក៏មានការព្យាបាលផ្នែកផ្សេងៗទៀតនៅលើស្បែក រួមទាំងកម្ចាត់ចោលនូវស្នាមជាំ និងស្នាមអុចខ្មៅ លើផ្ទៃមុខរបស់ Noppajit ផងដែរ។ រហូតទីបំផុត Noppajit ក៏បានក្លាយខ្លួនទៅជាមនុស្សថ្មីម្នាក់ទៀត យ៉ាងស្រស់សង្ហាសឹងតែមើលមិនស្គាល់តែម្តង។

អស់រយៈពេល៣ខែ ក្នុងការវះកាត់និងថែទាំសម្ផស្ស ទីបំផុត Noppajit ក៏បានត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ហើយក៏ត្រូវបានខាងកម្មវិធី រៀបចំឲ្យមានការណាត់ជួប ដ៏ភ្ញាក់ផ្អើលមួយជាលើកដំបូង ជាមួយនឹងម្តាយរបស់គេ ក្រោយបែកគ្នាអស់ជាច្រើនខែកន្លងមក នៅអាហារដ្ឋានមួយកន្លែងក្នុងទីក្រុង។

ដោយក្នុងនោះ ខាងកម្មវិធីរៀបចំឲ្យម្តាយរបស់ Noppajit អង្គុយញ៉ាំអាហារនៅតុមួយតែម្នាក់ឯង ខណៈឯ Noppajit វិញ អង្គុយញ៉ាំអាហារនៅតុមួយផ្សេងទៀត ទល់មុខនឹងម្តាយរបស់គេ ធ្វើព្រងើយមិនដឹងខ្លួន ដើម្បីចង់ដឹងថា តើម្តាយរបស់គេអាចចំណាំគេបានឬអត់។ ប៉ុន្តែផ្ទុយទៅវិញ ម្តាយរបស់ Noppajit ហាក់មិនចំណាំឬស្គាល់ កូនប្រុសរបស់ខ្លួនឡើយ។

គ្រានោះខាងក្រុមការងារកម្មវិធី បានឲ្យម្តាយ Noppajit សម្តែងពីអារម្មណ៍ពិត ដែលមានចំពោះកូនប្រុស ហើយគាត់ក៏បាននិយាយរៀបរាប់ ទាំងទឹកភ្នែករហាមនៅចំពោះមុខកាម៉េរាថា «ខ្ញុំពិតជានឹកគេណាស់ រហូតដល់ខ្ញុំធ្វើការងារអីក៏មិនកើតដែរ» ។ រំពេចនោះក៏ស្រាប់តែ លេចមុខ Noppajit ងើបចេញពីកៅអី ដើរសំដៅទៅរកម្តាយរបស់គេ ដែលកំពុងតែអង្គុយបង្ហូរទឹកភ្នែកតែម្តង។

Noppajit និយាយថា «ម៉ាក់ចំណាំខ្ញុំបានទេ? មើលមកកូនមកម៉ាក់!»

«តើឯងឬ? ពិតជាឯងមែនឬ Noppajit» ម៉ាក់របស់ Noppajit សួរ។

នៅពេលដែល Noppajit ប្រាប់ម្តាយរបស់គេពីការពិត កាន់តែធ្វើឲ្យម្តាយគាត់ស្រែកយំកាន់តែខ្លាំងឡើងៗ ជាមួយនឹងក្តីរំភើប និងការនឹកអាឡោះអាល័យតែម្តង។

Noppajit បានថ្លែងនៅក្នុងជំនួបកិច្ចសម្ភាសន៍នោះថា ពេលនេះជីវិតរបស់គាត់បានផ្លាស់ប្តូរជាថ្មីហើយ ជាពិសេសនៅក្នុងបរិបទសង្គមតែម្តង។ គាត់ក៏មានមិត្តភក្តិ និងមនុស្សជាច្រើននៅក្បែរគាត់ ខុសប្លែកពីលើកមុនផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ជាងនេះទៅទៀតនោះ Noppajit បានសារភាពទាំងឥតលាក់លៀមថា បើទោះបីជាពេលនេះ សម្ផស្សរបស់លោកបានផ្លាស់ប្តូរយ៉ាងណាក្តី ប៉ុន្តែបេះដូងរបស់លោកមិនផ្លាស់ប្តូរឡើយ។ ព្រោះលោកគឺពិតជាស្រលាញ់ នារីម្នាក់ឈ្មោះថា Tob (ប្រុសកែភេទទៅជាស្រី) អាយុ២៦ឆ្នាំជាខ្លាំង ដែលរូបលោកបានស្គាល់នាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងថែមទាំងបានធ្លាប់ណាត់ជួបមុខ ស្គាល់ចិត្តគ្នាអស់រយៈពេល៣ឆ្នាំកន្លងមកផងដែរ។

Noppajit បន្ថែមចុងក្រោយថា «ថ្វីត្បិតតែនាងមិនមែនជានារីពេញលក្ខណក៏ពិតមែន ប៉ុន្តែនាងគឺជានារីម្នាក់ ដែលតែងតែនៅក្បែរខ្ញុំ មើលថែខ្ញុំគ្រប់ពេលវេលា ទាំងមិនគិតពីរូបសម្បត្តិ និងរូបសម្ផស្សដ៏អាក្រក់របស់ខ្ញុំឡើយ។ នាងគឺជានារីតែម្នាក់គត់ ដែលមានបេះដូងស្មោះ. ស និងល្អបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនធ្លាប់បានជួបពីមុនមក»

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាព លោក Noppajit ក្រោយវះកាត់កែសម្ផស្សរួច
រូបភាព លោក Noppajit ក្រោយវះកាត់កែសម្ផស្សរួច
រូបភាព លោក Noppajit និងគូស្នេហ៍ឈ្មោះ Tob

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]