បរទេស៖ ខ្សែកត្រូវបានគេចាត់ទុកថាជាប្រភេទគ្រឿងអលង្ការ ដែលគេតែងតែនិយមប្រើប្រាស់ដើម្បីធ្វើជាសម្ភារតុបតែងខ្លួនឲ្យកាន់តែមានភាពស្រស់ស្អាត និងសាកសមជាមួយនឹងតម្លៃ និងឋានៈនៃអ្នកប្រើប្រាស់។

ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ អ្នករចនាម៉ូតតែងតែខិតខំប្រឹងប្រែងប្រើប្រាស់ភាពច្នៃប្រឌិតយ៉ាងណា ដើម្បីឲ្យខ្សែកដែលចម្រាញ់ចេញមកមានភាពប្រណីត  និងមានរចនាបថខុសប្លែកពីគេ និយាយដោយខ្លីគឺ មានតែមួយនៅលើលោកតែម្តង។ 

ជាក់ស្តែងដូចជាខ្សែកទាំង១០ម៉ូតនេះអញ្ចឹង វាមានប្រណីតភាពខ្ពស់ ហើយក៏មានតម្លៃថ្លៃសាកសមជាមួយនឹងសារធាតុដែលបានប្រើប្រាស់ដើម្បីផលិតវាមែនទែន។ ដើម្បីឲ្យប្រិយមិត្តបានដឹងកាន់តែច្បាស់អំពីសោភ័ណភាព និងតម្លៃរបស់វា។

តោះតាមដានទស្សនាទាំងអស់គ្នា៖

១០. The “Marie Antoinette” Necklace មានតម្លៃ ៣.៧ លានដុល្លារអាមេរិក

ឈ្មោះខ្សែកមួយខ្សែនេះគឺបានយកឈ្មោះរបស់ម្ចាស់ក្សត្រីយរបស់បារាំងមកដាក់តែម្តង Marie Antoinette។ ខ្សែកមួយនេះត្រូវបានរចនាឡើងដោយមានការប្រើប្រាស់ ពេជ្រពណ៌លឿងដែលជាប្រភេទពេជ្រកម្រចំនួនពីរគ្រាប់ ដាំនៅត្រង់ចំណុចកណ្តាលនៃខ្សែក ដែលមួយគ្រាប់មានទំហំ ៧.០៦ ការ៉ាត់។ រីឯមួយគ្រាប់ទៀតមានទំហំ ៥.២៤ ការ៉ាត់ ហើយក៏មានការប្រើប្រាស់ពេជ្រពណ៌ផ្កាឈូកមួយគ្រាប់ទៀតដែលមានចំនួន ១.៨៤ ការ៉ាត់ ផងដែរ។ លើសពីនេះទៅទៀតនោះ អ្នករចនាក៏បានប្រើប្រាស់ពេជ្រតូចៗសរុប ១៨១.១ ការ៉ាត់ ដាំជុំវិញខ្សែក ហើយគាត់ក៏បានប្រើប្រាស់ពេជ្រមួយគ្រាប់ធំដើម្បីធ្វើជាបណ្តោង ដែលមានទំហំ ៨.០៥ ការ៉ាត់។

រូបភាពរបស់ខ្សែក

៩. Christie’s Diamond Pendant មានតម្លៃ ៤.៨ លានដុល្លារអាមេរិក

ខ្សែកមួយនេះត្រូវបានរចនាឡើងដោយបានប្រើប្រាស់មាសពណ៌សមកធ្វើជាខ្សែ ហើយទាក់ភ្ជាប់គ្នាជាមួយនឹងបណ្តោងពេជ្ររាងដូចផ្លៃសារី ដែលមានទំហំ ៤៧.៤៩ ការ៉ាត់។ ខ្សែកមួយខ្សែនេះហាក់ដូចជាសាមញ្ញ ក៏ប៉ុន្តែ វាមានភាពស្រស់ស្អាតខ្លាំងណាស់។

រូបភាពរបស់ខ្សែក

៨. The “Red Scarlet” មានតម្លៃ ៥.១ លានដុល្លារអាមេរិក

ចំនុចដែលធ្វើឲ្យខ្សែកមួយនេះមានតម្លៃថ្លៃនោះគឺ វាត្រូវបានរចនាឡើងដោយការប្រើប្រាស់ត្បូងកណ្តៀងពណ៌ឈាមជ្រូកថ្លាដែលយកមកពីប្រទេសមីយ៉ាន់ម៉ា ចំនួន ២៦គ្រាប់ ដែលមានទំហំ ១.២៧ ទៅ ៥.៣៨ ការ៉ាត់ មកតម្រៀបជាជួរ។ គ្រប់ត្បូងកណ្តៀងពណ៌ឈាមជ្រូកថ្លា ត្រូវបានអមដោយត្បូងពេជ្រពណ៌សយ៉ាងស្រស់ស្អាត។ ចំណែកឯខ្សែរបស់វាវិញគឺត្រូវបានប្រើប្រាស់មាសពណ៌ស  ១៨ការ៉ាត់ ដើម្បីឲ្យខ្សែកមួយខ្សែនេះកាន់តែមានភាពស្រស់ស្អាត និងមានតម្លៃ។

រូបភាពរបស់ខ្សែក

៧. The “Mrs. Winston” មានតម្លៃ ៥.៨ លានដុល្លារអាមេរិក

ដើម្បីឲ្យខ្សែកមួយនេះមានភាពស្រស់ស្អាត និងប្លែកពីគេ អ្នករចនាបានយកពេជ្រពណ៌សដែលល្អបំផុតទំហំ ១៨៧.៥ ការ៉ាត់ មកបំពាក់លើវា។ អ្វីដែលកាន់តែពិសេសនិងអស្ចារ្យបំផុតនោះគឺ មួយតួខ្លួននៃខ្សែកមួយនេះ គឺត្រូវបង្កើតឡើយដោយការប្រើប្រាស់ពេជ្រសុទ្ធតែម្តង។ 

រូបភាពរបស់ខ្សែក

៦. Elcetera’s Burmese Ruby Necklace មានតម្លៃ ៦.៤ លានដុល្លារអាមេរិក

អ្នករចនាបានប្រើប្រាស់ពេជ្រពណ៌ឈាមជ្រូកថ្លាដែលយកមកពីប្រទេសមីយ៉ាន់ម៉ាចំនួន ៣០ គ្រាប់ ដែលមានទំហំ ៨៧.៧៨ ការ៉ាត់ មកច្នៃឲ្យចេញជារូបរាងដូចផ្លែសារី និងរាងពងក្រពើ។ ចំនុចដែលកាន់តែមានភាពទាក់ទាញបំផុតនោះគឺ អ្នករចនាបានតម្រៀបពេជ្រទាំងអស់នោះយ៉ាងប្រទាក់ក្រឡាគ្នា ឲ្យចេញជារូបរាងដូចទឹករលកអញ្ចឹង ដែលមើលទៅគឺសាកសមជាមួយនឹងប្រណិតភាព និងតម្លៃរបស់វាខ្លាំងណាស់។

រូបភាពរបស់ខ្សែក

៥. Christie’s Diamond Necklace មានតម្លៃ ៨.១៤ លានដុល្លារអាមេរិក

ដើម្បីបង្កើតនូវសោភ័ណភាព ក៏ដូចជាប្រណិតភាពខ្ពស់នៃខ្សែកនេះ អ្នករចនាបានប្រើប្រាស់ពេជ្រពណ៌សដែលមានគុណភាពខ្ពស់ ហើយមានភាពភ្លឺថ្លាខ្លាំង ចំនួន ៥២ គ្រាប់ ដែលមានទំហំ ១០៤.៨៤ ការ៉ាត់ មកតម្រៀបគ្នាជារង្វង់ប្រទាក់ក្រឡាគ្នាយ៉ាងស្រស់ស្អាត។

រូបភាពរបស់ខ្សែក

៤. Leviev’s Vivid Yellow Diamond Pendant មានតម្លៃ ១០ លានដុល្លារអាមេរិក

ខ្សែកមួយនេះគឺត្រូវបានរចនាឡើងដោយការប្រើប្រាស់ពេជ្រពណ៌លឿងដែលមានពន្លឺចែងចាំងខ្លាំងទំហំ ៧៧.១២ ការ៉ាត់ ហើយអមជាមួយនឹងការប្រើប្រាស់ពេជ្រពណ៌ស ដើម្បីធ្វើជាខ្សែនៃខ្សែកដែលមានភាពស្រស់ស្អាតមួយខ្សែនេះ។

រូបភាពរបស់ខ្សែក

៣. The “Heart of the Kingdom” មានតម្លៃ ១៤ លានដុល្លារអាមេរិក

អ្នករចនាបានប្រើប្រាស់ពេជ្រពណ៌សសរុបអស់ ១៥៥ ការ៉ាត់ មកច្នៃឲ្យចេញជារូបរាងផ្លែសារី ហើយតម្រៀបគ្នាជារង្វង់យ៉ាងស្រស់ស្អាត។ ដើម្បីបន្ថែមនូវសោភ័ណភាពឲ្យខ្សែកមួយខ្សែនេះរឹតតែមានប្រណីតភាពខ្ពស់ អ្នករចនាបានប្រើប្រាស់ត្បូងកណ្តៀងពណ៌ឈាមជ្រូកថ្លា ដែលមានទំហំ ៤០.៦៣ ការ៉ាត់មួយតែឯង មកធ្វើជាបណ្តោងខ្សែកមួយនេះ។

រូបភាពរបស់ខ្សែក

២. The “Heart of the Ocean” មានតម្លៃ ២០ លានដុល្លារអាមេរិក

អ្នករចនាម៉ូតខ្សែកមួយនេះ គឺបានយកលំនាំនៃការរចនាតាមម៉ូតខ្សែកដែល កញ្ញា Rose ពាក់នៅក្នុងរឿង ទីតានិច (Titanic)។ ចំនុចពិសេសនៃខ្សែកមួយខ្សែនេះគឺ នៅត្រង់បណ្តោងរបស់វាគឺបានកែច្នែត្បូងពណ៌ខៀវ ឲ្យចេញជារូបរាងបេះដូង។ ម្យ៉ាងវិញទៀត នៅជុំវិញបណ្តោង គឺមានការប្រើប្រាស់ពេជ្រពណ៌សដើម្បីអម។ រីឯខ្សែរបស់វាវិញ គឺត្រូវបានប្រើប្រាស់មាសពណ៌សសុទ្ធតែម្តង។

រូបភាពរបស់ខ្សែក

១. The “Incomparable” Diamond Necklace មានតម្លៃ ៥៥ លានដុល្លារអាមេរិក

អ្នករចនាម៉ូតខ្សែកមួយនេះបានប្រើប្រាស់ពេជ្រពណ៌ត្នោតទំហំ ៤០៧.៤៨ ការ៉ាត់ ដែលមានប្រណិតភាពល្អឥតខ្ចោះមកធ្វើជាបណ្តោង។ ដើម្បីបន្ថែមនូវសោភ័ណ្ឌភាពឲ្យកាន់តែស្រស់ស្អាត អ្នករចនាបានប្រើប្រាស់ពេជ្រពណ៌សចំនួន ៩១គ្រាប់ ដែលស្រោបដោយមាសពណ៌ផ្កាកូឡាប។ ខ្សែកមួយខ្សែនេះ ពិតជាមានភាពភ្លឺរលោងខ្លាំង និងភាពស្រស់ស្អាតខ្លាំង ដែលសាកសមជាមួយនឹងតម្លៃរបស់វាមែនទែន។

រូបភាពរបស់ខ្សែក

ដើម្បីឲ្យកាន់តែជ្រាបអំពីសោភ័ណភាពនៃម៉ូតខ្សែកទាំង១០នោះ តោះទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]