អាមេរិក៖ តើលោកអ្នកជឿថាមានខ្មោចដែរឬទេ? បុរសម្នាក់មកពីទីក្រុង ញូវយ៉ក បានចែករំលែកនូវបទពិសោធន៍ដ៏ចម្លែកព្រឺព្រួច ទាក់ទិននឹងវិញ្ញាណវិលវល់របស់ក្មេងប្រុសម្នាក់ តាមលងបន្លាចលោក យ៉ាងគួរឲ្យភ័យរន្ធត់បះសក់។ នេះបើយោងតាម សារព័ត៌មាន ដេលីម៉េល ចុះផ្សាយថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។ 

លោក Adam Ellis

លោក Adam Ellis បានឲ្យដឹងថា ការលងបន្លាចនេះ គឺជានិច្ចកាល ស្របពេលដែលខ្លួនកំពុងលង់លក់យល់សុបិន ថាមានក្មេងប្រុសម្នាក់ មានក្បាលផតគួរឲ្យចម្លែក មានឈ្មោះ Dear David ដែលព្រលឹងរបស់គេតែងតែវិលវល់ តាមមកបៀតបៀនរូបលោក ឥតឈប់ឈរ បង្កប់នូវភាពចម្លែកអាថ៌កំបាំង។

រូបខ្មោចកូនក្មេង ដែលលោកបានគូរ

ស្រាប់តែថ្ងៃមួយ លោកបានជួបក្មេងនោះដោយផ្ទាល់ គឺដូចគ្នាទៅនឹងវិញ្ញាណរបស់ក្មេងប្រុសចម្លែកដែលលោកជួបក្នុងសុបិនបេះដាក់។ Adam បានឲ្យដឹងថា វាកំពុងអង្គុយលើកៅអី ទាំងនេត្រាទាំងគូសម្លឹងមិនដាក់ភ្នែក ជាពេលដែលលោកទទួលអារម្មណ៍ថាកម្រើកខ្លួនមិនបាន។ វិញ្ញាណរបស់វា បានសំដៅមកយ៉ាងសន្សឹមៗ ខណៈពេល Adam បានជំនះ ទាំងភ័យរន្ធត់ផងនោះ ក៏បានទាញយកទូរសព្ទដៃដែលដាក់នៅក្បែរខ្លួន មកថតទុកគ្រាន់ជាភស្តុតាងក្នុងស្ថានភាពងងឹត។

ក្រោកពីដំណេកកាលណា លោក Adam បានឆែកមើលរូបភាពក្នុងទូរសព្ទដៃ ហើយទីបំផុតទើបដឹងហើយថា អ្វីដែលខ្លួនបានជួបប្រទះ គឺជាការពិតមែន។

រូបខ្មោច ដែល Adam បានបង្ហោះក្នុងបណ្តាញសង្គម Twitter មិនដឹងពិត ឬយ៉ាងណា

ចម្លែកជាងហ្នឹងទៅទៀត ស្រាប់តែមានហេតុការណ៍ផ្សេងៗគ្នាបានកើតឡើងជាបន្តបន្ទាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺវាជាប់ពាក់ព័ន្ធនឹងវិញ្ញាណរបស់ Dear David ដដែល។

ស្រាប់តែថ្ងៃមួយ លោក Adam បានចេញពីផ្ទះ បំណងទៅធ្វើការដូចរាល់ដង ដោយបានឆ្លងកាត់ឃ្លាំងដាក់អីវ៉ាន់មួយកន្លែង ដែលត្រូវបានគេបោះបង់ចោលជាយូរ និងជាកន្លែងដែលខ្មោចក្មេងប្រុស Dear David ធ្លាប់បានពន្យល់លោកក្នុងសុបិន។ ឃ្លាំងមួយនោះ ត្រូវបានសង្កេតឃើញថា ទទេស្អាត ឃើញមានទ្វារបង្អួចត្រូវបានបើកចំហ ពាំនាំនូវពន្លឺថ្ងៃចូលចែងចាំង។ តែយ៉ាងណាមានរបស់ម៉្យាងគួរឲ្យចម្លែក នោះគឺរថយន្តមួយគ្រឿង ដែលគេប្រើសម្រាប់ដឹកសព។

ឡានដឹកសព

រឿងដោយឡែកផ្សេងទៀត បានកើតឡើងនាពេលរាត្រីតែម្តង អាចចាំបាននៅវេលាម៉ោង ១១ អាធ្រាត ដែលសត្វឆ្មាពីរក្បាល ដែលលោកចិញ្ចឹម កំពុងសម្លឹងមើលអ្វីមួយព្រមគ្នា ហាក់ដូចមាននរណាម្នាក់កំពុងឈរលើដំបូលផ្ទះអុីចឹង ហើយបើលោកស្មានមិនខុសនោះ គឺជាព្រលឹងរបស់ខ្មោច Dear David។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Adam បានសម្រេចចិត្តធ្វើដំណើរទៅប្រទេស​ជប៉ុន ប្រមាណពីរសប្តាហ៍ ក្នុងក្តីរំពឹងថាបានធូរស្បើយ ពីការលងបន្លាចរបស់ខ្មោច។ នៅថ្ងៃចុងក្រោយ នៃដំណើរកម្សាន្តរបស់លោក Adam បានទាញទូរសព្ទ ថតរូបភាពរូបសំណាកក្នុងសួនច្បារមួយកន្លែង។ មួយរំពេចនោះ ទូរសព្ទរបស់លោកស្ទើរជ្រុះមក​លើដី ព្រោះវាដូចបេះបិទទៅនឹងខ្មោចក្មេងប្រុស Dear David ។ តែយ៉ាងណា Adam គិតថាខ្លួនកំពុងគិតជ្រុលហួសហេតុក៏ថាបាន។  

រូបសំណាក ស្ថិតនៅប្រទេសជប៉ុន
រូបសំណាក ស្ថិតនៅប្រទេសជប៉ុន

មកដល់លំនៅដ្ឋានវិញ មិនបានប៉ុន្មានផង Adam ត្រូវខ្មោចស្រីម្នាក់បានពន្យល់សប្តិថា វិញ្ញាណនោះឈ្មោះ Dear David ដូចដែលបានបញ្ជាក់ខាងលើ តែងតែចេញបន្លាច នាពេលយប់កណ្តាលអាធ្រាត។ លោក Adam ថែមទាំងបានបានសួរដេញដោល ខ្មោចក្មេងប្រុសផ្ទាល់ក្នុងសុបិន ដែលមូលហេតុនៃការស្លាប់របស់គេ បណ្តាលមកពីគ្រោះថ្នាក់មួយ កើតឡើងក្នុងហាងទំនិញមួយកន្លែង ដោយមិនបញ្ជាក់ឈ្មោះ។ Adam បានស្រាវជ្រាវរកក្មេងប្រុសទាំងឡាយបានស្លាប់ក្នុងហាងទំនិញដូចដែលបានរៀបរាប់ប៉ុន្តែ​ពុំបានរកឃើញដូចការអះអាងនោះទេ។

គួរឲ្យដឹងថា រឿងរ៉ាវដែលកើតឡើងចំពោះលោក Adam Ellis ត្រូវបានគេនាំគ្នាចែក​ចាយ​ពាសពេញបណ្តាញសង្គម Twitter ជាការពិត ឬយ៉ាងណា ពុំមាននរណាម្នាក់បានដឹងនោះទេ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]