កណ្តាល ៖ ស្រ្តីម្នាក់ ត្រូវបានព្រះសង្ឃបរាជិកមួយព្រះអង្គ ចាប់រំលោភរហូតទាល់តែមានកូន៦ខែ ហើយមិនទទួលខុសត្រូវ ថែមទាំងបានគំរាមសម្លាប់ស្រ្តី រងគ្រោះ ទៀត ប្រសិនបើហ៊ានប្តឹងអាជ្ញាធរ ដែលធ្វើឲ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្ត កើតក្តីក្រហាយជាខ្លាំង ហើយមិនអាចធ្វើអ្វីព្រះអង្គបាន ដោយសារមានខ្នងកា្រស់។

កញ្ញា ម.ច.ន ដែលជានារីរងគ្រោះ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា ព្រះសង្ឃ ព្រះនាម សំ សារឿន បានចាប់រំលោភខ្លួន អស់យៈពេល៤ឆ្នាំមកហើយ ដោយសរុបមកដល់ពេលនេះបានចំនួន១០ដង ដោយពុំមានអ្នកណាម្នាក់ហ៊ានធ្វើអ្វីព្រះសង្ឃបានទេ ព្រោះសង្ឃនេះអាងមានខ្សែធំ។

បន្ទាប់ពីកើតករណីនេះភ្លាមមក ខ្លួនមិនបានប្តឹងទៅអាជ្ញាធរមូលដ្ឋានទេ ដោយសង្ឃនេះបានគំរាមសម្លាប់ បើសិនគាត់ហ៊ានប្រាប់ទៅគេផ្សេង ឬក៏ធ្វើការប្តឹងអាជ្ញាធរ មានសមត្ថកិច្ច។

នារីរងគ្រោះបានរំលឹកពីអតីតកាលថា កាលពីអំឡុងឆ្នាំ២០០៨ ខ្លួនបានទៅស្រោចទឹក ដើម្បីរំដោះគ្រោះនៅវត្តមួយ ស្ថិតនៅក្នុង រាជធានីភ្នំពេញ ដោយល្បីថា ព្រះសង្ឃ មានយុទ្ធសិស្ស៍ខ្លាំងពូកែ ប៉ុន្តែពេលដែលខ្លួនបានទៅជាលើកដំបូងនោះ ព្រះសង្ឃបានដាក់ដៃនៅលើស្មា ហើយក៏មានអារម្មណ៍ថា ត្រូវ ស្នេហ៍បាត់ទៅហើយ ដោយចេះតែមានអារម្មណ៍រវើរវាយ នឹកឃើញតែមុខរបស់ព្រះសង្ឃ បាត់មុខមិនបាន។ ថ្ងៃក្រោយមកទៀត ខ្លួនក៏បានទៅស្រោចម្តងទៀត មិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ ហើយក៏ទៅស្រោចជាធម្មតា ប៉ុន្តែទៅលើកទី៣នោះ ស្រាប់តែព្រះសង្ឃ សំ សារឿន បានចាប់អូសដៃនាងចូលទៅក្នុងកុដិ ហើយក៏ធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង ដោយពុំមានអ្នកណាម្នាក់មកជួយទាន់ទេ។

បន្ទាប់ពីបានកើតហេតុអាក្រក់នេះមក សង្ឃអង្គនេះ ក៏បានធ្វើការផ្លាស់ប្តូរចេញពីវត្តខាងលើ ទៅគង់នៅវត្តមង្គលវណ្ណារាម ហៅវត្ត ព្រែកជីក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាលវិញ ប៉ុន្តែព្រះសង្ឃអង្គនេះ នៅតែធ្វើការទាក់ទងមកខ្លួនជារៀងរហូត ហើយមកដល់ពេលបច្ចុប្បន្ន ក៏ធ្វើសកម្មភាពចាប់រំលោភជាហូរហែ ធ្វើឲ្យនាងមាន កូននៅក្នុងពោះ៦ខែ ដោយបានធ្វើការសន្យាថា ខ្លួននឹងធានាខុសត្រូវ និងសឹកដើម្បីមករៀបការ ប៉ុន្តែនេះគ្រាន់តែជាការសន្យា មិនអាចយកជាការបានទេ។

ចាប់តាំងពីពេលនោះមក លោកសង្ឃចេះតែគេចវេះ ហើយបានគំរាមសម្លាប់បើហ៊ានប្តឹង ដោយសារអត់ទ្រាំមិនបាន ខ្លួនក៏បានយកកូនចេញ ហើយបានប្តឹងទៅមេភូមិ ឃុំ ស្រុក អនុគណស្រុក មេគណខេត្តទៀត ប៉ុន្តែនៅមិនអាចចាត់វិធានការណ៍បានទៀត ព្រោះសង្ឃអង្គនេះមានខ្សែធំ។

ជនរងគ្រោះបានបន្ថែមថា ប៉ុន្តែក្នុងអំឡុងពេលដាក់ពាក្យបណ្តឹងនោះ ខាងអនុគណស្រុក បានធ្វើការជួបប្រជុំហើយ ក៏បានហៅលោកនោះមកជួបចំនួនពីរដង លើក ចុងក្រោយក៏ធ្វើលិខិតជាលាយលក្ខណ៍អក្សរថា នឹងបណ្តេញសង្ឃនេះចេញពីវត្ត ហើយសង្ឃ សំ សារឿន ក៏បានធ្វើលិខិតថា ខ្លួននឹងចេញដោយមានការចុះ ហត្ថលេខាត្រឹមត្រូវ។ ប៉ុន្តែកន្លងមកបានមួយថ្ងៃ លោកសង្ឃនេះ ក៏មកគង់នៅក្នុងវត្តនេះដដែល ដោយអះអាងថា ខាងក្រសួងធម្មការ និងសាសនា ជាអ្នកអនុញ្ញាតឲ្យ មកគង់ (ស្នាក់នៅ)វិញ។

ទាក់ទងទៅនឹងបញ្ហានេះដែរ លោក កែវ ធុញ ហៅអាចារ្យលាភ ដែលជាអាចារ្យ នៅក្នុងវត្តមង្គលវណ្ណារាម ហៅវត្តព្រែកជីកនេះ បានឲ្យដឹងថា អធិករណ៍ (ជម្លោះ) ដែលបានកើតមានឡើងនៅក្នុងវត្តព្រែកជីកនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០ ក្នុងពេលនោះ នៅពេលមានបុណ្យក្នុងវត្ត លោកក៏បានទៅកុដិ ហើយឃើញនាង នៅក្នុងកុដិ ក៏បានផ្ទុះករណីនេះតែម្តង នាងក៏បានមកពឹងពាក់លោកតាជួយដែរ ហើយក៏បានធ្វើការប្តឹងផ្តល់ មានការហៅលោកសង្ឃអង្គនេះ ទៅដោះស្រាយដែរ ប៉ុន្តែមិនបានលទ្ធផលទេ ដោយលោកសង្ឃនេះ បានធ្វើលិខិតថា នឹងចេញពីវត្ត ប៉ុន្តែនៅតែចូលមកទៀត។

លោកតាអាចារ្យបញ្ជាក់ថា ”ខាងគេបានទាក់ទងទៅអ្នកធំៗថ្នាក់លើ ក៏បានចូលមកនៅក្នុងវត្តនេះដូចដើមវិញ ហើយមេគណខេត្ត ក៏បានចេញបញ្ជាជាលាយលក្ខណ៍ អក្សរជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយលោកសង្ឃ សំ សារឿន ថានឹងយល់ព្រមចេញ ប៉ុន្តែមិនបានប៉ុន្មានផងក៏ចូលមកវិញទៀត”។

លោក ពេញ អឿន ជាគណៈកម្មការវត្តព្រែកជីក បាននិយាយថា ព្រះសង្ឃ បានចូលទៅគង់នៅក្នុងវត្តនេះតាំងពីឆ្នាំ២០០៨មកម្លេះ ហើយតាំងពីពេលនោះមក ក្នុងវត្ត តែងតែកើតមានរឿងរ៉ាវជាញឹកញាប់ ហើយជាពិសេសបានបង្កើតបក្សពួកផ្សេងគ្នា ដោយម្ខាងកាន់ជើងខាងលោកសង្ឃ សំ សារឿន ហើយរូបលោក ក៏នៅបក្សផ្សេង ដែរ។

លោកបន្តថា "មានភាពរកាំរកូសនៅក្នុងវត្ត បានកើតមានឡើងជា ហូរហែមិនចេះចប់មិនចេះហើយ តែងតែកើតមានឡើងជាបន្តបន្ទាប់ ហើយចៅអធិការអង្គនេះ អត់ មានសហការជាមួយអាជ្ញាធរភូមិ-ឃុំទេ រាល់កិច្ចការអីក៏ដោយ គឺធ្វើឡើងដោយម្នាក់ឯងមិនបានពិភាក្សា ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទេ ហើយថែមទាំងទាមទារ កាន់លុយខ្លួនឯងទៀតផង”។

លោកបន្ថែមថា នៅពេលមានបញ្ហាទាំងនេះកើតមានឡើង ភាគីម្ខាងទៀត បានចោទប្រកាន់មកខាងភាគីរបស់ខ្លួនថា បានជួលស្រី្តម្នាក់ក្នុងតម្លៃខ្លួន៣ពាន់ដុល្លារ មកឲ្យរួមរ័ក្សជាមួយព្រះសង្ឃ សំ សារឿន ថែមទៀតដើម្បីមួលបង្កាច់កេរ្តិ៍ឈ្មោះចៅអធិការវត្តទៅវិញ។

អនុគណស្រុកពញាឮ ភិន មង្គលឫទ្ធី មានសង្ឃដីកាថា ពិតជាមានករណីបែបនេះកើតមានឡើងមែន ហើយព្រះតេជគុណ ក៏បានធ្វើការដោះស្រាយហើយដែរ ដោយបានធ្វើការបណ្តេញចេញពីវត្ត ប៉ុន្តែពុំមានលទ្ធផលនោះទេ ដោយសារតែកិច្ចអន្តរាគមន៍ពីថ្នាក់លើ។

ព្រះតេជគុណបនុ្តថា ”បើយើងផ្សឹកអីចឹងទៅ ខ្លាចមានបញ្ហាទៅថ្ងៃមុខទៀត អីចឹងក្នុងនាមអាត្មាជាសាលាអនុគណ គ្រាន់តែសំណូមពរឲ្យលោកហ្នឹង ចេញពីទឹកដីខេត្ត កណ្តាល ក៏ដូចជាចាកចេញពីទឹកដីស្រុកពញាឮ”។

មេគណខេត្តកណ្តាល ជា សំអាង មានសង្ឃដីកាថា ក្នុងនាមជាព្រះមេគណនោះ មិនបានឲ្យសង្ឃអង្គនោះសឹកទៅតាមវិន័យព្រះទេ សុំតែម្យ៉ាងធ្វើយ៉ាងណា សុំឲ្យ ចេញពីទឹកដីខេត្តកណ្តាលទៅបាន ហើយ តែមិនព្រមចេញទៀត ”មិនតែប៉ុណ្ណោះទេ សង្ឃអង្គនេះ ថែមទាំងបានឲ្យពុទ្ធបរិស័ទចំណុះជើងវត្ត មកជេរអាត្មា ដោយពាក្យអសុរសទៀតផង ហើយទង្វើរបស់សង្ឃនេះ មិនសមជាព្រះសង្ឃទេ”។

ពាក់ព័ន្ធនឹងការព្រួតគ្នា ចោទប្រកាន់ទៅលើលោកសង្ឃ សំ សារឿន នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីព្រះអង្គបានឡើយ ទោះបីព្យាយាម ទាក់ទងជាច្រើនលើក តាមប្រព័ន្ធទូរស័ព្ទចំនួនពីរខ្សែ គឺ០៩៩ និង ០១២ក៏ដោយ។

យោងតាមសេចក្តីប្រកាស របស់អនុគណស្រុកពញាឮ បានចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ បានធ្វើការបដិសេធ មិនទទួលស្គាល់ភិក្ខុ សំ សារឿន ជាព្រះចៅអធិការវត្តមង្គលវណ្ណារាម ហៅវត្តព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយយោងតាមលេខាធិការដ្ឋានសភាលេខ ១៧/១១លដថភ ចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១១ សម្រេចតែងតាំងភិក្ខុ សំ សារឿន ជាចៅអធិការ ដោយមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]