• រៀនដូចម្តេចទើបមានលក្ខណៈពេញលេញ?
  • បើអាចធ្វើទៅកើត គួរឲ្យមានការរៀនពីរពេល មួយពេលសម្រាប់បង្រៀនមេរៀន ហើយមួយពេលទៀតសម្រាប់ត្រួតពិនិត្យ សំដៅរកចំណុចខ្សោយរបស់សិស្ស ដើម្បីធ្វើការបំប៉នទាន់ពេលវេលា មុននឹងទៅបង្រៀនមេរៀនថ្មី ធ្វើយ៉ាងនេះទើបធានាឲ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡងបញ្ចប់ភូមិសិក្សានិមួយៗ ដោយមិនចាំបាច់លួចចម្លងក្នុងពេលប្រឡងដូចសព្វថ្ងៃនេះ។

    • តើការរៀននៅសាលាយើងមានលក្ខណៈដូចម្តេច?

    ក្រសួងអប់រំក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ពិតជាយកចិត្តទុកដាក់លើវិស័យអប់រំ តាមរយៈការពង្រីកសាលារៀន ដល់គ្រប់ភូមិ ឃុំ សំដៅធ្វើឲ្យសិស្សក្រីក្រ ជាពិសេសសិស្សស្រីមានលទ្ធភាពចូលរៀន យ៉ាងតិចដល់ថ្នាក់ទី៩។ ទោះជាយ៉ាងនេះក៏ដោយ សាលាមានលទ្ធភាពត្រឹមមួយពេលប៉ុណ្ណោះ គ្រូបង្រៀនមួយពេល ហើយមួយពេលទៀត គឺសិស្សនៅផ្ទះទំនេរសម្រាប់ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ។ តាមរយៈកិច្ចការនេះ បើទោះជាគ្រូរកឃើញចំណុចខ្វះខាតរបស់សិស្ស ក៏ពុំមានម៉ោងសម្រាប់បំប៉នដែរ។

    • តើសិស្សយើងខ្សោយលើមុខវិជ្ជាអ្វីខ្លះ?

    សព្វថ្ងៃនេះ សិស្សយើងភាគច្រើនខ្សោយមុខវិជ្ជា គណិតវិទ្យា សិស្សខ្លះពុំខ្វល់អំពីការរៀនមុខវិជ្ជានេះ ព្រោះបើមិនចេះក៏អាចឡើងថ្នាក់បន្ទាប់បានដោយស្វ័យប្រវត្តដែរ។ សិស្សដែលរៀននៅថ្នាក់ទី១២ ខ្លះពុំទាន់មានមូលដ្ឋានគ្រឹះនៃគណិតវិទ្យាថ្នាក់ទី៩ នៅឡើយ ជាហេតុធ្វើឲ្យគ្រូមានការលំបាកក្នុងការបង្រៀន។ ការខ្សោយមុខវិជ្ជា គណិតវិទ្យា ធ្វើឲ្យសិស្សគ្មានមូលដ្ឋានគ្រឹះ ក្នុងការរៀនយកជំនាញបច្ចេកវិទ្យា ដែលជួយធ្វើឲ្យសេដ្ឋកិច្ចសង្គមរីកចម្រើនបានឆាប់រហ័ស។

    • តើអាណាព្យាបាលគួររួមចំណែកអ្វីខ្លះ?

    ក្រសួងអប់រំបានផ្តល់សៀវភៅសិក្សា សម្រាប់សិស្សដោយឥតគិតថ្លៃ អាណាព្យាបាលគួរទិញសៀវភៅវ៉ឹកហាត់ លើមុខវិជ្ជាភាសា និងគណិតវិទ្យា ដើម្បីឲ្យសិស្សធ្វើកិច្ចការបន្ថែមជាប្រចាំ ធ្វើយ៉ាងនេះអាចឲ្យសិស្សចេះរៀនដោយខ្លួនឯងផង ហើយអាណាព្យាបាលក៏អាចឆ្លៀតពេលតាមដាន ការរៀនសូត្ររបស់សិស្សបានទៀតផង។ តាម ខ្មែរឡូត ដឹង គ្រឹះស្ថានបោះពុម្ភផ្សាយរបស់ក្រសួងអប់រំ មានបោះពុម្ភសៀវភៅវ៉ឹកហាត់សម្រាប់ដាក់លក់។

    • តើសាលារៀនគួរមានវិធានការណ៏ដូចម្តេច?

    “បង្រៀនមេរៀនណា ត្រូវមានការវាយតម្លៃមេរៀននោះ” នេះជាគោលការណ៏នៃការបង្រៀន ធ្វើយ៉ាងនេះទើបហៅថាបង្រៀនមានការទទួសខុសត្រូវ។ តោងដឹងថា ការដែលមានតេស្តឲ្យសិស្សធ្វើញឹកញាប់ ជាវិធីដែលធ្វើឲ្យសិស្សចេះរៀនដោយខ្លួនឯង។ នាយកដែលល្អ ជាអ្នកដែលចេះចងក្រងតេស្តល្អៗ សម្រាប់ឲ្យគ្រូយកទៅវាយតម្លៃសិស្ស ហើយនាយកក៏ជាអ្នកតាមដានលទ្ធផលរបស់សិស្សតាមថ្នាក់និមួយៗ សាលាល្អជាសាលាដែលផ្តោតលើការងារបច្ចេកទេសបង្រៀន ច្រើនជាងការងាររដ្ឋបាល។

    ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]