ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០១២នេះ អ្នកទោសជាប់ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យពន្ធនាគារមានភាព ចង្អៀតណែន បើទោះបីជាមានការសាងសង់ពន្ធនាគារ បន្ថែមយ៉ាងណាក៏ដោយ។

លោក អំ សំអាត អ្នកអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ថា បច្ចុប្បន្នស្ថានភាពពន្ធនាគារ នៅក្នុង ប្រទេសកម្ពុជា មានភាពចង្អៀតណែន បើទោះជាមានការសាងសង់អគារបន្ថែមក៏ដោយ ហើយបច្ចុប្បន្នមានអ្នកទោស ចំនួន១៣.៥៣០នាក់ បាននិងកំពុងជាប់ឃុំ ក្នុងពន្ធនាគារចំនួន១៨ នៅក្នុងប្រទេសកម្ពុជា ដោយចំនួននេះមានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១១ ដែលមានអ្នកទោសតែជិត ១៣.០០០នាក់ប៉ុណ្ណោះ។

លោកបន្តថា ក្នុងចំណោមអ្នកទោសចំនួន១៣.៥៣០នាក់នេះដែរ មានទណ្ឌិតពេញវ័យចំនួន១៣.១៤៨នាក់ ក្នុងនោះមានស្រ្តី ១.១២៧នាក់ និងជាអនីតិជនចំនួន៣៤២ នាក់ ក្នុងនោះមានស្រ្តី២០នាក់ផងដែរ។

លោក អំ សំអាត បន្ថែមថា “កត្តាដែលបណ្តាលឲ្យមានអ្នកទោសកើនឡើងជាបន្តបន្ទាប់ និងធ្វើឲ្យពន្ធនាគារមានភាពចង្អៀតណែនបែបនេះ គឺដោយសារតែបច្ចុប្បន្ន នេះ បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏មានបទល្មើសមួយចំនួនទៀតផងដែរ ប៉ុន្តែកត្តាមួយទៀតនោះគឺ ការសម្រេច ឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការជាដើម”។

លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ នៅក្នុងពិធីបិទសន្និសីទ ស្តីពីការអនុវត្តក្រមព្រហ្មទណ្ឌ នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ថា នៅក្នុងឆ្នាំ២០១២នេះ ពន្ធនាគារទាំង២៤ នៅទូទាំងប្រទេសបច្ចុប្បន្ន មានអ្នកទោសជាង១០.០០០នាក់ ដែលចំនួននេះ មានការកើនឡើងជា ខ្លាំង ធ្វើឲ្យមានភាពចង្អៀតណែន នៅក្នុងពន្ធនាគារដែលមានសព្វថ្ងៃនេះ។

លោកបន្តថា «ក្នុងការជួយសម្រួលដល់ប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនូវបញ្ហាពន្ធនាគារ មានភាពតូចចង្អៀតនោះ រដ្ឋាភិបាលអូស្ត្រាលី នឹងជួយសាងសង់ អគារពន្ធនាគារបន្ថែមទៀត ដល់កម្ពុជា នៅចុងឆ្នាំ២០១២ខាងមុខនេះ ប៉ុន្តែនៅមិនទាន់ដឹងអំពីពេលវេលា ពិតប្រាកដនៅឡើយទេ”។

លោក អំ សំអាត អ្នកអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ស្របពេលដែលពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា មានភាពចង្អៀត បែបនេះ លើកសង្កេតឃើញថា មានករណីមិនប្រក្រតីមួយចំនួនបានកើតមានឡើង ដោយមានការស៊ីសំណូករវាងអ្នកទោស និងអនុរក្សពន្ធនាគារជាដើម។

យោងតាមរបាយការណ៍របស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ក្នុងចំណោម ប្រទេសជាង២០ កម្ពុជាមានពន្ធនាគារចង្អៀតជាងគេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]