ភ្នំពេញ)៖ តារាសម្ដែងរាងខ្ពស់ស្រឡះ ច្រមុះស្រួច លោក រតនៈ ពិសិដ្ឋ ត្រូវបានគេដឹងថា លោកគឺជាតារាមួយដួង ដ៏មានប្រជាប្រិយភាព ដែលបានក្លាយជាតួអង្គឯក នៅក្នុងរឿង «នរណាComeback» ដោយដាក់សម្ពោធ កាលពីថ្ងៃល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញនេះ។ ឈរនៅលើកម្រាលព្រំពណ៌ក្រហម លោក រតនៈ ពិសិដ្ឋ និយាយទាំងអារម្មណ៍ព្រឺព្រួច និង ព្រឺសម្បុរ ដោយបានប្រាប់ថា ការសម្ដែងនៅក្នុងរឿង «នរណា Comeback» លោកជួបអព្ភូតហេតុ ត្រូវព្រលឹងលោក រាជ បូរី ចូលសណ្ឋិតក្នុងខ្លួន ខណៈដែលលោក សម្ដែងធ្វើជាតួអង្គលោក រាជ បូរី កំពុងច្រៀង និងសម្ដែងកាយវិការ នៅលើឆាក។

នៅក្នុងពិធីសម្ពោធរឿង «នរណា Comeback» នៅបរិវេណផ្សារស៊ីធីម៉ល កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា ម្សិលមិញនេះ លោក រតនៈ ពិសិដ្ឋ អះអាងថា ខ្លួនមានអារម្មណ៍ដឹងយ៉ាងច្បាស់ថា លោកកំពុងក្លាយជាមនុស្សម្នាក់ផ្សេងទៀត កំពុងសម្ដែងកាយវិការ ច្រៀងជាតួអង្គលោក រាជ បុរី។

លោក រតនៈ ពិសិដ្ឋ និយាយទាំងព្រឺសម្បុរ រៀបរ៉ាប់ថា «បាទបង.! ពេលនឹកឃើញពីទិដ្ឋភាព នៃការថតរឿង «នរណា Comeback» ខ្ញុំនៅតែមានអារម្មណ៍ដិតដាម ចង់ចាំនូវសកម្មភាព ត្រូវព្រលឹង លោក រាជ បូរី ចូលមកសណ្ឋិតក្នុងខ្លួន។ ពេលកំពុងសម្ដែងច្រៀងលើឆាក ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាខ្លួនគាត់ ទាំងកាយវិការ ទាំងច្រៀង គឺជារូបគាត់ (លោក រាជ បូរី) ខ្ញុំមានអារម្មណ៍ថា ព្រឺៗដែរ។ ការជួបអព្ភូតហេតុនេះ កើតឡើងតែម្ដងទេ ដោយសារខ្ញុំមិនបានអុជធូបសុំត្រឹមត្រូវ ទើបបានជារឿងហ្នឹង កើតមានឡើង ដូច្នេះ។ ប៉ុន្តែឈុតឆាកសម្ដែង ក្រោយៗទៀត ខ្ញុំបានអុជធូប សុំត្រឹមត្រូវ ក៏លែងមានអីកើតឡើង បន្តទៀតដែរ»។

លោក រតនៈ ពិសិដ្ឋ បានរៀបរាប់បន្តថា «ចំពោះរឿង នរណា Comeback ខ្ញុំគឺជាតួឯកតំណាងឲ្យតារាចម្រៀងមួយ ដែលបានគ្រោះថ្នាក់ ក្រឡាប់រថយន្ត។ ភាពលំបាកក្នុងពេលសម្ដែងភាពយន្ត មានភាពលំបាកច្រើន ព្រោះការសម្ដែងតម្រូវឲ្យ ចុះទៅតាមខេត្ត និយាយរួម រាល់ពេលមានការសម្ដែង នៅតាមខេត្ត មានការលំបាកច្រើន ទាំងការរៀបចំខ្លួន ទាំងពេលវេលានៃការថត។ ពេលខ្លះត្រូវរង់ចាំរហូតដល់យប់អាធ្រាត្រ ឈានចូលពាក់កណ្ដាលរំលងអាធ្រាត្រ ក៏មានដែរ»។

គួរបញ្ជាក់ថា ខ្សែភាពយន្តបែបខ្មោចលងបន្លាច រឿង «នរណា Comeback» ចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ ដោយមានឈុតឆាកកំប្លុកកំប្លែង លាយឡំជាមួយ ស្នេហាស្រឡាញ់ភេទដូចគ្នា និង មានការចូលរួមសម្ដែងដោយ តារាល្បីជាច្រើនទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ