** ប្រលោមលោកខ្មែរឡូត **

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

(ភាគទី៤ សូមចុចអានទីនេះ)

ភាគទី ៥

ចាប់តាំងពីយប់ដែលខ្ញុំបាននិយាយជាមួយ Knight មក ពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាដូចជាគូសង្សារ ទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល តែក៏មិនដែលបានហាមាត់និយាយគ្នា ឬប្រាប់គ្នាថាស្រលាញ់ដែរ។ ពាក្យចាស់ពោលថាក្តីស្រលាញ់នៅត្រង់អំពើ មិនមែនស្ថិតនៅលើមាត់ទេមែនទេ? ត្រឹមតែបាននៅជិតគេខ្ញុំមានសេចក្តីណាស់ទៅហើយ។

មិនដឹងថារយៈពេលប៉ុន្មានខែហើយទេ ដែលខ្ញុំតែងតែមានទម្លាប់ទៅក្លឹបរបស់គេសឹងតែរាល់យប់ ព្រោះមនុស្សនឹក និងបារម្ភនោះអី ម្យ៉ាងខ្លាចគេបឺតឈាមមនុស្សស្រីផ្សេង ហិហិ។ តែ Knight គេក៏តែងតែចាប់អូសខ្ញុំចេញពីក្លឹប ឱ្យអង្គុយលេងចាំគេបន្ទប់ពិសេសក្រោមដី ព្រោះថាគេខឹង មិនពេញចិត្តពេលឃើញទឹកមុខស្រេកឃ្លាន និងព្រាននារីរបស់ប្រុសៗនៅក្នុងក្លឹបដែលតាមសំឡឹងមើលខ្ញុំមិនដាក់ភ្នែកនោះអី ហាហា....អូយរំភើបណាស់។ ប្រុសម្នាក់នេះចេះហួងហែង ចេះប្រច័ណ្ឌខ្លាំងណាស់តើ គួរឱ្យស្រលាញ់មែនទែន។

តែក្នុងពេលតែមួយនោះ ម៉ាក់ប៉ាខ្ញុំបានចាប់ផ្តើមសង្ស័យសួរនាំខ្ញុំនិងព្យាយាមជជីកសួរ ព្រោះតែខ្ញុំចាប់ផ្តើមប្លែក និងតែងតែដើរបាត់ៗពីផ្ទះហ្នឹងឯង។ តែខ្ញុំក៏មានលេសនេះ លេសនោះរហូតទៅដែរ។ អ្នកណាទៅហ៊ានប្រាប់ម៉ាក់ប៉ាថា៖ « អេ! កូនកំពុងសេពគប់ជាមួយបិសាចរាត្រី បិសាចជញ្ជក់ឈាមអីបែបនេះនោះ» អ្នកណាទៅហ៊ាននិយាយទៅ សាកនិយាយមើល៍ម៉ាក់ប្រាកដជាស្រែកបែកផ្ទះជាមិនខាន។ មិនមែនស្រែកព្រោះរន្ធត់ទេណា តែស្រែកព្រោះគាត់គិតថា កូនស្រីស្អាត ឆ្លាត ល្អទាំងព្រមរបស់គាត់ម្នាក់នេះកើតរោគឆ្កូតនោះឯង។ គិតៗទៅហួសចិត្តខ្លួនឯងដែរហ្នឹងណា រឿងរ៉ាវដូចជាលឿនពេក ហើយស្ទើរតែមិនគួរឱ្យជឿ សូម្បីតែខ្លួនខ្ញុំនៅមិនទាន់ទទួលយកបានថានេះជាការពិត ឬយល់សប្តិផង ខ្ញុំមានចំណេះឯណាទៅពន្យល់អ្នកម៉ាក់លោកប៉ានោះ មែនទេ? ពិបាកដែរ តែ..ក៏មានសេចក្តីសុខបំផុតក្នុងជីវិត ព្រោះអ្វី? ព្រោះតែមានគេនៅក្បែរគ្រប់ពេលនោះអី ម្យ៉ាងការផ្លាស់ប្តូររបស់គេ និងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ ធ្វើឱ្យខ្ញុំរីកមុខរីកមាត់រាល់ថ្ងៃតែម្តង។

Knight បានប្រែក្លាយទៅជាមនុស្សប្រុសល្អ ផ្អែមល្ហែម ពូកែយកចិត្ត ពូកែ Care មិនដូច Knight ដែលខ្ញុំបានជួបដំបូងនោះទេ ព្រាននារីក៏ព្រាននារី ហើយជាពិសេសនោះគឺពូកែទាក់មនុស្សស្រីបឺតឈាម ហាហា....។ តែពេលនេះគេក៏ព្រមប្តូរគ្រប់យ៉ាងដើម្បីខ្ញុំ ទោះជារឿងខ្លះខ្ញុំមិនបានសុំក៏ដោយ។ សង្សារអ្នកណាគេអីក៏គួរឱ្យស្រលាញ់ម្ល៉េះ? អេ! សង្សារ? មិនអាចថាសង្សារបានទេ គេមិនបាននិយាយថាស្រលាញ់ខ្ញុំផង ហើយខ្ញុំក៏មិនបានប្រាប់គេថា ខ្ញុំគិតអ្វីចំពោះគេ ។ ម្យ៉ាងគេមិនបានសុំខ្ញុំជាសង្សារទៀត។ វីវរហើយ! ចុះពេលនេះពួកយើងជាអ្វីនឹងគ្នាឱ្យពិតប្រាកដទៅ? កុំខ្វល់តាមតែវាចុះសំខាន់គឺពេលនេះ ដល់ពេលទៅដើរលេងទៀតហើយ យេ! ។

ពួកយើងចំណាយពេលវេលាដើរលេងជាមួយគ្នាសឹងតែរាល់ថ្ងៃ។ ប្រាកដជាពេលថ្ងៃហើយ ខ្ញុំម៉េចនឹងមានពេលដើរយប់ៗដូចគេទៅ ខ្ញុំជាកូនស្រីណា។ ទោះជាធ្លាប់ត្រូវបដិសេធពីដំបូង តែ...ទីបំផុតគេក៏យល់ព្រមតាមខ្ញុំគ្រប់បែបយ៉ាង គឺគេគួរឱ្យស្រលាញ់យ៉ាងនោះឯង។ ពេលខ្លះខ្ញុំក៏ទៅជួយមើលការងារគេទាំងបើកភ្នែកធំៗដែលមានច្រើនកន្លែងណាស់ស្ទើរតែពេញប្រទេសទៅហើយ នេះមិនរាប់ពីជំនួញក្រៅប្រទេសផង។ ថាគ្រួសារខ្ញុំទៅមាន តែដល់មកស្គាល់គេ ស្រីស្អាតម្នាក់នេះធ្លាក់កាលីបអស់តែម្តង។ និយាយៗទៅ ខ្ញុំមិនដែលដឹងសោះ ថាបិសាចមួយនេះមិនត្រឹមតែសង្ហាទេ តែក៏ពូកែណាស់ដែរ មិនអាចមើលងាយបានទេណា។  

រូបតំណាង

ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ មិនខុសពីរាល់ដង ពួកយើងនិយាយគ្នារួចហើយថា នឹងដើរលេងពីល្ងាចម៉ោង៣ទៅ ហើយពេលយប់យើងនឹងទៅក្លឹបទាំងអស់គ្នាតែម្តង ឃើញទេខ្ញុំពូកែរៀបគំរោងអ៊ីចឹងណា ។ មួយសន្ទុះក្រោយមក ឡានទំនើបដែលខ្ញុំជិះឡើងស៉ាំទៅហើយ ហិតតែក្លិនក៏ស្គាល់ដែរ (អូ!មិនមែនទេ ឃើញតែរូបរាងពីចម្ងាយក៏ស្គាល់ដែរ ហាហា.. ) បានឈប់ចាប់ហ្វ្រាំងងឺត ពេលនាឡិកាចង្អុលដល់ម៉ោង ៣ត្រឹម។ គេគួរឱ្យស្រលាញ់មែនតែងមកយកខ្ញុំទៀងពេលជានិច្ច ខ្ញុំក៏ឡើងឡានគេទាំងញញឹមញញែម រួចសួស្តីទៅកាន់គេដែលកំពុងតែធ្វើមុខមាំ។ អេ! មនុស្សសង្ហា ធ្វើមុខមាំក៏ស្អាត សង្ហាម្យ៉ាងដែរ សឹងតែស្អាតជាងញញឹមផង ប្រុសស្អីក៏មានមន្តស្នេហ៍ម្ល៉េះ?

« ហាយ… រៀបចំខ្លួនហើយនៅ? »

« គឺ…រួចរាល់ហើយ....មិនឃើញទេហ្ហេស? » ហើយមើលឆ្លើយសំនួរខ្ញុំចុះ ខ្ញុំដឹងថាខ្ញុំជាមនុស្សសាំញាំច្រើន តែព្រោះតែបារម្ភគេហ្នឹងឯង។ ខ្ញុំក៏ញញឹមទាំងមិនខឹង ឬប្រកាន់នឹងគេ រួចក៏ញាក់មុខបន្តិច ហើយពិនិត្យមើលគេទាំងប្រឹងទប់ស្នាមញញឹម

« អូ អូខេ វ៉ែនតាខ្មៅ កន្សែងរុំក អាវដៃវែង យេស! រួចរាល់ហើយចេញដំណើរ» បន្ទាប់ពីពិនិត្យរួចរាល់ យើងក៏ចេញដំណើរក្រោមខ្សែភ្នែកធុញទ្រាន់ បង្កប់ដោយភាពក្នាញ់របស់ Knight មកកាន់ខ្ញុំ ហើយមិនភ្លេចរអ៊ូតិចៗតាមមកជាមួយ។

« ប្រាប់ហើយតើថាមិនបាច់អីណាស់ណាទេ ត្រឹមវ៉ែនតាមួយគ្រប់គ្រាន់ហើយ ខ្ញុំណា Knight អ្នកដែលពូកែលើសគេ ត្រឹមកំដៅថ្ងៃម៉ោង៣នេះធ្វើអីខ្ញុំបានទៅ? »

« ពូកែណាស់ លោកពូកែ....តែ គ្រាន់តែឈឺក្បាលហ្នឹងមែនទេ ហ៊ីស » ខ្ញុំតបទៅវិញទាំងឌឺដង

« អូខេ ចុះចាញ់ហើយ ស្រីឆ្នាស់ ឥឡូវថ្ងៃនេះទៅលេងឯណា? » គេតបទាំងធុញទ្រាន់ តែខ្ញុំឃើញលោកឯងញញឹមណា មនុស្សក្បាលរឹង មាត់រឹង ចិត្តទន់នេះ។ ខ្ញុំក៏គិតបន្តិចទាំងរកនឹករួចនិយាយ

« ហ៊ី… គឺ....ទៅពិចនិច....ហើយៗ ហើយក៏ដើរទិញអីវ៉ាន់ដូចជាខោអាវ កាបូប ស្បែកជើង នាឡិកា ហើយមើលកុន ដើរលេងសួនច្បារ ហើយក៏ហើយ……… »

« អូយ! បានៗៗៗ មានពេលតែប៉ុន្មានម៉ោងនាងដើរលេងអស់ដែរហ្ហេស? រៀបរាប់ច្រើនមែន ទៅណាមុនឱ្យប្រាកដនេះ? ខ្ញុំបើកឡានចង់២ជុំទីក្រុងហើយណា លែងទៅឥឡូវហ្នឹង »

« ហិហិ ធ្វើលេងផងមិនបាន គឺមានគំរោងរួចហើយ ចង់ដើរផ្សារធម្មតាដើរញ៉ាំអីតាមផ្លូវណា ខ្ញុំមិនធ្លាប់ដើរលេងចឹងផង ឃើញក្នុងទូរទស្សន៍គេផ្សាយណ៎ សប្បាយណាស់ណា ទៅៗណា » ខ្ញុំឱបដៃយកចិត្ត Knight ហើយឃើញគេលួចញញឹមទៀតផង អេអេ ខ្ញុំឃើញណា មិនបាច់ធ្វើប្ញកឯងដូចធុញទ្រាន់ទេ។

« យ៉ាប់ណាស់ក្មេងនេះ ទៅក៏ទៅ » Knight យកដៃញីក្បាលខ្ញុំធ្វើមុខចង់ស៊ីសាច់តែបង្កប់ដោយស្នាមញញឹមចេញពីចិត្ត។  

រូបតំណាង

ពួកយើងបានមកដល់ម្តុំផ្លូវប្រជុំអ្នកទេសចរណ៍ភ្លក់ម្ហូបអាហារតាមផ្លូវ ដែលមានឈ្មោះថា Street Food។ អូយ! របស់ញ៉ាំគ្រប់យ៉ាងគ្រប់មុខ ខ្ញុំឡើងស្រវាំងភ្នែកហើយនេះ របស់ៗសុទ្ធតែឆ្ងាញ់ៗ គួរឱ្យចង់ញុំដល់ហើយ។ ខ្ញុំរីករាយស្ទើរតែចេញចរិតពិតមកអស់ទៅហើយ ហើយស្ទុះរត់ទៅសំដៅរករបស់ញ៉ាំទាំងរំភើប ស្រាប់តែមានដៃមួយចាប់ខ្ញុំជាប់

« នែ! ម្តុំនេះមនុស្សច្រើនណាស់ណា អត់ខ្លាចទេហ្ហី? នៅទីនេះមិនដូចផ្សាទំនើបប្រេនៗដែលនាងធ្លាប់ដើរទេណា។ ណេះ! ចាប់ដៃខ្ញុំឱ្យជាប់ ហើយ កុំទៅណាឆ្ងាយពីខ្ញុំឮអត់? មកតាមខ្ញុំវិញ « Knight ចាប់ដៃខ្ញុំកាន់យ៉ាងណែន ខ្ញុំប្រឹងខ្ទប់ស្នាមញញឹមហើយធ្វើរអ៊ូ

« ខ្ញុំមិនមែនក្មេងមិនបាច់ខ្លាចវង្វេងទេ មើលណ្ន! គេមើលគ្រប់គ្នាហើយ បើជ្រុលជាអ៊ីចឹងមិនយកខ្សែចងដៃជាប់គ្នាតែម្តងទៅ ឆើស! »

« និយាយច្រើនណាស់ តោះ!» និយាយរួច Knight ក៏អូសខ្ញុំទៅ ហិហិ រ៉ូមែនទិចដល់ហើយដើរកាន់ដៃគ្នារហូតចឹង គេបារម្ភខ្ញុំខ្លាំងណាស់ហើយមើលទៅ។

« ប្រុសឆ្កូត»

ពួកយើងកាន់ដៃគ្នារករបស់ញ៉ាំជាច្រើនមុខ ភ្លក់របស់គ្រប់ប្រភេទ មិនដឹងជាយប់នេះហើមពោះឬក៏អត់ទេនេះ? តែបើឈឺក៏សមដែរតម្លៃដែរត្រូវអទ់ បើពេលនេះពួកយើងកំពុងតែប្រើពេលវេលារួមគ្នាទាំងអារម្មណ៍ សប្បាយរីករាយពោរពេញដោយសំណើចបែបនេះនោះ ខ្ញុំមិនចង់ឱ្យពេលវេលាកន្លងហួសទៅលឿនបែបនេះសោះ។

បន្ទាប់ពីអស់កំលាំងដើរពេញមួយថ្ងៃពួកយើងក៏ទិញការ៉េមម្នាក់មួយអង្គុយលើស្មៅ មាត់ទឹកដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៅខាងមុខ ស្អាតដល់ហើយ។ ពួកយើងនៅតែចាប់ដៃគ្នាមិនលែងបើទោះជាពេលនេះមិនមានមនុស្សអ៊ូអរច្រើនដូចមុនក៏ដោយ។ ពេលខ្លះខ្ញុំមិនយល់ពីចិត្តគេសោះ គេតែងតែបារម្ភ មើលថែខ្ញុំ ហើយមើលទៅស្រលាញ់ខ្ញុំណាស់ តែក្រៅពីប្ញកពាដែលបញ្ចេញឱ្យខ្ញុំ ដឹងនិងឃើញ គេមិនដែលហារមាត់និយាយប្រាប់ខ្ញុំមួយម៉ាត់សោះ។ មនុស្សស្រីអ៊ីចឹងឯង ពេលដំបូងមិនបាច់ត្រូវការពាក្យស្រលាញ់ សុំតែបាននៅក្បែរ តែពេលនេះខ្ញុំពិតជាត្រូវការពាក្យ៣ម៉ាត់នេះពីគេខ្លាំងណាស់ មនុស្សស្រីអីក៏លោភលន់ម្ល៉េះហ្ន?

« មើលអី មើលម៉េះ ចង់សួរអីទៀតហើយមែនទេ? » Knight ងាកមកមើលមុខខ្ញុំ ខ្ញុំមិនដឹងនិយាយថាម៉េចមានតែលេបសំណួរចូលទៅក្នុងពោះ ហើយមើលមុខគេវិញ បន្តិចទើបសម្រេចចិត្តគេងផ្អែកលើស្មារបស់គេ

« នែ ធ្វើអីហ្នឹង អត់ខ្លាចគេឯងឃើញទេហី? » មាត់ដូចប្រកែកតែគេក៏មិនបានរុញខ្ញុំចេញដូចសម្តីឡើយ មិនបាច់ខំធ្វើជាមិនចាប់អារម្មណ៍ទេ ខ្ញុំដឹងចិត្តលោកឯងខ្ទេចហើយ។

« គ្រាន់សុំសំរាកបន្តិចអត់បានទេ ហី? ហត់ណាស់ណា គ្រាន់តែសុំគេងផ្អែកតិចមិនបាន ចុះកាន់ដៃគេមួយថ្ងៃហើយគេមិនថាផង » ខ្ញុំថាឱ្យគេវិញទាំងក្បាលនៅតែកើយស្មាគេ។ Knight គេបានតែសម្តីបែបនេះ តែគេក៏មិនដែលចិត្តអាក្រក់ចំពោះខ្ញុំម្តងណាឡើយ នៅក្បែរគេកក់ក្តៅមែនទែន។ ពួកយើងអង្គុយស្ងប់ស្ងៀមមិននិយាយគ្នាបន្តរួចសម្លឹងទៅសួនកំសាន្តនៅនឹងមុខ។ ខ្ញុំក៏និយាយតិចៗស្ទើរតែស្តាប់មិនបាន

« ចង់ទៅលេងសួនកំសាន្តដល់ហើយ » ពេលឮខ្ញុំនិយាយទើប Knight ចាប់ភ្លឹកថានៅខាងមុខយើងមិនឆ្ងាយប៉ុន្មានពិតជាមានសួនកំសាន្តពិតមែន

« នេះនាងអាយុប៉ុន្មានហើយ នៅចង់លេងសួនកំសាន្តទៀត ហ្នឹងសំរាប់កូនក្មេងទេណា ម្យ៉ាងយប់ហើយ ខ្ញុំត្រូវប្រញាប់ទៅក្លឹបផង នាងក៏ប្រញាប់ទៅផ្ទះដែរទៅ»

« អ្នកណាថាមនុស្សធំលេងមិនបាន? នោះ! មានមនុស្សធំលេងដែរតើ ចាំថ្ងៃក្រោយចាំលេងក៏បានបើលោកប្រញាប់ទៅធ្វើការអ៊ីចឹង » ខ្ញុំក្រោកចេញពីស្មាគេទាំងទឹកមុខងរងក់ ។

« ប៉ុន្តែខ្ញុំមិនទាន់ចង់ទៅផ្ទះទេ ខ្ញុំចង់ទៅក្លឹបដែរណា » ខ្ញុំឱបដៃគេយកចិត្តម្តងទៀត តែគេបែរជាប្រកែកទាំងមុខមាំ

« អត់ទេខ្ញុំជូនទៅផ្ទះវិញ នាងចេញពីផ្ទះយូរម៉ោងហើយ ហើយក៏ឧស្សាហ៍មកក្លឹបខ្ញុំរាល់យប់ដែរខ្ញុំហាមប៉ុន្មានដងក៏នៅតែមិនស្តាប់ ម៉ាក់ប៉ានាងនឹងបារម្ភណា ធ្វើក្មេងល្អខ្លះទៅ តោះ! ទៅវិញ » Knight ទាញដៃខ្ញុំទៅ តែខ្ញុំមិនដើរតាម គេក៏ងាកមកខ្ញុំម្តងទៀតហើយសួរទាំងឆ្ងល់។ 

រូបតំណាង

« ហើយម៉េចទៀតហើយ……កុំងរងក់អីនាងធំហើយ » Knight និយាយប្រយោគចុងក្រោយតិចៗព្រោះឃើញទឹកមុខ ដែលខឹងរបស់ខ្ញុំ គឺពេលនេះខ្ញុំខឹងនឹងគេខ្លាំងពិតមែន

« Knight លោកក្រែងពូកែណាស់? លោកដឹងតើថាខ្ញុំគិតអីមែនទេ? ឬលោកមិនដឹងទេ ថាហេតុអីខ្ញុំចង់ទៅក្លឹបជាមួយលោករាល់យប់ ជួបលោករាល់ថ្ងៃ? » Knight ឮខ្ញុំនិយាយក៏លែងដៃខ្ញុំហើយងាកមុខចេញ។ ខ្ញុំដើរងាកតាមគេសួរទាំងឈឺចាប់

« មើលមុខខ្ញុំមក Knight លោកដឹងឬមិនដឹង? ឬលោកធ្វើជាមិនដឹង? មនុស្សគ្មានបេះដូង!!! លោកមិនដឹងទេហ្ហីថាខ្ញុំ.....ស្រលាញ់លោកណា » ខ្ញុំនិយាយទាំងទឹកភ្នែក ខ្ញុំឃើញ Knight ងាកមកមើលខ្ញុំទាំងកែវភ្នែកឈឺចាប់។ គេយកដៃជូតទឹកភ្នែកខ្ញុំយ៉ាងទន់ភ្លន់ធ្វើឱ្យខ្ញុំសប្បាយចិត្តជាខ្លាំង តែកែវភ្នែកគេបែរជាផ្លាស់ប្តូរមួយរំពេច រួចយកដៃចេញហើយនិយាយទាំងមុខមាំ

« មែនហើយ! នាងនិយាយត្រូវ ខ្ញុំជាមនុស្សគ្មានបេះដូងពិតមែន ខ្ញុំមិនមែនជាមនុស្សដូចជានាងនោះទេ។ អរគុណចំពោះក្តីស្រលាញ់ តែខ្ញុំគ្មានក្តីស្រលាញ់ឱ្យអ្នកណាទៀតទេ » ពាក្យសំដីគេដូចកាត់យកបេះដូងខ្ញុំទៅបាត់ទាំងរស់អ៊ីចឹង ម៉េចក៏មិនសំលាប់ខ្ញុំតែម្តងទៅ? ទឹកភ្នែកខ្ញុំហូរជាថ្មី ហូរដូចទឹកបាក់ទំនប់ រួចប្រឹងនិយាយទាំងសំឡេងឈឺចាប់

« លោកប្រហែលជាមិនទាន់បំភ្លេចលីណា ទេមែនទេ? ល្អបើវាជាការពិតនោះ តែលោកមិនអាចកុហកខ្លួនឯងនោះទេ។ កុំនិយាយថារយៈពេលកន្លងមកលោកគ្មានអារម្មណ៍ គ្មានគិតអីបន្តិចសោះណា? »

« វាជាការពិតទាំងអស់។ ខ្ញុំមានអារម្មណ៍អី គិតអីខ្ញុំខ្លួនឯងដឹងច្បាស់ មិនបាច់នាងមកសួរនាំចេះដឹងរឿងខ្ញុំទេ តើនាងស្គាល់ខ្ញុំច្បាស់ប៉ុណ្ណាហើយ? ខ្ញុំមិនមែនជាមនុស្សដូចដែលនាងគិតទេ រឿងដែលនាងដឹងនិងកំពុងតែគិតអាចនឹងខុសក៏ថាបាន » Knight ស្រែកដាក់ខ្ញុំ ធ្វើអោយខ្ញុំភាំងជាខ្លាំង នេះជាលើកទី១ដែលគេស្រែកដាក់ខ្ញុំ។ គេនិយាយបន្តទាំងមុខមាំ

« ខ្ញុំមិនដែលភ្លេចលីណា ហើយខ្ញុំក៏មិនដែលភ្លេចនាងមួយវិនាទីណាដែរ ទោះរាប់រយឆ្នាំទៅមុខក៏ដោយក៏គ្មាននារីណាជំនួសលីណាបានដែរ ស្តាប់បានទេ? »

« តែនាងស្លាប់បាត់យូរណាស់មកហើយ នាងទៅបាត់ហើយ នាងលែងនៅលើលោកនេះទៀតហើយ លោកយល់អត់???» ខ្ញុំស្រែកប្រកែកទៅគេវិញ។ ភ្នែករបស់គេឡើងក្រហមពោរពេញដោយកំហឹងរួចចាប់ដៃខ្ញុំទាំងសងខាងនិយាយខ្លាំងៗ

« នាងកុំចេះដឹងរឿងខ្ញុំទៀត លីណាមិនទៅណាទេ លីណានៅតែនៅជាមួយខ្ញុំ កុំនិយាយពីលីណាបែបនេះទៀត » Knight និយាយដោយទឹកមុខដែលខ្ញុំមិនដែលឃើញពីមុនមក ធ្វើអោយខ្ញុំខ្លាចគេយ៉ាងខ្លាំង តែភាពអស់សង្ឃឹមមានច្រើនជាង ខ្ញុំមិនអាចទ្រាំបាននូវសំដីឃោរឃៅរបស់គេបាន ខ្ញុំក៏ទាញដៃចេញរត់ចេញទៅ រត់ឱ្យឆ្ងាយពីមុខគេទាំងទឹកភ្នែគសស្រាក់។ ខ្ញុំមិនចង់ឃើញមុខគេទៀតទេ ខ្ញុំស្អប់គេណាស់។

…………………………………………………………………………………………………………… 

រូបតំណាង

(Knight និយាយ)

ខ្ញុំបានត្រឹមតែសំលឹងមើលមនុស្សស្រីក្នុងបេះដូងខ្ញុំរត់ចេញឆ្ងាយពីខ្ញុំដោយទឹកមុខឈឺចាប់ហួសប្រមាណ។ ឃើញនាងឈឺ ខ្ញុំឈឺលើសនាងរាប់រយ រាប់ពាន់ដងទៅទៀត។ ថ្ងៃនេះទោះជានាងមិននិយាយ ក៏ខ្ញុំត្រូវតែនិយាយសំដីឱ្យនាងកាត់ចិត្តពីខ្ញុំដែរ។ ថ្ងៃនេះខុសពីថ្ងៃមុនបើពួកយើងមិនមានរឿងពេលនេះ ក៏យប់នេះក៏ខ្ញុំត្រូវធ្វើការលប់ការចងចាំរបស់នាងចោលដែរ។ ខ្ញុំពិតជាអត្មានិយមណាស់ដែលធ្វើបែបនេះ ខ្ញុំជាមនុស្សគ្មានពាក្យសច្ចៈ តែរឿងនៅពេលនេះបើអាចឱ្យនាងបំភ្លេចខ្ញុំចោលសាងជីវិតថ្មី វាក៏ល្អ បើទោះបីជាវាជាវិធីមួយដ៏ឈឺចាប់បំផុតសម្រាប់ខ្ញុំនិងនាងក៏ដោយ។ ខ្ញុំពិតជាចង់រក្សានាងក្បែរទ្រូងខ្ញុំខ្លាំងណាស់ តាំងពីមាននាងធ្វើឱ្យជីវិតបិសាចឯកាដូចខ្ញុំមានពន្លឺរស្មីឡើងវិញ ធ្វើឱ្យខ្ញុំមានភាពសប្បាយ រីករាយ ចេះសើចចេះ ញញឹម។ ខ្ញុំច្បាស់ក្នុងចិត្តហើយថានាងជាក្តីស្រលាញ់របស់ខ្ញុំពិតប្រាកដបន្ទាប់ពីថ្ងៃដែលខ្ញុំបានបាត់បង់ លីណា។ តែខ្ញុំគ្រាន់តែនៅបារម្ភចំពោះស្នេហាមួយនេះ ទោះដឹងថានាងមិនប្រកាន់នេងអតីតកាលមួយនោះ តែខ្ញុំខ្លាច ខ្លាច....មិនមែនខ្លាចនាងទៅចោល ឬនាងធ្វើបាបចិត្តរបស់ខ្ញុំឡើយ គឺខ្ញុំខ្លាចភាពឈឺចាប់ដែលបាត់បង់មនុស្សជាទីស្រលាញ់ម្តងទៀតណាស់។ គេថាមនុស្សកាន់តែជិតស្និទ្ធ កាន់តែមានរឿងសប្បាយចិត្ត និងមានសុភមង្គលខ្លាំង វាមិនខុសពីអីដែលសមុទ្រស្ងប់ខ្យល់ខ្លាំងមុននឹងមានព្យុះភ្លៀងបោកបក់នោះទេ។

រឿងដែលកើតឡើងពីប៉ុន្មានថ្ងៃមុនធ្វើឱ្យអារម្មណ៍ និងចិត្តខ្ញុំវក់វីជាខ្លាំង រហូតខ្ញុំមិនដឹងថា ខ្ញុំត្រូវពិភាក្សាជាមួយអ្នកណា។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាមានមនុស្សតាមដានខ្ញុំរាល់សកម្មភាព។ ក្រោយមកខ្ញុំបានដឹង មនុស្សម្នាក់នោះជាកូនចៅកម្ចាត់បិសាចដែលបានរត់គេចខ្លួនពីការសំលាប់ផ្តាច់ពូជរបស់ខ្ញុំនៅប៉ុន្មានឆ្នាំនោះ។ ខ្ញុំនឹកថារឿងរបស់គ្រួសាររបស់យើងទាំងពីរត្រូវបានបញ្ចប់ហើយតើកាលពីប៉ុន្មានជំនាន់មុន តែមិននឹកស្មានថាគំនុំរបស់ពួកយើងបន្តដល់កូនចៅពូជពង្សវង្សត្រកូលកូនចៅជំនាន់ក្រោយរបស់គេសោះ។ សម្រិបជើងស្រាលដើរតាមក្រោយខ្នងខ្ញុំ តែខ្ញុំនៅតែដឹងទាន់រួចក៏ដើរគេចយ៉ាងរហ័ស មនុស្សអាថ៌កំបាំងបានប្រឹងដេញតាមខ្ញុំ តែនៅតែមិនឈ្នះនឹងភាពរហ័សរហួនរបស់ខ្ញុំ។ ខ្ញុំបានហោះមកពីក្រោយខ្នងជននោះ រួចនិយាយទាំងសំឡេងមានអំណាច

« ឯងជាអ្នកណាតាមយើងធ្វើអី? »

ជននោះងាកមកខ្វាច់ បញ្ចេញស្នៀតការពារខ្លួនព្រោះតែភ្ញាក់នឹងវត្តមានរបស់ខ្ញុំ។ ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើលបន្តិចពេលឃើញមុខមាត់ និងស្នៀតការពារប្រចាំត្រកូលរបស់គេ តែក៏សម្រួលមុខមាំធម្មតា។ ជននោះក៏និយាយទាំងខឹង

« ជនថោកទាបមិនគួរវាយឆ្មក់សត្រូវនៅក្រោយខ្នងទេ គែហៅថាកំសាក» ខ្ញុំសើចចុងមាត់បន្តិចរួចនិយាយ

« យើងមិនបានធ្វើអីទេ យើងគ្រាន់តែសួរថាឯងជាអ្នកណា មកពីណា ហេតុអ្វីបានជាតាមយើង ? ឯងមិនគួរខ្លាចបែបនេះសោះ មិនសមជាកូនប្រុសទេដឹងនៅ»

« ឯង...ឯង»

ជនចម្លែកក្តាប់ដៃខឹង

« ឯងគួរតែដឹងថាឯងប្រព្រឹត្តបាបកម្មអ្វីខ្លះ? បានធ្វើអាក្រក់ជួរជាតិបំផុតដាក់អ្នកណាខ្លះ? ពេលឯងនឹកឃើញឯងនឹងដឹងហើយថាយើងជាអ្នកណា? »

ខ្ញុំសើចចុងមាត់បន្តិចរួចសួរទាំងមុខមាំ

« ឯងចង់បានអី?»

« ឈាមរបស់ឯង.....»

ខ្ញុំបញ្ចេញអណ្តាតភ្លើងក្នុងកែវភ្នែក។ ពួកយើងទាំងពីរមើលមុខ និងមើលភ្នែកគ្នាបញ្ចេញអំណាចអ្វីម្យ៉ាងពីក្នុងខ្លួន។ វាដល់ពេលហើយមែនទេ? បើវាអាចលុបលាងបាបកម្មខ្ញុំបាន ខ្ញុំនឹងធ្វើ បើវាអាចបញ្ចប់គំនុំរបស់គ្រួសាររសប់ពួកយើងបានខ្ញុំក៏ពេញចិត្តព្រមតាមសំណូមពរគេ។ ទោះជាខ្ញុំខុសធ្ងន់ដែលសម្លាប់គ្រួសារគេ តែគ្រួសារគេក៏មិនមែនមិនខុសសោះដែរ ដែលសម្លាប់មនុស្សស្រីដ៏ស្លូតត្រង់ម្នាក់ និងជាមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុតក្នុងជីវិត។ លីណាបងសុំទោសដែលបងមិនអាចរក្សាសន្យាមួយនោះបានថានឹងធ្វើជាមនុស្សសាមញ្ញា រីករាយនឹងជីវិត និងមិនសងសឹក ប្រយុទ្ធ ឬមានគំនុំជាមួយអ្នកណាតទៅទៀតទេ។ យ៉ាងណាគេជាអ្នកបង្កមុន គេមកសងសឹងខ្ញុំហើយ។ យើងក៏និយាយណាត់គ្នាប្រយុទ្ធស្លាប់រស់ហើយដែរ ខ្ញុំក៏តាំងចិត្តសងនូវអ្វីដែលខ្ញុំបានធ្វើ។ទាំងនេះហើយជាហេតុផលដែលខ្ញុំត្រូវតែលែងដៃ ដារី មនុស្សស្រីជាទីស្រលាញ់របស់ខ្ញុំ។ ខ្ញុំចង់ឱ្យនាងមានសុវត្ថិភាព មានសេចក្តីសុខជាមួយជីវិតរបស់នាង ដូច្នេះនៅមុនពេលខ្ញុំទៅកាន់សមរភូមិស្លាប់រស់ខ្ញុំតាំងចិត្តនឹងធ្វើឱ្យថ្ងៃចុងក្រោយរវាងនាងនឹងខ្ញុំមានតម្លៃ និងរីករាយបំផុត បន្ទាបើមកខ្ញុំនឹងលុបការចងចាំរបស់នាង ដើម្បីអោយនាងមានសេចក្តីសុខនឹងជីវិតថ្មី តែរឿងពេលនេះក៏បានបញ្ចប់គ្រប់យ៉ាងហើយដែរ។

…………………………………………………………………………

រូបតំណាង

វេលាស្នេហ៍ដែលត្រូវបញ្ចប់

វេលាម៉ោង១១ ខ្ញុំតែងតួជាអង្គបិសាចពេញយសគ្រងដោយសំលៀកបំពាក់ឈុតខ្មៅតាមទំនៀមទម្លាប់ស្តេចបិសាច ឈរមើលទៅកាន់បន្ទប់ដារី នារីកំពូលស្នេហ៍ជាវេលាចុងក្រោយដែលយើងជួបគ្នាបើសិនជាខ្ញុំត្រូវស្លាប់ តែវាក៏ជាវេលាចុងក្រោយដែរ ដែលនាងចងចាំខ្ញុំបើសិនជាខ្ញុំនៅរស់។ ខ្ញុំឃើញគ្រប់យ៉ាងទាំងការឈឺចាប់ និងទឹកភ្នែកជោគខ្នើយរបស់នាង ដែលរងការឈឺចាប់ចំពោះសម្តីរបស់ខ្ញុំនៅថ្ងៃនោះ តែវាក៏គ្មានដំណោះស្រាយណាផ្សេងក្រៅពីនេះទេ។ សុខចិត្តឱ្យនាងឈឺចាប់នៅពេលនេះ  បំភ្លេចខ្ញុំចេញពីបេះដូងប្រសើរជាងឃើញនាងឈឺចាប់ដែលបាត់បង់ខ្ញុំ ឬខ្ញុំត្រូវឈឺចាប់ដែលបាត់បង់នាងមិនអ៊ីចឹងមែនទេ? 

……………………………………………….....

.........សូមរង់ចាំភាគបញ្ចប់ ..............

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

(ភាគទី៤ សូមចុចអានទីនេះ)

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]