ខេត្តព្រៃវែង៖ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងទទួលបានការទុកចិត្តបំផុតនៅកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការតបស្នងដល់សហគមន៍មូលដ្ឋានរបស់ខ្លួន។ ក្នុងនោះ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកាឆ្នាំ ២០១៧ បុគ្គលិក ទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រមាណជាង ១០០ នាក់ បានចុះជួយជួសជុល និងលាបថ្នាំអគារសាលារៀនចំនួនបីខ្នង របស់សាលាបឋមសិក្សាព្រៃតាម៉ុក ក្នុងខេត្តព្រៃវែង ដែលនឹងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សជាង ៥០០ នាក់។ នេះជាសាលារៀនទីប្រាំ ហើយ ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈគម្រោង “ញញឹមជាមួយគ្នា ទី២” ។

បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចូលរួមបង្កើតស្នាមញញឹមដល់សិស្សានុសិស្ស

លោកស្រី ហួត សាន់នី នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានថ្លែងថា៖ “គម្រោង “ញញឹមជាមួយគ្នា” ជាគឺការផ្តួចផ្តើមរបស់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីលើកស្ទួយការអប់រំរបស់កុមារនៅតាមទីជនបទ ដោយធ្វើឱ្យបរិស្ថានសាលារៀនមានភាពល្អប្រសើរ និងបង្កើនបរិយាកាសកុមារមេត្រីដល់ពួកគេ។ កម្មវិធីនេះ ទទួលបានការគាំទ្រទាំងពេលវេលា និងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាទាំងអស់គ្នា”។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ខែក រដ្ឋា នាយកសាលាបឋមសិក្សាព្រៃតាម៉ុក៖ ខ្ញុំមានចិត្តត្រេកអរណាស់ ចំពោះក្រុមហ៊ុនព្រូដិនសលដែលមកជួយសាលាយើងខ្ញុំអស់ពីចិត្តពីថ្លើម ហើយក៏ជាលើកទីមួយសម្រាប់ខ្ញុំ សម្រាប់សាលាយើងខ្ញុំ ដែលមានក្រុមហ៊ុនក្នុងស្រុកមកជួយ។ កន្លងមក មិនធ្លាប់មានអង្គការ ឬក្រុមហ៊ុនផ្សេងៗណា មកជួយជួសជុល និងលាបថ្នាំអគារដូច្នេះទេ។”

“ញញឹមជាមួយគ្នា” គឺជាគម្រោងអភិវឌ្ឍន៍សហគមន៍មួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលក្រុមហ៊ុនបានកំណត់យកសាលារៀនមួយចំនួនដើម្បីជួយគាំទ្រ ផ្អែកលើលក្ខណៈវិនិច្ឆ័យផ្ទាល់ពីក្រុមហ៊ុន និងតាមការណែនាំពីដៃគូរបស់ខ្លួនគឺអង្គការ Save the Children ក្នុងការជួយកែលម្អអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដើម្បីផ្តល់នូវបរិយាកាសនៃការសិក្សាប្រសើរជាងមុនសម្រាប់កុមារ។

ចាប់តាំងពីគម្រោងនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតមក ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានជួយជួសជុលកែលម្អបន្ទប់រៀន បង្គន់អនាម័យ លាបពណ៌ជញ្ជាំង និងជួសជុលដំបូលនៅតាមសាលារៀន ព្រមទាំងផ្តល់សម្ភារៈសិក្សា ដល់សាលារៀនចំនួន ៥ សាលាហើយ។

នៅថ្ងៃនោះដែរ បុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានផ្សព្វផ្សាយគំនូរជីវចលអប់រំផ្នែកមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ “ឆា-ឈីង” ដល់កុមារប្រមាណ ៥០ នាក់របស់សាលាបឋមសិក្សាព្រៃតាម៉ុកផងដែរ។ ការផ្សព្វផ្សាយកម្មវិធី ឆា-ឈីង នេះ គឺដើម្បីឲ្យកុមារជាសិស្សានុសិស្សនៅកម្ពុជាទទួលបាននូវចំណេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រងលុយកាក់ និងយល់ដឹងពី គោលគំនិតចំនួនបួន គឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ ។

ក្រៅពីគម្រោងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ក៏បានគាំទ្រដល់កម្មវិធី "អំណានដំបូង” និងកម្មវិធី “សាលារៀនសុវត្ថិភាព” នៅកម្ពុជាថែមទៀតផង។ កម្មវិធីទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញអំពីឆន្ទៈរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជឿជាក់ថា ការគាំទ្រលើវិស័យអប់រំរបស់កុមារ គឺជាការសាបព្រួសនូវគ្រាប់ពូជ ប្រកបដោយគុណភាពសម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសកម្ពុជា ៕

បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចូលរួមបង្កើតស្នាមញញឹមដល់សិស្សានុសិស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]