ភ្នំពេញ៖ ក្រុមហ៊ុន អាកាសចរណ៍អ៊ែមមឺរឹត កាលពីពេលថ្មីៗនេះ បានចែករំលែកគន្លឹះសម្រាប់ឪពុកម្តាយ ដើម្បីគ្រប់គ្រងភាពអផ្សុករបស់កុមារអំឡុងការហោះហើរឆ្ងាយ តាមរយ:ការចេញផ្សាយ តារាងកម្រិតភាព អផ្សុកទៅតាមវ័យរបស់កុមារចាប់ពីវ័យទារករហូតដល់១២ឆ្នាំ ក្នុងបំណងធ្វើឲ្យបទពិសោធន៍ហោះហើរ រយ:ពេលវែងរបស់អតិថិជន របស់ខ្លួនកាន់តែប្រសើរជាងមុន។

តារាងកម្រិតភាពអផ្សុករបស់កុមារនេះ ផ្តល់ព័ត៌មានលម្អិតពីកម្រិតភាពអផ្សុករបស់កុមារ និងប្រភេទសកម្មភាព កម្សាន្តផ្សេងៗតម្រូវទៅតាមវ័យរបស់កុមារ អាយុចាប់ពី០ទៅ១២ឆ្នាំ ដែលជួយឲ្យ ឪពុកម្តាយកុមារតូច អាចកត់សម្គាល់ ពេលវេលាជាក់លាក់ និងកម្រិតភាពអផ្សុករបស់កូន ដើម្បីធានាដល់ការធ្វើហោះហើរ ដោយ រលូន ប្រកបដោយភាពសប្បាយរីករាយ និងមិនមានការរំខានដល់អ្នកធ្វើដំណើរដទៃទៀត។

ការសិក្សានេះ បានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន អាកាសចរណ៍អ៊ែមមឺរឹតរួមសហការជាមួយ លោក វេជ្ជបណ្ឌិត Sandi Mann គ្រូពេទ្យចិត្តសាស្ត្រ និងជាអ្នកឯកទេសលើភាពអផ្សុកនៃសាកលវិទ្យាល័យ Central Lancashire នេះបានរកឃើញថា កុមារក្រោមអាយុ១២ឆ្នាំនឹងមានកើត មានភាពអផ្សុកក្នុងរយ:ពេល ៤៩នាទី និង៤៧ វិនាទី ប៉ុណ្ណោះបន្ទាប់ពីធ្វើដំណើរហោះហើរផ្លូវឆ្ងាយចាប់ផ្តើម ហើយការព្រួយបារម្ភដ៏ធំទាំងបីរបស់ឪពុកម្តាយនៅពេលធ្វើដំណើរជាមួយកុមារក្រោម១២ឆ្នាំរួមមាន ការផ្តល់ការកម្សាន្តដល់កូនៗ (៦៤%) ការរំខានដល់អ្នកដំណើរដទៃ (៤៣%) និងការរក្សា កម្រិតជាតិទឹករបស់កូនៗ (២៣%)។

ក្នុងចំណោមឪពុកម្តាយចំនួន២០០០គូដែលបានចូលរួមក្នុងការសិក្សានេះ ៤១% បានឲ្យដឹងថា ពួកគេបានលួងកូនៗ ដោយការឲ្យស្ករគ្រាប់ សូកូឡា និងនំជាដើម ដើម្បីជាការដោះដូរ ក្នុងការរក្សាឥរិយាបថល្អនៅពេលហោះហើរ ខណ: ៣៣% បានពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃឬថេប្លេត ដែលមាន ហ្គេម កម្មវិធី កម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តដែលគេចូលចិត្ត បើទោះបីជាពួកគេមិនត្រូវបានអនុញ្ញាត្តិឲ្យប្រើពេលពួកគេនៅផ្ទះក៏ដោយ ខណ:២៧% បានឲ្យអំណោយ ជាឧបករណ៍លេងថ្មីទៅកូនៗ ដើម្បីឲ្យពួកគេសប្បាយចិត្ត ហើយ១៦%ទៀត បានព្យាយាមធ្វើឲ្យកូនៗអស់កម្លាំងមុនពេលហោះហើរ ដោយការរត់លេងនៅព្រលាន យន្តហោះមុនការហោះហើរ។

ក្រុមហ៊ុន អាកាសចរណ៍ អ៊ែមមឺរឹត បង្ហាញគន្លឹះដល់ឪពុកម្តាយ ពេលធ្វើដំណើរជាមួយកូនៗវ័យ ០ ដល់១២ឆ្នាំ

លោកវេជ្ជបណ្ឌិត Sandi Mann បានឲ្យដឹងថា បើទោះបីជា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ ឬថេប្លេតជាវិធីសាស្ត្រដែលពេញនិយមដោយឪពុកម្តាយប្រើប្រាស់ដើម្បីឲ្យកូនៗ រក្សាភាពស្ងៀមស្ងាត់ និងរីករាយក៏ដោយ ក៏វិធីនេះមិនមានប្រសិទ្ធភាពសម្រាប់កុមារគ្រប់វ័យនោះទេ ដោយហេតុផលថា ការយកចិត្តទុកដាក់របស់កុមារតូចមានរយ:ពេលខ្លី ជាងការប្រមូលផ្តុំអារម្មណ៍របស់កុមារដែល មានអាយុច្រើនជាង។ លោកបានបន្ថែមថា ការបំបែកសកម្មភាពកម្សាន្តដែលមានភាពអសកម្មទៅជា សកម្មភាពសកម្ម ឬប្រកបដោយភាពច្នៃប្រឌិត នឹងជួយឲ្យបង្ការ ភាពអផ្សុកនៅមិនស្ងៀម និងការរំខានផ្សេងៗ របស់កុមារដែលអាចកើតឡើងក្នុងពេលហោះហើរ។

តាមរយ:ការអង្កេតលើកុមារអាយុ ចាប់ពី ០ទៅ១២ឆ្នាំ ដោយមានការសហការជាមួយ ឪពុកម្តាយចំនួន ២,០០០នាក់ នៅចក្រភពអង់គ្លេស បានជួយឲ្យលោកវេជ្ជបណ្ឌិត Sandi Mann បែកចែកសកម្មភាពកម្សាន្តរបស់កុមារជា៥ប្រភេទ មានដួចជា៖ សកម្មភាព សកម្ម (A) អសកម្មភាព (P) អន្តរកម្មទៅវិញទៅមក (I) ភាពច្នៃប្រឌិត (C) និងទំនាក់ទំនងខាងញាណឬអារម្មណ៍ (S)។

លោកបានណែនាំពីការរៀបចំលំដាប់សកម្មភាពសម្រាប់កុមារកទៅតាមវ័យនីមួយៗ ដែលមានភាពចម្រុះគ្នារវាង (1) សកម្មភាពសកម្ម (A) រួមមាន ដើរទៅមកនៅច្រកផ្លូវដើរនិងលេងបៀរ (2) អសកម្មភាព (P) រួមមាន ទស្សនាខ្សែភាពយន្ត និងការស្តាប់តន្ត្រី (3) ការប្រាស្រ័យទាក់ទងទៅវិញទៅមក (I) រួមមាននិទានរឿង ជជែកលេងរវាងឪពុកម្តាយនិងកូនៗ និង (4) សកម្មភាពដែលបំផុសភាពច្នៃប្រឌិត (C) រួមមានការគូរគំនូរ និងផាត់ពណ៌ និង (5) ទំនាក់ទំនងខាងញាណរឺអារម្មណ៍ (S) មានដូចជាការញាំនំចំណី និងការសម្រាកក្នុងរយ:ពេលណាមួយមុនពេលដែលកុមារមានអាការ:ធុញថប់។

លោក Jade Cobbs ប្រធានផ្នែកគ្រប់គ្រងកាប៉ីន (Cabin) របស់ Emirates បានឲ្យដឹងថា អាកាសចរណ៏អ៊ែមមឺរឹត យល់ច្បាស់ក្តីបារម្ភរបស់ឪពុកម្តាយដែលតែងតែមានការញញើត នឹងគំនិតនៃការធ្វើដំណើរ ហោះហើរ ផ្លូវឆ្ងាយ ជាមួយកូនតូចៗដែលឆាប់អផ្សុុុក។ លោកបានបន្ថែមថា ការសិក្សានេះ អាចជួយឲ្យឪពុកម្តាយ ធ្វើដំណើរជាមួយកូនៗវ័យ ០ ដល់១២ឆ្នាំ អាចរៀបចំលំដាប់សកម្មភាព និងជម្រើសកាន់តែច្រើនបន្ថែមទៀត លើប្រព័ន្ធកម្សាន្ត នៅក្នុងពេលហោះហើរដែលមានស្រាប់របស់អ៊ែមមឺរឹត។

លោក Jade Cobbs ប្រសាសន៍ថា៖ “ពួកយើងដឹងយ៉ាងច្បាស់ថា ឪពុកម្តាយជារឿយៗតែងមានការញញើតនឹងគំនិតនៃការធ្វើដំណើរហោះហើរផ្លូវឆ្ងាយ ជាមួយកូនៗដែលឆាប់អផ្សុុុក។ ប៉ុន្តែឪពុកម្តាយមិនគួររង់ចាំរហូតដល់នាឡិកានៃភាពអផ្សុករោទិ៍នោះទេ។ ដែលនេះមិនតម្រូវតែលើការស្នើឲ្យបុគ្គលិកបម្រើការលើយន្ត ហោះផ្តល់កញ្ចប់សកម្មភាពកម្សាន្តផ្សេងៗ សម្រាប់កូនៗរបស់អ្នក ឬទស្សនាកម្មវិធីទូរទស្សន៍ ដែលមានលក្ខណ:ជាគ្រួសារ ឬភាពយន្តដែលមានស្រាប់នៅក្នុងប្រព័ន្ធកម្សាន្តនៅក្នុងពេលហោះហើររបស់ ក្រុមហ៊ុន អ៊ែមមឺរឹតនោះទេ ឪពុកម្តាយដែលធ្វើដំណើរជាមួយកូនៗអាចជៀសវាងភាពអផ្សុកតាមរយ: សកម្មភាព កម្សាន្តផ្សេងៗដែលបានរៀបចំទុករួមនិងហ្គេម និងការកម្សាន្តដែលមានស្រាប់នៅលើយន្តហោះ”។

តារាងកម្រិតភាពអផ្សុករបស់កុមារ (CBQ) វ័យក្រោម១២ឆ្នាំនេះ អាចទាញយកបាននៅលើគេហទំព័ររបស់ ក្រុមហ៊ុន អាកាសចរណ៍ អ៊ែមមឺរឹត ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]