មនុស្សគ្រប់រូបសុទ្ធតែត្រូវការការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជារឿងដែលមិនអាចចៀសផុត ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺជាការទំនាក់ទំនងក្នុងភាពជាដៃគូតែម្តង។ ការជ្រើសរើសដៃគូដើម្បីឲ្យត្រូវជាមួយនឹងអ្នក វាជារឿងមួយដែលលំបាក ព្រោះអ្នកត្រូវចំនាយពេលជាច្រើនដើម្បីមើលចិត្តគ្នា។ 

អ្វីដែលកាន់តែពិបាកទៅទៀតនោះគឺ នៅពេលដែលមើលចិត្តគ្នារួចរាល់ហើយ អ្នកនៅតែមិនច្បាស់ក្នុងចិត្តទៀតថា តើមនុស្សប្រភេទបែបនោះល្អឬអត់? ដើម្បីផ្តល់ជូនជាគន្លះខ្លះៗ ថ្ងៃនេះ ខ្មែរឡូត សូមនាំយកនូវព័ត៌មានមួយដែលនិយាយអំពី តើមនុស្សប្រភេទណាដែលអ្នកមិនគួរសេពគប់? ដើម្បីឲ្យដឹងកាន់តែច្បាស់តោះអានទាំងអស់គ្នា៖

១១. មនុស្សដែលចូលចិត្តរិះគន់ត្រាំត្រែង

មនុស្សប្រភេទនេះគឺចូលចិត្តមើលពីចំនុចមិនល្អរបស់អ្នកណាស់ ហើយគេព្យាយាមនិយាយអំពីចំនុចដែលគេមិនចូលចិត្ត ដើម្បីឲ្យអ្នកធ្វើការកែប្រែតាមអ្វីដែលគេចង់បាន ដោយគេមិនខ្វល់ថាអ្នកចូលចិត្តអ្វីឡើយ។

ប្រសិនបើអ្នករាប់អានជាមួយមនុស្សប្រភេទនេះ អ្នកកំពុងតែដើរផ្លូវខុសហើយ ព្រោះថ្ងៃណាមួយអ្នកធ្វើអ្វីមិនត្រូវចិត្តគេ គេនឹងបោះបង់អ្នកចោលភ្លាម។

រូបតំណាង

១០. មនុស្សដែលប្រច័ណ្ឌខុសរឿង

មានមតិមួយចំនួនលើកឡើងថា ការប្រច័ណ្ឌកាន់តែខ្លាំង បង្ហាញថាគេស្រលាញ់យើងកាន់តែខ្លាំង។ ក៏ប៉ុន្តែចូរអ្នកសាកស្រមៃបន្តិចមើលថា ប្រសិនបើគាត់ប្រច័ណ្ឌអ្នកសូម្បីតែជាមួយគ្រួសារ ជាមួយមិត្តភក្តិ ឬក៏ជាមួយអ្នកធ្វើការ តើអ្នកអាចទ្រាំបានទេ?

ការប្រច័ណ្ឌជាសញ្ញាមួយដែលបង្ហាញថាគាត់យកចិត្តទុកដាក់ចំពោះយើង តែប្រសិនបើការប្រច័ណ្ឌនោះវាខ្លាំងពេក វានឹងក្លាយជាអាវុធបំផ្លាញទំនាក់ទំនងអ្នកទៅវិញ។ 

រូបតំណាង

៩. មនុស្សកុហកច្រើន

មនុស្សកុហកគឺចូលចិត្តនិយាយពាក្យពិរោះពិសាណាស់ ព្រោះគេគិតថាធ្វើយ៉ាងណាដើម្បីឲ្យអ្នកជឿជាក់លើគេ។

ប្រសិនបើអ្នកជួបមនុស្សដែលចូលចិត្តនិយាយល្អ ចូលចិត្តបង្ហាញការយកចិត្តទុកដាក់ខ្លាំងពេក ចូរអ្នកចំនាយពេលបន្តិចដើម្បីសង្កេតមើលគាត់ ថាតើគាត់ជាមនុស្សល្អមែន ឬក៏កុហក។

រូបតំណាង

៨. ព្រះអង្គម្ចាស់ និងព្រះនាង ចូលចិត្ត ដ្រាម៉ា (Drama)

ព្រះអង្គម្ចាស់ និងព្រះនាង ដែលចូលចិត្តដ្រាម៉ា គឺគាត់មិនសូវមានការទុកចិត្តដៃគូនោះទេ។ គាត់តែងតែប្រើប្រាស់អារម្មណ៍ស្រមើស្រមៃរបស់គាត់ដើម្បីវិភាគទៅលើដៃគូរបស់គាត់។ អ៊ីចឹងហើយ នៅពេលដែលគាត់ស្រមើស្រមៃច្រើនពេក វានឹងក្លាយទៅជាការបង្កើតជាបញ្ហាទៅវិញ។

រូបតំណាង

៧. មនុស្សដែលគ្មានភាពម្ចាស់ការលើខ្លួនឯង

មនុស្សប្រភេទនេះ គឺគេគ្មានភាពម្ចាស់ការលើខ្លួនគេនោះទេ គេតែងតែពឹងផ្អែកទៅលើគ្រួសារ បងប្អូន មិត្តភក្តិ ឬក៏មិត្តប្រុស មិត្តស្រីរបស់គេជានិច្ច។ ហើយប្រសិនបើគ្រប់ពេលដែលគេត្រូវការអ្នក តែអ្នកមិននៅក្បែរគេ នោះនឹងមានបញ្ហាភ្លាម។ ដូច្នេះ ចូរអ្នកសាកគិតមើលបន្តិចថា តើអ្នកតែងតែអាចនៅក្បែរគាត់បានគ្រប់ពេលទេបានទេ?

រូបតំណាង

៦. មនុស្សញៀននឹងការងារ

មនុស្សប្រភេទនេះគឺគេស្រលាញ់ការងារណាស់។ គេនឹងមិនសូវខ្វាយខ្វល់ពីអ្នកប៉ុន្មាននោះទេ ដោយគេតែងតែទុកការងារគេសំខាន់ជាងអ្នកជានិច្ច។

រូបតំណាង

៥. មនុស្សដែលមានធាតុផ្ទុយគ្នា (ទឹកនិងប្រេង)

ជាការពិតណាស់ មនុស្សគ្រប់រូបមិនអាចមានភាពដូចគ្នាបាននោះទេ ហើយពួកគេក៏មិនអាចនៅជាមួយគ្នាបានដែរប្រសិនបើពួកគេមានលក្ខណៈខុសគ្នាខ្លាំងពេក។ ដូចសុភាសិតខ្មែរបានលើកឡើងថា ទឹកនឹងប្រេងមិនអាចនៅជាមួយគ្នាបានទេ។

រូបតំណាង

៤. មនុស្សដែលយកលុយជាធំ

មនុស្សប្រភេទនេះគឺល្អជាមួយអ្នកតែនៅពេលអ្នកមានលុយចាយឡូយឆាយនោះទេ តែប្រសិនបើអ្នកធ្លាក់ខ្លួនក្រ គេនឹងមិនស្គាល់អ្នកឡើយ។

រូបតំណាង

៣. មនុស្សញៀន

មនុស្សប្រភេទនេះគឺគេមិនខ្វាយខ្វល់ពីអ្នកណាទាំងអស់ និយាយឲ្យខ្លីទៅគឺគេខ្វល់តែរឿងស្រា បារី ថ្នាំ។ល។ ដូច្នេះ ប្រសិនបើអ្នកសេពគប់ជាមួយមនុស្សប្រភេទនេះ អ្នកច្បាស់ជារងទុក្ខធ្ងន់ហើយ។

រូបតំណាង

២. មនុស្សអាត្មានិយម

មនុស្សប្រភេទនេះគឺគេគិតតែពីខ្លួនឯងទេ ហើយពេលខ្លះសូម្បីតែខ្លួនឯងក៏គេមិនសូវខ្វល់ប៉ុន្មានដែរ។ ដូច្នេះហើយ វាគ្មានហេតុផលអ្វីដែលគេត្រូវចំនាយពេលខ្វាយខ្វល់ពីអ្នកឡើយ។

រូបតំណាង

១. មនុស្សចូលចិត្តតាមដានអ្នក

មនុស្សប្រភេទនេះគឺគេមិនទុកចិត្តអ្នកនោះទេ ព្រោះថាគេតែងតែតាមដានអ្នក សូម្បីតែសារ ការនិយាយទូរស័ព្ទ វេបសាយដែលអ្នកចូលមើល ឬក៏កិច្ចការអ្វីដែលអ្នកបានធ្វើ គឺគាត់តាមដាន និងចង់ដឹងទាំងអស់។

វាមិនខុសអ្វីទេដែលគ្រាន់តែធ្វើបែបនេះ តែដល់ពេលយូរៗទៅ អ្នកនឹងមានអារម្មណ៍ថាធុញមិនអាចទទួលយកបាន ព្រោះអ្នកគិតថា អ្នកគ្មានភាពជាឯកជនឡើយ ពេលនោះចំណងមិត្តភាពរបស់អ្នកនឹងប្រេះឆា។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]