អាមេរិក៖ មួយរយៈពេលមុន កូរ៉េខាងជើងត្រូវបានគេចោទប្រកាន់ថាលួចទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារសប្តាហ៍នេះវិញ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់អាមេរិក និងភ្នាក់ងារ FBI បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ព្រមានឲ្យដឹងថា Hackers របស់កូរ៉េខាងជើងមានការជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់មេរោគ ២ប្រភេទ ធ្វើការវាយប្រហារ (Hack) ទៅលើក្រុមហ៊ុនអន្តរជាតិមួយចំនួន ដែលភាគច្រើនស្ថិតនៅក្នុងវិស័យ អាកាសចរណ៍ ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ។

មេរោគមួយដែលកូរ៉េខាងជើងបានប្រើប្រាស់ មានឈ្មោះថា FALLCHILL ហើយមេរោគនេះប្រហែលជាត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ។ មេរោគមួយនេះអនុញ្ញាតឲ្យ Hacker ត្រួតពិនិត្យ និងប្រើប្រាស់កុំព្យូទ័រដែលត្រូវមានមេរោគនេះពីចម្ងាយផងដែរ។ FALLCHILL ត្រូវបានរីករាលដាលតាមរយៈឯកសារមួយចំនួនដែលដាក់ឲ្យអ្នកប្រើប្រាស់ទាញយកនៅលើប្រព័ន្ធអ៊ីនធឺណិត។

ចំណែកមេរោគមួយប្រភេទផ្សេងទៀត មានឈ្មោះថា Volgmer ហើយវាជាមេរោគកុំព្យទ័រមួយប្រភេទដែលបានរីករាលដាលតាមរយៈបច្ចេកទេសមួយ ដែលបញ្ឆោតឲ្យអ្នកប្រើប្រាស់ចុចទៅលើ Link ដែលគេបានទទួលតាមរយៈអ៊ីម៉ែលផងដែរ។ អាជ្ញាធរអាមេរិកបាននិយាយថាពួក Hacker របស់កូរ៉េខាងជើងបានប្រើប្រាស់ Volgmers យ៉ាងហោចណាស់ក៏ចាប់តាំងពីឆ្នាំ ២០១៣ដែរ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការចោទប្រកាន់ជាច្រើនសាយ៉ាងណាក្តី កូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ ថាខ្លួនជាអ្នកនៅពីក្រោយការវាយលុក តាមរយៈប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

លោក Kim Jung Un
លោក Kim Jung Un ពេលចុះត្រូតពិនិត្យទាហាន
លោក Donald Trump

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]