ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្បែររោ ងចក្រ ផលិតទឹកកករបស់កូនប្រុស លោក  តុង សេង  មានទីតាំង ស្ថិតនៅភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បាននាំគ្នាដាក់ពាក្យបណ្ដឹង ទៅមេភូមិ ចៅសង្កាត់ និងចុងក្រោយនេះពួកគាត់នាំគ្នា ទៅប្ដឹងនៅសាលាខណ្ឌ ដើម្បីឱ្យជួយ ដោះស្រាយ ករណី រោងចក្រផលិតទឹកកកខាងលើ បញ្ចេញសំឡេងនិងក្លិនស្អុយ ជាពិសេសជាតិអាម៉ូញ៉ាក់ ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ការរស់ នៅរបស់ពួកគាត់។ ប៉ុន្ដែរហូតមកដល់ពេលនេះ មន្ដ្រីខាងសាលាខណ្ឌ បានត្រឹមតែកោះហៅ ភាគីទាំងសងខាង ទៅដោះស្រាយ តែនៅមិនទាន់មានលទ្ធផល អ្វីនោះទេ។

តំណាងប្រជាពលរដ្ឋម្នាក់ បានប្រាប់ដើមអម្ពិល ឱ្យដឹងថា ក្រោយពួកគាត់ដាក់ពាក្យបណ្ដឹង ជាបន្ដបន្ទាប់មក កាលពី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ លោកស្រី រ៉ូហ្សា មី អភិបាលរង ខណ្ឌឫស្សីកែវ បានកោះហៅពួកគាត់ ចំនួន ៧នាក់ ទៅធ្វើការដោះស្រាយ ជាមួយតំណាងម្ចាស់រោងចក្រ តែការដោះស្រាយនោះ មិនទទួលបាន លទ្ធផលអ្វីជាដុំកំភួននោះទេ តែអាជ្ញាធរសន្យាថា នឹងបញ្ជូនមន្ដ្រីចុះទៅធ្វើការត្រួតពិនិត្យមើល ទីតាំងរោងចក្រ នោះសិន។ ក្នុងនោះ តាមសម្ដីមន្ដ្រី សាលាខណ្ឌបានអះអាងថា បើយោងតាមសំណូមពរ របស់ប្រជាពលរដ្ឋ សូមឱ្យ ផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅកន្លែងផ្សេងនោះ គឺអាជ្ញាធរមិនមានលទ្ធភាព ជួយ ដោះស្រាយបានទេ តែបើដំណោះ ស្រាយផ្សេង គឺខាងអាជ្ញាធរអាចជួយដោះស្រាយបាន។

សូមបញ្ជាក់ថា ថៅកែរោងចក្រផលិតទឹកកកខាងលើនេះ ត្រូវបានគេស្គាល់ថា គឺជារបស់កូនប្រុសលោក តុង សេង បច្ចុប្បន្នមានតួនាទី ជាអភិបាលរងខេត្ដកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះ ថៅកែខាងលើមិនមែនមានរោងចក្រតែមួយ នោះទេ គឺនៅមានជាច្រើនកន្លែងទៀត ដូចជានៅស្វាយប៉ាក នៅក្រុងតាខ្មៅ ជាដើម។

ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ ដោយសាររោងចក្រផលិតទឹកកកខាងលើនេះ បានអះអាងថា បច្ចុប្បន្ន ពួកគាត់ ដែលមានផ្ទះនៅជាប់រោងចក្រខាងលើ គឺពិបាករស់នៅយ៉ាងខ្លាំង ដោយសារតែសំឡេងម៉ាស៊ីនទឹកកក បញ្ឆេះស្ទើរ ២៤ម៉ោង ហើយជាពិសេសនោះ គឺរោងចក្រនេះ បានប្រើជាតិអាម៉ូញ៉ាក់ ធ្វើឱ្យភាយ ក្លិនចេញពិបាក ទ្រាំបំផុត ហើយបើអ្នកមានសុខភាពខ្សោយ ឬអ្នកមានជំងឺ គឺមិនអាចរស់នៅកើតនោះទេ ។

ដូច្នេះ សូមឱ្យអាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីជំនាញជួយចុះទៅធ្វើការត្រួតពិនិត្យមើល ឱ្យបានឆាប់ផង កុំធ្វើដូចមន្ដ្រីមូលដ្ឋាន ពេលប្រជាពរលដ្ឋទៅប្ដឹង បែរជាពោល ពាក្យថា បើរស់នៅមិនកើតទេ លក់ផ្ទះដើរចេញទៅ នោះទេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]