ចំណីអាហារជាផ្នែកមួយដ៏សំខាន់ដែលអាចជួយទ្រទ្រង់សុខភាព និងសម្រស់រាងកាយរបស់អ្នកទាំងមូលបាន។ មានចំណីអាហារមួយចំនួនអ្នកបានជ្រាបរួចមកហើយថា មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់អ្នកទទួលទាន តែមនុស្សមួយចំនួនបែរជាគ្មានប្រសិទ្ធភាពថែមទាំងអាចប៉ះពាល់ដល់សុខភាពទៅវិញ។ អ្នកប្រាកដជាមានចម្ងល់ហើយមែនទេ? ជាការពិតណាស់បើទោះបីជាមានចំណីអាហារជាច្រើនមានគុណសម្បត្តិចំពោះសុខភាពរបស់អ្នកយ៉ាងណាក៏ដោយ ប៉ុន្តែរបៀប និងពេលវេលាទទួលទានអាចបណ្តាលឱ្យជះឥទ្ធិពលដល់អត្ថប្រយោជន៍ទាំងនោះបានផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកពេលវេលាដែលសាកសមបំផុត និងគួរចៀសវាងក្នុង ការទទួលទានអាហារសំខាន់ៗ និងពេញនិយមទាំង៧ប្រភេទនេះដូចខាងក្រោម៖    

# ផ្លែចេក

ពេលវេលាដែលអ្នកអាចបរិភោគផ្លែចេកល្អចំពោះសុខភាពបំផុតគឺពេលថ្ងៃត្រង់ ព្រោះផ្លែចេកអាចជួយការពារអាការចុកដើមទ្រូង ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងធ្វើឱ្យអ្នកមានកម្លាំងពលំល្អសម្រាប់ការប្រកបកិច្ចការរហូតដល់ពេញមួយថ្ងៃឯណោះ។

ពេលដែលអ្នកមិនគួរញ៉ាំនោះគឺពេលយប់ បន្ទាប់ពីទទួលអានអាហារពេលល្ងាចរួច ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក បង្កើនបរិមាណស្លេស និងទឹករំអិលដែលធ្វើឱ្យក្អក ព្រមទាំងធ្វើឱ្យឡើងជាតិអាស៊ីតក្នុងឈាមប្រសិនជាទទួលទានទាំងពោះទទេរ។  

ផ្លែចេកទទួលទានពេលថ្ងៃល្អ ​តែមិនគួរទទួលទាននៅពេលយប់មុនចូលគេង

# ផលិតផលក្រែមធ្វើពីទឹកដោះគោ (Curd)

ផលិតផលធ្វើពីក្រែមទឹកដោះគោ (Curd) ជាក្រុមអាហារប្រភេទ Probiotic ដែលមានផ្ទុកទៅដោយបាក់តេរីល្អៗជួយដល់សុខភាពក្រពះពោះវៀន និងប្រព័ន្ធរំលាយអាហារ។ ដូច្នេះការទទួលទានពេលថ្ងៃជាការល្អបំផុត។

អ្នកគួរចៀសវាងទទួលទានផលិតផលធ្វើពីក្រែមទឹកដោះគោ (Curd) នៅពេលយប់ ព្រោះវាអាចបណ្តាលឱ្យអ្នកកើតជំងឺផ្តាសាយ ក្អក ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធដង្ហើមទៀតផង។ 

ផលិតផលក្រែមធ្វើពីទឹកដោះគោ (Curd)ល្អប្រសិនជាទទួលទានពេលថ្ងៃ និងមិនល្អសម្រាប់ពេលយប់

# ទឹកដោះគោ

គុណប្រយោជន៍ដែលអ្នកអាចទទួលបានល្អបំផុតសាកសមសម្រាប់ការទទួលទានទឹកដោះគោ គឺពេលយប់ ព្រោះពេលយប់រាងកាយរបស់អ្នកបានសម្រាក ដូច្នេះទឹកដោះគោងាយនឹងធ្វើការរំលាយ និងស្រូបចូលទៅក្នុងរាងកាយទាំងមូល។

ពេលវេលាដែលចៀសវាងទទួលទានទឹកដោះគោគឺពេលព្រឹក ព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្ជិលច្រអូសលើកដៃលើកជើងមិនរួច បន្ថែមពីនោះនឹងធ្វើឱ្យក្រពះរបស់អ្នកពិបាកនឹងធ្វើការរំលាយផងដែរ។

ទឹកដោះគោល្អចំពោះសុខភាពនៅពេលយប់មិនពេលចូលគេង ​តែមិនល្អសម្រាប់ការទទួលទានពេលព្រឹក

# ផ្លែប៉ោម

ការទទួលទានផ្លែប៉ោម១ក្នុងមួយថ្ងៃមានប្រយោជន៍ចំពោះសុខភាពរបស់អ្នកណាស់ ព្រោះតែវាសម្បូរទៅដោយជាតិកាកសសៃ សារធាតុ Flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារហានិភ័យនៃការកើតជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម និងជំងឺបេះដូង។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏គាប់ចិត្តនេះប្រសិនជាទទួលទានផ្លែប៉ោមជារៀងរាល់ព្រឹក។

ម្យ៉ាងវិញទៀត អ្នកមិនគួរទទួលទានផ្លែប៉ោមពេលល្ងាច ឬពេលយប់នោះឡើយ ព្រោះពេលយប់ផ្លែប៉ោមនឹងបង្ករឱ្យមានអាស៊ីតសរីរាង្គ ដែលធ្វើឱ្យរាងកាយរបស់អ្នកឡើងកម្រិតជាតិអាស៊ីតហើយមានផលប៉ះពាល់ដល់សុខភាពទៅវិញ។  

ផ្លែប៉ោមល្អចំពោះសុខភាពនៅពេលព្រឹក និងមិនគួរទទួលទាននៅពេលយប់

# បាយ

ពេលវេលាដែលសាកសមបំផុតសម្រាប់ការទទួលទានបាយគឺជាពេលថ្ងៃ។ អ្នកអាចញ៉ាំបាយជាអាហារថ្ងៃត្រង់ ដែលរយៈពេលនេះប្រព័ន្ធ Metabolism របស់អ្នករឹងមាំអាចរំលាយអាហារបានយ៉ាងល្អ។

នៅពេលយប់អ្នកមិនគួរទទួលទានបាយនោះឡើយ ព្រោះជាពេលដែលប្រព័ន្ធ Metabolism ខ្សោយមិនអាចធ្វើការរំលាយអាហារបានល្អ ។ ជាពិសេសបាយមានជាតិម្សៅច្រើនដែលអាចធ្វើឱ្យក្រពះអ្នកតឹងណែន ថែមទាំងធ្វើឱ្យអ្នកឡើងទម្ងន់បានផងដែរ។  

បានសាកសមសម្រាប់ទទួលទានពេលថ្ងៃ មិនគួរទទួលទានពេលល្ងាច​ឬយប់

# កាហ្វេ

មនុស្សភាគច្រើនតែងតែមានទម្លាប់ផឹកកាហ្វេសឹងតែគ្រប់ពេល មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ។ តែការពិតការទទួលទានកាហ្វេដែលសាកសម និងល្អចំពោះសុខភាពបំផុតនោះ គឺពេលថ្ងៃត្រង់អំឡុងពេលម៉ោង ១ ទៅម៉ោង ៥ ឬក៏រយៈពេលដែលអ្នកភ្ញាក់ពីគេងពេលព្រឹកយ៉ាងហោចណាស់ក៏ ១ ទៅ ២ម៉ោងដែរដែលភាគច្រើនគឺម៉ោង ៩កន្លះព្រឹក ទៅម៉ោង ១១កន្លះ ព្រោះរយៈពេលនេះអរម៉ូន Cortisol របស់អ្នកធ្លាក់ចុះដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ និងមានកម្លាំងពេញមួយថ្ងៃពេលដែលបានក្រេបកាហ្វេមួយពែងរួចហើយ។

ពេលដែលអ្នកមិនគួរផឹកកាហ្វេទាល់តែសោះនោះគឺពេលយប់ និងពេលព្រឹកព្រលឹមពេក ព្រោះពេលនោះជាតិកាហ្វេអ៊ីននឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហាដូចជាមាន អាការរលាក ឬក្រហាយក្រពះ ដែលជាហេតុធ្វើឱ្យអ្នកមិនស្រួលខ្លួនផងដែរ។  

កាហ្វេគួរតែផឹកនៅពេលថ្ងៃ ​និងចៀសវាងពេលព្រឹកព្រលឹម និងពេលយប់

# គ្រាប់ធញ្ញជាតិ និងសណ្តែក (Pulses and beans)

រាល់គ្រាប់ធញ្ញជាតិ និងសណ្តែក (Pulses and beans) សម្បូរទៅដោយកាកសសៃ មានជាតិកាឡូរីទាប អាចជួយដល់ប្រព័ន្ធរំលាយអាហារ ថែមទាំងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ល្អ ប្រសិនជាអ្នកទទួលទានវានៅពេលយប់។

ពេលអ្នកមិនត្រូវទទួលទានវានោះគឺនៅពេលព្រឹក ព្រោះវានឹងធ្វើឱ្យអ្នកកាន់តែឃ្លានមិនឈប់មិនឈរ ហើយទទួលទានចំណីអាហារផ្សេងៗកាន់តែច្រើនជាងមុនថែមទៀតផង៕

គ្រាប់ធញ្ញជាតិ និងសណ្តែក (Pulses and beans) គួរទទួលទានពេលយប់ ​ចៀសវាងនៅពេលព្រឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]