ភ្នំពេញ ៖ នេះជាល្បិចថ្មីលើកទី១ ហើយ ដែលត្រូវបានគេជួបប្រទះ នៅពេលដែលមាន មនុស្សឆបោក ហ៊ានតាំងខ្លួនជាថ្នាក់ដឹកនាំ នៅក្នុងក្រសួងការងារ ហើយធ្វើសកម្មភាព បោកប្រាស់តាម រយៈការសុំថវិកា ពីប្រជាពល រដ្ឋ ដោយកុហកថាយកទៅឧបត្ថម្ភក្រុមយុវ ជនស្ម័គ្រចិត្ដសម្ដេចតេជោ ហ៊ុន សែន ដែល បាននឹងកំពុងចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្ដ ប៉ុន្ដែល្បិចឆបោកក្នុងរូប ភាពថ្មីខាងលើនេះ មិនទទួលបានជោគជ័យ នោះឡើយ ពោលត្រូវបានភាគីជនរងគ្រោះ ដឹងទាន់ក៏ប្ដឹងទៅសមត្ថកិច្ចមកឃាត់ខ្លួន ភ្លាមៗ តែម្ដង។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឆបោករូប នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ខណៈដែលជនសង្ស័យដែលត្រូវឃាត់ ខ្លួននេះ បានឆ្លើយបដិសេធដោយប្រាប់សមត្ថ កិច្ចថា ខ្លួនត្រូវបានគេបោកបន្ដប៉ុណ្ណោះ។

យោងតាមមន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនដោយយោងតាមពាក្យបណ្ដឹងរបស់ជន រងគ្រោះ ដែលជានាយកប្រតិបត្ដិការសាលា កូរ៉េខេធីអិនស៊ី មានឈ្មោះឆេង សុផា ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូ ឌុប រស់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីការសាក សួរជនរងគ្រោះរួចមក បានដឹងថា កាលពី ប៉ុន្មានថ្ងៃមុន ខណៈដែលរូបលោកកំពុងធ្វើ ការស្រាប់តែបានទទួលទូរស័ព្ទពីបុរសម្នាក់ ដោយអះអាងថា ជាប្រធាននាយកដ្ឋានរដ្ឋ បាលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ ហើយទាក់ទងទូរស័ព្ទមកនេះ ដើម្បី ស្នើសុំថវិកាពីសាលាកូរ៉េ ចំនួន១០០ដុល្លារ យកទៅឧបត្ថម្ភក្រុមយុវជនស្ម័គ្រចិត្ដរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននឹងកំពុង បំពេញបេសកកម្មការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដ ។ បន្ទាប់ ពីទទួលទូរស័ព្ទខាងលើនេះ ជនបោកប្រាស បានប្រើបុរសម្នាក់ទៀត ដោយអះអាងថា ជាជំនួយការរបស់ខ្លួនទៅជួប ដើម្បីយក លុយ ។ លុះពេលក្រោយមក ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ក៏បាន មកជួបជនរងគ្រោះនៅសាលាភាសាកូរ៉េតែ ម្ដង ហើយបានទូរស័ព្ទទៅជនរងគ្រោះ ហើយ ពេលនោះជនរងគ្រោះបានហៅចូលទៅក្នុងបន្ទប់ ដើម្បីយកលិខិតដែលផ្ញើមកពីប្រធាន នាយកដ្ឋានរដ្ឋបាលក្រសួងការងារ រួចហើយ ជនសង្ស័យដែលត្រូវបានជនរងគ្រោះអះអាង ថា ជំនួយការរបស់ប្រធាននាយកដ្ឋានរដ្ឋបាល នោះ ក៏ត្រឡប់ទៅវិញ ។

សមត្ថកិច្ចបានបន្ដទៀតថា នៅពេលនោះ ជនរងគ្រោះមិនទាន់បានប្ដឹងសមត្ថកិច្ចភ្លាមៗ នោះឡើយ ក្រោយពីមានការសង្ស័យ ពីព្រោះ គ្មានភស្ដុតាងពិតប្រាកដក៏បានទាក់ទងទៅ ថ្នាក់ដឹកនាំក្រសួងការងារ ទើបដឹងថា លិខិត ស្នើសុំលុយយកទៅឧបត្ថម្ភក្រុមយុវជនស្ម័គ្រ ចិត្ដសម្ដេចតេជោ ហ៊ុន សែននោះ គឺជារឿង បោកប្រាសសុទ្ធសាធ ដោយក្រសួងមិនបាន ធ្វើនោះឡើយ ។ បន្ទាប់ពីដឹងថា មានជន បោកប្រាសធ្វើល្បិចកលយ៉ាងដូច្នេះជនរង គ្រោះ ក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ប៉ុស្ដិ៍ចោមចៅ រួចហើយក៏រៀបចំគម្រោង ទាក់ទៅជនសង្ស័យឱ្យមកយកប្រាក់ នៅ សាលាកូរ៉េ ដើម្បីចាប់ខ្លួន ។ លុះនៅព្រឹកថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨ ជនសង្ស័យក៏បានធ្វើដំណើរមកដល់សាលា ភាសាកូរ៉េ ពិតប្រាកដមែន រួចហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ហើយទៅសួរ នាំនៅកន្លែងប៉ុស្ដិ៍ ដើម្បីចាត់ការបន្ដតាមនីតិ វិធី ។

ចំពោះករណីខាងលើនេះ ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានបដិសេធ ដោយអះអាងថា ខ្លួនក៏ត្រូវបានគេបោកប្រាស់ ដែរ។

ជនសង្ស័យឆេង សុខា បាននិយាយថា ខណៈដែលខ្លួនកំពុងអង្គុយលើម៉ូតូ ដើម្បីរត់ ឌុបនោះ ស្រាប់តែមានបុរសម្នាក់ដែលខ្លួន មិនស្គាល់នោះ បានជិះម៉ូតូមួយគ្រឿងយក សំបុត្រមួយច្បាប់ ដើម្បីឱ្យយកទៅឱ្យនាយក ប្រតិបត្ដិសាលាភាសាកូរ៉េ ដោយមិនដឹងថា ខ្លឹមសារសំបុត្រនោះ មានអត្ថន័យយ៉ាងណា នោះទេ នោះនៅថ្ងៃកើតហេតុក៏ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

យ៉ាងណាក៏ដោយ ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍ នគរបាលសង្កាត់ចោមចៅ ដើម្បីចាត់ការ តាមនីតិវីធី ខណៈដែលមេខ្លោងធំដែលតាំង ខ្លួនជាប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងការងារ នោះ បាននឹងកំពុងរត់គេចខ្លួន៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]