ភ្នំពេញ៖ ប្រហិតគឺជា អាហារសម្រន់មួយបែប ដែលកំពុងតែពេញនិយម ជាពិសេសសម្រាប់ យុវវ័យនាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែង សម្រាប់រសជាតិនៃអាហារសម្រន់បែបនេះ គឺអាស្រ័យទៅលើទឹកជ្រលក់ តែប៉ុណ្ណោះ។ បើសិនជាអ្នកលក់ ពូកែធ្វើទឹកជ្រលក់ឲ្យមានឱជារសជាតិ ឈ្ងុយឆ្ងាញ់នោះ អតិថិជនរបស់គាត់ ក៏សម្បូរទៅតាមនោះដែរ។

យ៉ាងណាមិញថ្ងៃនេះ ខ្មែរឡូត សូមនាំអារម្មណ៍ អស់លោកអ្នកមកស្គាល់ ប្រហិតមួយកន្លែង ដែលមានទឹកជ្រលក់ប្លែកពីគេ ឯចំពោះរហ័សនាមរបស់ប្រហិតនោះវិញ គ្រាន់តែលឺ គឺបះសក់តែម្តង ហើយមានទីតាំង នៅខាងកើតផ្សារទួលទំពូង។ 

រូបភាពប្រហិត តិរច្ឆានឬប្រហិតខ្ចប់ស្លឹកឈូក

បងស្រីម្នាក់ ដែលជាអ្នកលក់ប្រហិតនៅទីនោះផ្ទាល់ ដែលសុំមិនបញ្ចេញឈ្មោះ បានផ្តល់បទសម្ភាសន៍ មកក្រុមការងារខ្មែរឡូតថា៖ មុខរបរលក់ប្រហិតនេះ គឺមានរយៈពេលជាង១០ឆ្នាំមកហើយ ហើយមុខរបរមួយនេះផងដែរ គឺជារបរដែលបន្តពីម្តាយរបស់គាត់។ ជារៀងរាល់ថ្ងៃ គាត់ចាប់ផ្តើមលក់ប្រហិតនេះ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង ១០យប់ប៉ុណ្ណោះ ព្រោះថាកន្លែងដែលបងស្រីលក់ គឺជាកន្លែងដាក់ផ្ញើម៉ូតូនៅពេលថ្ងៃ។

រូបភាពប្រហិត តិរច្ឆានឬប្រហិតខ្ចប់ស្លឹកឈូក

បងស្រីបានបន្តទៀតថា៖ ប្រហិតរបស់គាត់ មានរហ័សនាមពិសេសមួយ ដែលមានឈ្មោះថា ប្រហិតតិរច្ឆាន ដែលឈ្មោះនេះ គឺត្រូវបានហៅដោយម៉ូយប្រចាំកន្លែងគាត់តែម្តង។ មូលហេតុដែល ប្រហិតនេះ មានឈ្មោះចម្លែកបែបនេះ គឺដោយសារតែ គាត់ចូលចិត្ត និយាយបែបមួយម៉ាត់ៗ ប៉ុន្តែក្នុងន័យលេងសើចនិងកំប្លែងតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យអតិថិជនរបស់គាត់ ដាក់រហ័សនាមមួយនេះ ឲ្យប្រហិតរបស់គាត់តែម្តង ដោយឡែកយើងក៏អាចហៅប្រហិតនេះថា ប្រហិតខ្ចប់ស្លឹកឈូកក៏បានដែរ។

យ៉ាងណាមិញ នៅកន្លែងរបស់គាត់ មានលក់ប្រហិតជាច្រើនមុខ ដូចជា៖ ប្រហិតសាច់គោ ហតដក និងប្រហិតផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ ក៏មានប្រហិតសាច់ត្រីខ្ចប់ជាមួយ នំបុ័ង និងបន្លែដូចជា ពោត ម្រះ ខាត់ណា ប្រូខូលី ថែមទៀតផង។ សម្រាប់ប្រហិតទាំងអស់នេះ បងស្រីគាត់បានប្រាប់ថា គាត់អាចលក់អស់ប្រហិតសាច់ត្រី ជាង១០គីឡូ ហើយបើសិនជាសរុប ប្រហិតទាំងអស់វិញ អាចចូល៣០គីឡូ និងនំបុ័ងជាង២០ដើមក្នុងមួយថ្ងៃ។

រូបភាពប្រហិត តិរច្ឆានឬប្រហិតខ្ចប់ស្លឹកឈូក

ចំពោះលក្ខណៈពិសេស ដែលធ្វើឲ្យប្រហិតមួយកន្លែងនេះ មានអតិថិជនយ៉ាងច្រើនកុះករបែបនេះ គឺដោយសារតែ ទឹកសៀងរបស់បងស្រី មានរសជាតិប្លែកពីគេ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺមានជ្រក់ខ្ទឹមពិសេស នៅក្នុងទឹកជ្រលក់នោះ និងមានខ្ចប់ស្លឹកឈូក ថែមទៀតផង។ ហើយបងស្រីបានបញ្ជាក់បន្ថែមថា ទឹកជ្រលក់និង ជ្រក់ខ្ទឹម គឺបងស្រីធ្វើដោយផ្ទាល់ដៃ និងធានាអនាម័យជូន។

រូបភាពប្រហិត តិរច្ឆានឬប្រហិតខ្ចប់ស្លឹកឈូក

ដោយឡែក បើនិយាយពីចំណូលរបស់គាត់ក្នុងមួយថ្ងៃៗវិញ គឺមិនធម្មតានោះទេ ដោយផ្អែកតាមការរៀបរាប់ ពីការលក់របស់បងស្រីខាងលើ។ ឯចំពោះសាខារបស់ប្រហិត ឈ្មោះចម្លែកដែលមានរសជាតិឆ្ងាញ់មួយនេះវិញ គឺមានទីតាំងតែមួយកន្លែងតែប៉ុណ្ណោះ ។

ដូច្នេះហើយ បើសិនជាប្រិយមិត្តអ្នកអាន មានបំណងចង់ទៅសាក ប្រហិតរហ័សនាមតិរច្ឆាន មួយនេះ គឺមានទីតាំងនៅខាងកើត ផ្សារទួលទំពូង ហើយចាប់ផ្តើមលក់ពីម៉ោង ៥ល្ងាច ដល់ ម៉ោង១០យប់ ប៉ុណ្ណោះ៕ 

ទិដ្ឋភាពអតិថិជនចូលទិញប្រហិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]