ម៉ិចស៊ិក៖ ទារកអាយុទើបតែ១០ខែសោះ មានទម្ងន់ដល់ទៅរាប់សិបគីឡូក្រាម បង្កឲ្យមានការភ្ញាក់ផ្អើល ហើយថែមទាំងត្រូវបានគេចាត់ទុកថា ជាទារកដែលធាត់ មានទម្ងន់ធ្ងន់ជាងគេបង្អស់លើពិភពលោកទៀតផង ស្របពេលដែលគ្រួសាររបស់ក្មេងនេះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងគីឡូខុសពីប្រក្រតីនេះ។

ទារកខាងលើត្រូវបានគេស្គាល់ឈ្មោះថា Luis Manuel Gonzales រស់នៅក្នុងទីក្រុង Tecoman រដ្ឋ Colima ប្រទេសម៉ិចស៊ិក មានអាយុ១០ខែ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាទម្ងន់របស់គេពិតជាធាត់ហួសពីការស្មាន រហូតដល់ទៅ ២៨គីឡូក្រាម

Luis Manuel Gonzales មានអាយុទើបតែ១០ខែ តែទម្ងន់ដល់ទៅ២៨គីឡូក្រាម

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅពេលកើត Luis Manuel មានទម្ងន់ជាមធ្យមត្រឹមតែ ៣,៥គីឡូក្រាមតែប៉ុណ្ណោះ ដូចទៅនឹងបងប្រុសរបស់គេឈ្មោះ Mario ដែលអាយុជិត៣ឆ្នាំដែរ ប៉ុន្តែទម្ងន់ និងមាឌរបស់បងប្រុសគេ មិនរីកធំដូច Luis ទេ។

កុមារា Luis ត្រូវបានគេរាយការណ៍ថា នៅពេលដែលគេអាយុបាន២ខែ ស្រាប់តែទម្ងន់របស់គេឡើងដល់ ១០គីឡូក្រាម ហើយនៅអាយុ៨ខែបន្ទាប់ ឡើងដល់១៨គីឡូក្រាម រហូតមកដល់អាយុបាន១០ខែនេះ គីឡូរបស់គេកាន់តែឡើងជាលំដាប់រហូតដល់ ២៨គីឡូក្រាមតែម្តង។

នាង Isabel Pantoja អាយុ២៤ឆ្នាំ រួមទាំងស្វាមីឈ្មោះ Mario Gonzales មានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងទៅនឹងទម្ងន់ខុសពីប្រក្រតី របស់កូនប្រុសពួកគេ។ នាង Isabel និយាយថា វាអាចបណ្តាលមកពីទឹកដោះរបស់នាងល្អហើយ ទើបបានជាកូនប្រុសរបស់នាងបៅថ្លោសខ្លាំងយ៉ាងដូច្នេះនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការភ័យខ្លាចក៏តែកើតមាន រហូតទីបំផុតឪពុកម្តាយរបស់កុមារាខាងលើ សម្រេចចិត្តបង្កើតនូវហ្វេសប៊ុកផេកមួយ ដើម្បីរៃអង្គាស់ប្រាក់នាំយក Luis Manuel ទៅធ្វើការពិនិត្យនិងថែទាំសុខភាពផងដែរ ព្រោះថាគ្រួសាររបស់គេមិនមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងរាល់ការចំណាយផ្សេងៗនោះទេ។

ប្រភពបានឲ្យដឹងថា ឪពុកម្តាយរបស់ Luis តែងតែយកគេទៅធ្វើតេស្តពិនិត្យឈាមមើលសឹងតែរាល់ថ្ងៃ ពោលគឺ៤ដងក្នុងមួយសប្តាហ៍ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈការសិក្សានិងការតាមដានសភាព ខុសប្រក្រតីរបស់ Luis ក្រុមគ្រូពេទ្យនៅតែរកចម្លើយមិនទាន់ជាក់ច្បាស់។

ក្រុមគ្រូពេទ្យបានប្រាប់ថា អាណាព្យាបាលកុមារថា Luis អាចនឹងតម្រូវឲ្យចាក់ថ្នាំអ័រម៉ូនដែលមានតម្លៃ ៤២១ផោន (ប្រហែលជា៥៥០ដុល្លារអាមេរិក) ឯណោះក្នុងមួយលើក ដើម្បីការពារដល់សុខភាពរបស់គេ។

កុមារា Luis ត្រូវបានគេរាយការណ៍ថា នៅពេលដែលគេអាយុបាន២ខែ ស្រាប់តែទម្ងន់របស់គេឡើងដល់ ១០គីឡូក្រាម
នៅអាយុ៨ខែបន្ទាប់ ឡើងដល់១៨គីឡូក្រាម

បើទោះបីជាយ៉ាងណាក្តី តាមរយៈការសន្និដ្ឋានជំហានដំបូង របស់ក្រុមគ្រូពេទ្យបានជឿជាក់ថា កុមារា Luis អាចនឹងកើតមានជំងឺកម្រម្យ៉ាងហៅថា «Prader-Willi Syndrome» ជាលក្ខខណ្ឌនៃហ្សែនដ៏កម្រមួយ ធ្វើឲ្យសាច់ដុំមានការចុះខ្សោយ មានចំណង់អាហារមិនចេះឈប់ បើទោះបីជាក្មេងនោះមិនញ៉ាំ​ក្តី ក៏នៅតែធ្វើឲ្យធាត់បាន និងថែមទាំងអាចប្រឈមមុខ នៃការកើតជំងឺផ្សេងៗរួមមាន បេះដូង ទឹកនោមផ្អែម និងបង្អាក់ដល់ការលូតលាស់ផ្នែកខួរក្បាល និងប្រដាប់បន្តពូជបានថែមទៀតផង។

ម្តាយឪពុករបស់កុមារា Luis Manuel បានឲ្យដឹងទៀតថា ពួកគេពិតជាអស់សង្ឃឹម និងនឿយហត់ជាខ្លាំងក្នុងការជួយសង្គ្រោះជីវិតកូនប្រុស។ ព្រោះថា Luis មិនអាចសូម្បីតែ ដើរនិងវារបានឡើយ។ ជារួមគឺគេបានត្រឹមតែអង្គុយនៅមួយកន្លែងតែប៉ុណ្ណោះ។

បច្ចុប្បន្នគ្រួសារមួយនេះ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺកូនប្រុស ៕ 

មកដល់អាយុបាន១០ខែនេះ គីឡូរបស់គេកាន់តែឡើងជាលំដាប់រហូតដល់ ២៨គីឡូក្រាមតែម្តង
តាមរយៈការសន្និដ្ឋានជំហានដំបូងរបស់ក្រុមគ្រូពេទ្យ បានជឿជាក់ថា កុមារា Luis អាចនឹងកើតមានជំងឺកម្រម្យ៉ាងហៅថា «Prader-Willi Syndrome»
បច្ចុប្បន្នគ្រួសារមួយនេះ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺកូនប្រុស
បច្ចុប្បន្នគ្រួសារមួយនេះ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺកូនប្រុស
បច្ចុប្បន្នគ្រួសារមួយនេះ កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]