ខេត្តបន្ទាយមានជ័យៈ រថយន្តដឹកសិស្ស របស់អង្គការ ដុនបូស្កូ មួយគ្រឿង បានក្រឡាប់កាល ពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅមុខធនាគារ អេស៊ីលីដា លើកំណាត់ផ្លូវជាតិ លេខ៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យសិស្សប្រុស-ស្រី រងរបួសធ្ងន់ ស្រាល២៥នាក់ តែមិនមាននរណាស្លាប់ បាត់បង់ជីវិតនោះទេ។

នគរបាលចរាចរក្រុងប៉ោយប៉ែត បានឲ្យដឹងថា សិស្សរងគ្រោះមានស្រី១១នាក់ ប្រុស១៤នាក់ ហើយខ្លះ របួសក្បាល ខ្លះរបួសដៃ ជើង និងខ្លួន ពួកគេរស់នៅក្នុងក្រុង កើតហេតុខាងលើ ដែលជា កូនរបស់ក្រុម គ្រួសារក្រីក្រ ត្រូវបានខាងអង្គការ ប្រមូលឲ្យមករៀននៅ ទីតាំងរបស់អង្គការ ដុនបូស្កូ។ អ្នកបើកបរ រថយន្តឈ្មោះឌី  ប្រេម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួសដាច់ម្រាមដៃខាងឆ្វេង ដោយសាររថយន្ត ក្រឡាប់ សង្កត់លើ។ក្រោយកើតហេតុ កូនសិស្សប្រុសស្រី រងគ្រោះទាំងនោះត្រូវ បានគេបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យដោយរថយន្ត អង្គការកាម៉ា។

នគរបាលបានបញ្ជាក់ថា ករណីរថយន្តក្រឡាប់នេះមិនបានបុកជាមួយគេទេ គឺរថយន្តនេះ ក្រឡាប់ តែម្នាក់ឯង ដែលតាមការសន្និដា្ឋន បណ្តាលមកពីអ្នក បើកបរ បើក ក្នុងល្បឿនលឿន មកដល់ចំណុច កើតហេតុជាផ្លូវកោង បត់មិនទាន់ទើបបណ្តាល ឲ្យមានបញ្ហាតែម្តង៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]