ព្រះវិហារ ៖ អ្នកបើករថយន្ដ ដឹកដីកង់១២ របស់កងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើការ ជួសជុល និងពង្រីកផ្លូវ នៅ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ពិតជា សំណាង មួយក្នុងមួយពាន់គ្រោះថ្នាក់ ដោយសារតែរូប គេបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នៅ ពេលដែលរថយន្ដរបស់ខ្លួន ដែលកំពុងបើកទៅ ដឹកគ្រួសក្រហមជាន់មីនតោន បណ្ដាលឱ្យផ្ទុះ ខ្ទេចកង់ក្រោយខូចខាតរថយន្ដ៥០ភាគរយ។

គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន តោនបន្សល់ទុកតាំងពីសម័យសង្គ្រាមមកនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅក្នុង តំបន់មូលដ្ឋានកងពលតូចអន្ដរាគមន៍លេខ៩ នៅខាងលិចភូមិស្រះម្លិះ ឃុំទឹកក្រហម ស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ ខណៈដែលរថយន្ដ កងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន មួយ គ្រឿងកំពុងធ្វើដំណើរតាមផ្លូវចាស់ ឆ្ពោះទៅ ដឹកគ្រួសក្រហម ដើម្បីយកមកចាក់ពង្រីកផ្លូវ ពីឃុំទឹកក្រហម ឆ្ពោះតំបន់មុំបី ប្រហែល៥០ គីឡូម៉ែត្រ ។

លោកឃួន ចាន់ មន្ដ្រីមជ្ឈមណ្ឌលកំចាត់ មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក ដែលទទួល បន្ទុកមើលការខុសត្រូវ នៅតំបន់នោះបានថ្លែង ប្រាប់ដើមអម្ពិលតាមទូរស័ព្ទថា គ្រោះថ្នាក់ ដែលបង្កដោយមីនតោន បានធ្វើឱ្យរថយន្ដកង វិស្វកម្មសម្ដេចតេជោ មួយគ្រឿង ដែលមាន កង់១២ បានរងការខូចខាតផ្នែកខាងក្រោយ ប្រហែល ពាក់កណ្ដាលខណៈដែលរថយន្ដមួយ គ្រឿងនេះ កំពុងធ្វើដំណើរឆ្ពោះទៅដឹកគ្រួស ក្រហមតាមផ្លូវចាស់ ។ លុះដល់ចំណុចកើត ហេតុនោះ ស្រាប់តែកង់ក្រោយ របស់រថយន្ដ បានជាន់មីនតោន ដែលកប់ក្នុងដីបណ្ដាលឱ្យ ផ្ទុះឮសូររំពងយ៉ាងខ្លាំង បណ្ដាលឱ្យមានការ ភ្ញាក់ផ្អើល ប៉ុន្ដែអ្នកបើករថយន្ដមិនរងគ្រោះ ថ្នាក់ដល់ អាយុជីវិតឡើយ គ្រាន់តែលោះព្រ លឹង នៅពេលជួបហេតុការណ៍ដ៏ភ័យខ្លាចមួយ នេះ ។

លោកឃួន ចាន់ បានឱ្យដឹងថា នៅតំបន់ នេះ មានហេតុការណ៍ផ្ទុះមីនតោនម្ដងរួចមក ហើយ អំឡុងឆ្នាំ២០០១ ដែលបណ្ដាលឱ្យរង គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយនេះជាលើក ទី២ ហើយដែលមានហេតុការណ៍ខាងលើកើត ឡើងនៅចំណុចកើតហេតុ បើទោះបីស្រុកជាំ ក្សាន្ដ ត្រូវបានលោកអះអាងថា ចំនួនផ្ទៃដីដែល ដោះមីនហើយមានច្រើនជាងគេ ដោយគិត តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ន នេះ ។

បើយោងតាមមន្ដ្រីមជ្ឈមណ្ឌលកំចាត់មីន កម្ពុជារូបនេះ កន្លែងកើតហេតុផ្ទុះមីនតោន គឺ ស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រប៉ុណ្ណោះ ពី ទីតាំងដែលត្រូវបានដោះមីន រួចជាស្ថាពរនោះ។

គួរបញ្ជាក់ថា ការពង្រីកផ្លូវពីចំណុចឃុំទឹក ក្រហម ឆ្ពោះទៅតំបន់មុំបី បាននឹងកំពុងដំណើរ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ដែលធ្វើ ឡើងដោយកងកម្លាំងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ប៉ុន្ដែសម្រាប់ហេតុការណ៍គ្រោះថ្នាក់ នៅពេលនេះ ពិតជាមានសំណាងមួយសម្រាប់ អ្នកបើករថយន្ដដឹកគ្រួសក្រហមនៃកងវិស្វកម្ម សម្ដេចតេជោ ។

គួររំលឹកថា បញ្ហាសំណល់ជាតិផ្ទុះ ដែលកប់ នៅក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាមមក នោះ បានធ្វើឱ្យផ្ដាច់ជីវិតប្រជាពលរដ្ឋខ្មែរមិន តិចនោះឡើយ ស្របពេលដែលជនពិការដែល រងគ្រោះថ្នាក់ដោយសារផ្ទុះមីន មានមិនតិច នោះទេ ហើយករណីខាងលើនេះ តែងតែកើត មានឡើងនៅតាមខេត្ដជាអតីតសមរភូមិប្រ យុទ្ធ ដូចជាខេត្ដបាត់ដំបង, បន្ទាយមានជ័យ ប៉ៃលិន និងខេត្ដព្រះវិហារ ជាដើមនេះ ។

កាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ ជាកសិករនៅខេត្ដបាត់ដំបងជាច្រើននាក់ បាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅពេល ដែលគោយន្ដរបស់ពួកគេបានជាន់មីន តោនផ្ទុះ ខណៈកំពុងធ្វើដំណើរនោះ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]