ចិន៖ ជាការពិតណាស់ គ្រូបង្រៀនប្រៀបបីដូចជាឪពុកម្តាយទីពីររបស់យើង ដែលតែងតែជួយផ្តល់នូវដំបូន្មានល្អៗ ចំណេះដឹង ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ជាដើម។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូបង្រៀនប្រុសជនជាតិចិនម្នាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ក្រោយគេដឹងថា រូបគាត់ខំប្រឹងឆ្លៀតពេលទំនេរដើររើសអេតចាយ ដើម្បីលក់យកលុយជួយបង់ថ្លៃចំណាយ ការសិក្សាដល់សិស្សក្រីក្រ។

លោកគ្រូ He Chunyu មានអាយុ៤៤ឆ្នាំ ជាគ្រូបង្រៀនម្នាក់នៅឯសាលា Lingshan Township Middle School ក្នុងស្រុក Wangkui ភាគខាងជើងខេត្ត Heilongjiang ប្រទេសចិន។ ជារៀងរាល់ថ្ងៃលោកគ្រូ He ត្រូវបានគេរាយការណ៍ថា តែងឆ្លៀតពេលទំនេរពីការងារ ដើររើសសំបកដបប្លាស្ទិក ក្រដាស និងសំណល់អេតចាយជាច្រើនទៀត ដើម្បីប្រមែប្រមូលលក់។

លោកគ្រូ He Chunyu មានអាយុ៤៤ឆ្នាំ ជាគ្រូបង្រៀនម្នាក់នៅឯសាលា Lingshan Township Middle School ក្នុងស្រុក Wangkui ភាគខាងជើងខេត្ត Heilongjiang ប្រទេសចិន

កាលដែលលោកគ្រូ He សម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែលោកគ្រូមានទឹកចិត្តអាណិតអាសូរ ចំពោះសិស្សក្រីក្រដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលើថ្លៃសិក្សារបស់ពួកគេ។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងអាជីពជាគ្រូបង្រៀននេះ លោកគ្រូ He បានខិតខំអស់ពីកម្លាំងកាយចិត្តយ៉ាងច្រើន រួមទាំងបរិច្ចាគធនធានផ្ទាល់ខ្លួនអស់ប្រហែល ២០,០០០យ័ន (ប្រហែលជា ៣,០០០ដុល្លារអាមេរិក) មកហើយ តាមរយៈការដើររើសអេតចាយ សន្សំប្រាក់ជួយបង់ថ្លៃសិក្សា ដល់កូនសិស្សក្រីក្រ។

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកគ្រូ He កើតមកក្នុងត្រកូលគ្រួសារក្រីក្រ ប៉ុន្តែលោកខិតខំជម្នះរៀន រហូតទាល់តែចប់ចុងចប់ដើម ដោយទទួលបានការទំនុកបម្រុង ពីបងប្អូនសាច់ញាតិ និងអ្នកជិតខាងក្នុងភូមិរបស់លោកផងដែរ។ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំ១៩៩៨ លោកក៏បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ធ្វើជាគ្រូបង្រៀនដើម្បីជួយដល់ក្មេងៗជំនាន់ក្រោយ ក្នុងស្រុកភូមិរបស់លោកដែលមានជីវភាពក្រីក្រ។

លោកគ្រូ He បានមានប្រសាសន៍ថា នៅពេលដែលលោកគ្រូដឹងថា មានក្មេងៗជាច្រើនក្នុងស្រុកភូមិ បានបោះបង់ចោលការសិក្សា ដោយសារតែជីវភាពក្រីក្រ ក្នុងនាមលោកជាគ្រូបង្រៀនម្នាក់ គឺពិតជាមិនសប្បាយចិត្តទាល់តែសោះ។ ម្យ៉ាងប្រាក់ខែគ្រូបង្រៀនរបស់លោក ក៏ទទួលបានតិចតួចមិនដឹងថាត្រូវជួយសិស្សបានដោយរបៀបណាទេ។ ទើបទីបំផុត លោកក៏សម្រេចចិត្តឆ្លៀតពេលទំនេរពីការងារ ដើររើសអេតចាយនេះ ដើម្បីជួយសម្រួលបន្ទុកដល់ពួកគេ តាមលទ្ធភាពដែលអាចធ្វើបានតែម្តងទៅ។

ជារៀងរាល់ថ្ងៃលោកគ្រូ He ត្រូវបានគេរាយការណ៍ថា តែងឆ្លៀតពេលទំនេរពីការងារ ដើររើសសំបកដបប្លាស្ទិក ក្រដាស និងសំណល់អេតចាយជាច្រើនទៀត ដើម្បីប្រមែប្រមូលលក់

លោកគ្រូ He បន្តថា «មិត្តរួមការងារ (គ្រូបង្រៀនផ្សេងទៀត) របស់ខ្ញុំ តែងតែសើចចំអកថាឲ្យខ្ញុំជា “ស្តេចសំរាម” “King of Waste” ចំណែកឯប្រពន្ធរបស់ខ្ញុំវិញ ក៏តែងតែរអ៊ូរទាំពេលឃើញសម្លៀកបំពាក់របស់ខ្ញុំ ស្មោគគ្រោកប្រឡាក់ដី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រប់គ្នាក៏នៅតែគាំទ្រ ចំពោះសកម្មភាពដែលខ្ញុំធ្វើនេះផងដែរ»

លោកគ្រូ He បានបន្ថែមចុងក្រោយ ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយចង់ស្រក់ទឹកភ្នែកថា៖

«ជាការពិតណាស់ អ្វីដែលខ្ញុំអាចធ្វើបានគឺមានកម្រិត ប៉ុន្តែខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បើទោះស្ថិតនៅក្នុងស្ថានភាពលំបាកក្តី កាលដែលខ្ញុំបង្ហាញពីភាពកក់ក្តៅ និងការយកចិត្តទុកដាក់ចំពោះសិស្សបែបនេះ អាចនឹងជំរុញលើកទឹកចិត្តរបស់ពួកគេ ឲ្យកាន់តែខិតខំព្យាយាមរៀនសូត្រ ជាបន្តទៀតដើម្បីអនាគតរបស់ពួកគេផងដែរ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

មិត្តរួមការងារ (គ្រូបង្រៀនផ្សេងទៀត) របស់ខ្ញុំ តែងតែសើចចំអកថាឲ្យខ្ញុំជា “ស្តេចសំរាម” ឬ “King of Waste”
លោកគ្រូ He សង្ឃឹមយ៉ាងមុតមាំថា សិស្សទាំងអស់នឹងខិតខំព្យាយាមរៀនសូត្រ ជាបន្តទៀតដើម្បីអនាគតរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]