ភ្នំពេញៈ រថយន្តលុច្សស៊ីស មួយគ្រឿង ខណៈកំពុងធ្វើដំណើរ តាមផ្លូវ ក៏ស្រាប់តែផ្ទុះកង់ រួចជ្រុលចង្កូត ទៅបុកនឹងប៉ាណូ ផ្សាយពាណិជ្ជកម្ម នៅលើចិញ្ចើមផ្លូវ ម្តុំស្តុបពេទ្យចិន ផ្លូវព្រះសីហនុ កែងនិង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅម៉ោង២ និង៥០ នាទី រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែពុំបង្កឱ្យប៉ាណូនោះ បាក់នោះទេ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីអ្នកបើករថយន្ត និងក្មេងតូចៗ ពីរនាក់ទៀត ពុំមានគ្រោះថ្នាក់នោះទេ ប៉ុន្តែ រថយន្ត ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយឡែកផ្ទាំងប៉ាណូ ផ្សព្វផ្សាយ ត្រូវខូចខាតអស់ផ្នែកមួយចំនួន ។

សាក្សីបានឲ្យដឹងទៀតថា រថយន្តផ្ទុះកង់ ជ្រុលចង្កូតបុកប៉ាណូនេះ ម៉ាកលុច្សស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-8588 បើក តាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុច កើតហេតុខាងលើ រថយន្តបង្កហេតុបានបត់ស្តាំដៃ ចូលផ្លូវព្រះមុនីវង្ស ក្នុងបំណង ឆ្ពោះទៅក្បាលថ្នល់ ប៉ុន្តែខណៈពេល ទាញចង្កូតបត់ឆ្វេង កង់រថយន្តខាងមុខ ក៏ផ្ទុះធ្វើ រួចក៏រេចង្កូតឡើង ទៅលើខឿនផ្លូវ ជ្រុលទៅបុករបង សាលាព្រះយុគន្ធ ធ្វើឲ្យកន្ទុយ រថយន្តបោកផ្ទប់ទៅនឹង ប៉ាន់ណូ ហើយរថយន្តកៀបជាប់ នឹងប៉ាណូទៅមុខលេងរួច។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមាន នរណាម្នាក់រងរបួសឡើង ប៉ុន្តែរថយន្តនិងប៉ាណូ ត្រូវរងការខូចខាតយ៉ាងដំណំ ក្រោយពេល កើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរខណ្ឌចំការមន សហការជាមួយនគរបាលជំនាញ ចុះទៅវាស់វែង និងនាំយក រថយន្តបង្កហេតុ ទៅរក្សាទុក នៅសាលារាជធានីភ្នំពេញដើម្បីរងចាំ ការដោះស្រាយ តាមនីតិវិធិច្បាប់៕

ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]