** ប្រលោមលោកខ្មែរឡូត **

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

ភាគទី៤ 

« លោកចង់ធ្វើអី? » ដៃរបស់ខ្ញុំដែលប្រុងដាក់លើក្បាលនាង ដើម្បីដាក់មន្តអាគម បែរជារឹងនឹងថ្កល់នៅកណ្តាលទីទាំងភ្ញាក់ផ្អើល ព្រោះដារីដែលខ្ញុំគិតថាលង់លក់ក្នុងដំណេកកំពុងបើកភ្នែកធំៗៗទាំងភាពខឹងសម្បារដាក់ខ្ញុំ។ រួចនាងស្រាប់តែក្រោកមក ហើយឈរជិតខ្ញុំ និយាយទាំងខឹង

« នេះហេជាពាក្យសន្យារបស់លោក? លោកមិនទុកចិត្តខ្ញុំដល់ថ្នាក់ត្រូវលួចលុបការចងចាំរបស់ខ្ញុំ? មនុស្សប្រុសសុទ្ធតែបែបនេះ ជាមនុស្សមិនគោរពពាក្យសន្យា អូភ្លេចទៅលោកមិនមែនជាមនុស្សផង មានរឿងអីលោកត្រូវខ្វល់ចំពោះពាក្យសន្យាជាមួយមនុស្សធម្មតាដូចខ្ញុំនោះ» ដារីនាងនិយាយឌឺ ដងខ្ញុំ ហើយសើចទាំងអារម្មណ៍ឈឺចាប់ ខ្ញុំមិនដឹងជាឆ្លើយ ទៅនាងយ៉ាងណាទេមានត្រឹមតែពាក្យមួយម៉ាត់និយាយតិចៗស្ទើរតែមិនឮ

« ខ្ញុំ ខ្ញុំសុំទោស » ខ្ញុំនិយាយទាំងដឹងកំហុស។

………………………………………………………………

រូបតំណាង

មេឃជិតភ្លឺតែពេលនេះពួកយើងនៅតែអង្គុយនិយាយគ្នាលេងនៅមាត់សមុទ្រទាំងមិនងងុយគេងអ្វីបន្តិចទាល់តែសោះ។ ក្រោយពីនាងដឹងរឿងទាំងអស់ទាំងកំហឹងហើយ ខ្ញុំក៏ហោះនាំនាងទៅនិយាយគ្នាលេងនៅកន្លែងស្ងប់ស្ងាត់មួយនេះ គឹមាត់សមុទ្រ។ 

មិនដឹងជាអ្វីបណ្តាលចិត្តខ្ញុំ ខ្ញុំបែរជានិយាយរឿងរបស់ខ្ញុំទាំងអស់ឱ្យនាងដឹង ព្រមទាំងរឿងរបស់លីណា មនុស្សស្រីដែលខ្ញុំស្រលាញ់ដែលខ្ញុំមិនដែលនិយាយប្រាប់ អ្នកណាទាល់តែសោះ។ ខ្ញុំបែរជារៀបរាប់រឿងទាំងអស់ ព្រោះមិនចង់ឱ្យនាងយល់ច្រលំខ្ញុំ និងខឹងខ្ញុំ។ ដូចជាការស្មានមែន ដារីនាងចាប់អារម្មណ៍រឿងរបស់ខ្ញុំខ្លាំងណាស់ ទឺកមុខនាងផ្លាស់ប្តូរតាមសាច់រឿងដែលខ្ញុំបានប្រាប់នាងទៀតផង។ នាងប្រហែលជាដឹងរឿង ហើយក៏ឈប់ខឹងខ្ញុំហើយបានជាសំឡេងរបស់នាងប្រែជាទន់ភ្លន់លាយឡំនឹងក្តីអាណិត

« ហ៊ី រឿងរបស់លោកពិតជាកំសត់ដល់ហើយណ៎ »

« ជីវិតបិសាចក៏មិនខុសពីមនុស្សដែរណា មានការសប្បាយ មានការកើតទុក្ខ.... ពេលខ្លះ....ខ្ញុំច្រណែនមនុស្សណាស់ ពួកគេអាចរស់នៅដោយមានក្តីសុខជាមួយនឹងជីវិតធម្មតាៗ ថែមទាំង អាចរស់នៅជាមួយមនុស្សដែលគេស្រលាញ់បាន។ ពួកខ្ញុំវិញទោះជាមានជីវិតអមតៈ....តែរស់នៅដោយគ្មានន័យ រស់មួយថ្ងៃកំដរមួយថ្ងៃតែប៉ុណ្ណោះ»

«កុំគិតចឹងអីណា ត្រូវសប្បាយរីករាយនូវអ្វីដែលយើងមានថ្ងៃនេះ កុំអស់សង្ឃឹមអី ខ្ញុំនឹងធ្វើជាមិត្តរបស់ណា ល្អទេ » ដារីនិយាយ ហើយចាប់ដៃខ្ញុំលើកទឹកចិត្ត ខ្ញុំមើលដៃរបស់នាងដែលចាប់ដៃរបស់ខ្ញុំទាំងភ្ញាក់បន្តិច រួចក៏ញញឹមទទួល។ ថ្ងៃនេះធ្វើឱ្យខ្ញុំយល់នូវរឿងជាច្រើន ខ្ញុំនឹងមិនគិតអ្វីច្រើនទៀតទេ ខ្ញុំត្រូវតែសប្បាយរីករាយនូវអ្វីដែលខ្ញុំមានថ្ងៃនេះពេលនេះ អនាគតគ្រាន់តែជាអ្វីដែលយើងមិនអាចមើលឃើញតែប៉ុណ្ណោះ។ និយាយគ្នាយូរៗទៅ មេឃក៏ជិតភ្លឺ។ 

« តោះ! ​ទៅវិញ»

«​អឺ...ទៅផ្ទះ? ​មែនហើយមេឃភ្លឺបាត់ ​តោះ! ​តែឈប់ឱ្យខ្ញុំត្រៀមខ្លួនសិនណា»

ខ្ញុំស្ទើរតែអស់សំណើចទៅហើយនឹងប្ញកពារបស់នាងដែលដូចកូនក្មេង។ 

ដារីកាន់ដៃខ្ញុំជាប់និងឱបខ្ញុំវិញទាំងញ័រ ពេលខ្ញុំកាន់ដៃនិងឱបចង្កេះនាងហោះទៅផ្ទះនាងវិញដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី។ ការពិតចង់ទៅមាត់សមុទ្រជិះឡានយ៉ាងហោចណាស់ក៏ ​៣​ ទៅ៤ម៉ោងដែរ។  គិតៗទៅខានហោះយូរអ៊ីចឹងសប្បាយម្យាងដែរ។  ពេលទៅដល់ផ្ទះដាក់នាងចុះវិញ ​ខ្ញុំក៏មើលនាឡិកាហើយនិយាយ

« មេឃជិតភ្លឺហើយណា នាងគួរតែសំរាកទៅ ខ្ញុំក៏ត្រូវទៅកន្លែងខ្ញុំដែរណា »

ដារីនិយាយទាំងទឹកមុខង័រងក់

« មិនចង់គេងទេ....ខ្លាចអ្នកខ្លះខុសពាក្យសន្យាទៀត »

ខ្ញុំសើចហួសចិត្តវាយក្បាលនាងតិចៗទាំងខ្នាញ់

«ម្ត ងនេះខ្ញុំមិនក្បត់ពាក្យសន្យាទៀតទេ ជឿខ្ញុំបានណា »

« អូយ! វ៉ៃក្បាលគេទៀតហើយ....ល្អ ជឿម្តងទៀតចុះ ប៉ុន្តែនិយាយអ៊ីចឹង លោកត្រូវថ្ងៃអត់បានទេហ៎? »

« បានតើ! អ្នកណាថាមិនបាន? សម័យនេះហើយមានរបស់ការពារច្រើន ឯផលិតផលការពារកម្តៅថ្ងៃក៏មានកម្រិត SPF ខ្ពស់ ហាហា.....»

« នែ! និយាយសាច់ការណា យីស»

« អូខេ! ងាយៗគឺថាត្រូវថ្ងៃបាន ព្រោះខ្ញុំពូកែនោះអី គ្រាន់តែខ្ញុំមិនសូវចូលចិត្តពន្លឺថ្ងៃវាធ្វើឱ្យខ្ញុំឈឺក្បាល.... ម្យ៉ាងខ្ញុំក៏ត្រូវការគេងសំរាកយកកម្លាំងដូចមនុស្សដែរណា ពេលថ្ងៃជាពេលវេលាល្អបំផុតសម្រាប់គេង យល់នៅ? » ខ្ញុំនិយាយទាំងអស់សំណើច ហើយខោកក្បាលដារីម្តងទៀត។

« ឆឺស មើលលេងក្បាលគេដូចកូនក្មេងទៀតហើយ អូខេ ខ្ញុំទៅគេងហើយ តែលោកទៅមុនចុះ ខ្ញុំចាំឱ្យលោកទៅមុនសិន» ដារីនិយាយទាំងមុខសង្ស័យតិចៗ ខ្ញុំយល់ថានាងនៅខ្លាចខ្ញុំលុបការចងចាំរបស់នាង។ ខ្ញុំអស់សំណើចនឹងចរិតរបស់នាង រួចក៏ហោះទៅកាន់ឡាន ហើយលើដៃគ្រវីលានាងពីក្នុងឡាន រួចបើកចេញទៅយ៉ាងលឿន។ ខ្ញុំញញឹមបណ្តើរបើកឡានបណ្តើរទាំងនឹកអរគុណដារីក្នុងចិត្ត

« អរគុណណា ដែលធ្វើឱ្យជីវិតខ្ញុំមានន័យ មានសង្ឃឹមឡើងវិញ» ។

……………………………………………………………………… 

រូបតំណាង

(ដារីនិយាយ)

ខ្ញុំឈរមុខបន្ទប់សំឡឹងមើលឡានដែលបើកចេញទៅ ហើយញញឹមម្នាក់ឯងមុននឹងចូលទៅគេង។ ខ្លួននៅតែប្រែចុះប្រែឡើងលើគ្រែទាំងគេងមិនលក់ទោះជាប្រឹងបិទភ្នែកយ៉ាងណាក៏ដោយ។ មនុស្សប្រុសម្នាក់ដែលខ្ញុំចង់ស្គាល់ ហើយតាមមើលគេអស់ពេលជាយូរ បែរជាធ្វើឱ្យខ្ញុំបានស្និទ្ធស្នាលជាមួយគេក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ទោះជាបានដឹងរឿងរបស់គេ ដែលមិនគួរឱ្យជឿជាច្រើនយ៉ាងណាក៏ដោយ តែខ្ញុំបែរជាអាចទទួលយកបាន ហើយមិនខ្លាចគេសោះទៅវិញ។ បិសាចរាត្រី? បិសាចជញ្ជក់ឈាម វាជារឿងដែលខ្ញុំនឹកស្មានមិនដល់ទាំល់តែសោះ ថាវានឹងអាចកើតមានឡើងពិតនៅលើលោកនេះមែន។ បកត្រលប់ទៅវិញ ហេតុអ្វីបានជាថាខ្ញុំស្គាល់ Knight មែនទេ? ការពិតខ្ញុំជួបគេដំបូងពេលដែលខ្ញុំកំពុងតែតាមដានសង្សារចាស់របស់ខ្ញុំ ដែលលួចមានសង្សារថ្មីក្បត់ចិត្តខ្ញុំ។ ពេលនោះខ្ញុំជួប Knight ដោយចៃដន្យនៅក្នុងក្លឹបរបស់គេ ឃើញគេកំពុងតែមានមនុស្សស្រីចោមរោមជិតខ្លួន។ មិនដឹងថាជានិស្ស័យឬជាអ្វី គ្រាន់តែឃើញគេភ្លាម ធ្វើឱ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់យ៉ាងខ្លាំង តែក៏លាយឡំនឹងក្តីខ្នន់ខ្នាញ់ជាខ្លាំងពេលដែលគេធ្វើចរិតដូចជាព្រាននារីបែបនេះ។ ក្រោយពីបែកគ្នាជាមួយសង្សារចាស់ប្រុសក្បត់ចិត្តដាច់ស្រេចរួចមក ខ្ញុំក៏ចាប់ផ្តើមនឹកស្រមៃពី Knight គ្រប់ពេលខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ថាគេជាអ្វីទើបអាចធ្វើឱ្យខ្ញុំចេះតែនឹក និងឃើញគេនឹងមុខស្រស់ៗបែបនេះ? ខ្ញុំស្រលាញ់គេមែនទេ? ទេ...មិនអាចទេ ខ្ញុំកំពុងតែខូចចិត្ត ខ្ញុំកំពុងតែឈឺចិត្ត និងនៅតែនឹកដល់អតីតសង្សារចាស់ ខ្ញុំម៉េចនឹងអាចក្លាយជាមនុស្សស្រីសាវ៉ាត្រឹមតែមួយរយៈពេលខ្លីទៅ? តែទោះប្រឹងបំភ្លេចយ៉ាងណាចិត្តខ្ញុំនៅតែមិនស្ងប់សោះ ទីបំផុតខ្ញុំក៏ចាប់ផ្តើមតាមដានចង់ដឹងពីគេ។ យប់មួយនៅក្លឹបនោះក៏សុទ្ធតែគម្រោងរបស់ខ្ញុំដែរ ដែលស្របពេលដែលចិត្តកំពុងតែឈឺចាប់ផង ចង់ស្គាល់ម្ចាស់ក្លឹបផង ខ្ញុំ៏បបួលក្រុមមិត្តភក្តិរបស់ខ្ញុំទៅក្លឹបនោះតែម្តង។ ព្រហ្មលិខិតពិតជាប្រណី ធ្វើឱ្យខ្ញុំបានជួប បាននិយាយជាមួយគេ តែរឿងរ៉ាវបន្ត និងការពិតដែលខ្ញុំមិនបានដឹង វាក៏បន្តសាច់រឿងដូចដែលបានកើតឡើងមុននេះអ៊ីចឹង។ មានរឿងមួយចម្លែកដែលខ្ញុំក៏មិនយល់......វិនាទីដែលគេបឺតឈាមខ្ញុំ ការឈឺចាប់ដោយសារស្នេហាប្រុសក្បត់ចិត្តស្រាប់តែរលាយក្លាយជាខ្យល់ អេ! មានរឿងអីទៅហ្ន?

………………………………………………………………

យប់ថ្មីមកដល់ខ្ញុំក៏ទៅក្លឹប Knight ដើម្បីជួបគេលេង....អេ មនុស្សនឹកនោះអី។ តែបែរជាឃើញគេកំពុងអង្គុយនិយាយស្និទ្ធស្នាលជាមួយស្រីស្អាតម្នាក់ស៊ិចស៊ី...ហើយៗៗ ហើយអាស្អីៗនោះធំៗ.... ឆឺស..គួរឱ្យជ្រេញមែនទែន។ មិនដឹងថាហេតុអីឃើញគេស្និទ្ធស្នាលជាមួយស្រីៗធ្វើឱ្យខ្ញុំនឹកខឹងណាស់ ទោះជាដឹងថាគេធ្វើ ព្រោះតែរកចំណីពេលយប់ក៏ដោយ មិនដឹងថាខ្ញុំមានសេចក្តីក្លាហានពីណា ក៏ស្រាប់តែដើរទៅរកពួកគេទាំងពីរ ហើយនិយាយឱបដៃទាំងមុខមាំ

« Knight ខ្ញុំមានការចង់និយាយជាមួយលោកបន្តិច» Knight ឃើញខ្ញុំក៏ភ្ញាក់ផ្អើលប្រហែលមិនស្មានថាខ្ញុំនៅទីនេះដែរ

« ម៉េចក៏មកទីនេះ? »

មិនទាន់ទាំងឆ្លើយផងនាងស្រីស៊ិចស៊ីដែលមានស្អីៗខាងលើធំជាដើមទុននោះហែកមាត់តបខ្ញុំទាំងមុខខឹងមិនពេញចិត្ត

« នែ នាងមានការអីជាមួយ Knight ដែរ? បើគ្មានការអីសំខាន់ទេកុំមករំខាន មើលទៅ Knight គេមិនទៅចាប់អារម្មណ៍នាងផង មើលតែសម្តី Knight ទៅគេពិតជាមិនចង់ឱ្យនាងលេចមុខនៅមុខគេផង ហ៊ឹស មែនទេ Knight សំណព្វចិត្ត? »

យីស! ស្រីចាវែបនេះ ហ៊ានថាឱ្យខ្ញុំផង មិនស្គាល់ដារីទេមែនទេ? ទាល់តែប្រដៅចេញម្តង ហិហិ។ មិនទាន់ទាំងចេញធម៌ក្តៅផង Knight ក៏ងក់ក្បាលហើយនិយាយថា

« មែនហើយ! ខ្ញុំពិតជាមិនចង់ឱ្យនាងមកមែន » នាងស្រីស៊ិចស៊ីសុដន់ធំៗនោះស្រាប់តែញញឹមស្ទើរតែដូចយាយធ្មប់ ហើយធ្វើមុខមាត់ឌឺដងផ្លែផ្កាឱ្យខ្ញុំបង្ហាញពីជ័យជំនះ ហើយនិយាយតិចៗដាក់ខ្ញុំ តែខ្ញុំឮណាស្រីចង្រៃ

« សមមុខ...មីមុខស »

ភ្លើងស្ទើរតែឆេះពេញខ្លួនប្រាណរបស់ខ្ញុំសឹងតែទ្រាំមិនបាន តែសម្តីបន្ទាប់របស់Knight ធ្វើឱ្យខ្ញុំបើកភ្នែកធំៗព្រោះថា...

« ខ្ញុំនិយាយមិនទាន់អស់..ខ្ញុំមិនចង់ឱ្យនាងមកទីនេះ ព្រោះមកក្លឹបមិនល្អទេ »

Knight និយាយទាំងមុខទន់ភ្លន់ លាយនឹងការបារម្ភ នេះគេបារម្ភនិងគិតគូពីខ្ញុំមែនទេ? អេ! ហេតុអ្វីខ្ញុំត្រូវរំភើបចិត្ត និងមុខក្រហមផង។ តែសម្តីKnight និយាយបន្តស្ទើរតែធ្វើឱ្យខ្ញុំហក់ផ្តល់ស្នាមថើបឱ្យគេទៅហើយ ហាហា...និយាយលេងទេ កុំមើលមកតួស្រីជាមនុស្សស្រីមិនល្អអីណា ហិហិ។

« អូ.....មួយទៀត..ខ្ញុំមិនចង់ឱ្យនាងហៅដារីថា មីមុខ-សទេ វាមិនពិរោះហើយសម្តីនេះមិនគួរនិយាយចេញពីមាត់មនុស្សស្រីល្អនិងថ្លៃថ្នូរដូចអ្នកនាងដែរ មែនទេ? »

ខ្ញុំឱបដៃទាំងញញឹមនូវជ័យជំនះទឹកចុងក្រោយមួយនេះ។ សមណាស់ឃើញមុខនាងមួយនេះ ឡើងខ្មៅអែ បែបអាម៉ាស់មុខណាស់ហើយត្រូវគេលួចជេរដោយប្រយោលបែបនេះ នៅមិនរាងទៀតនៅតែតោងដៃ Knight ជាប់មិនលែង នាងម្នាក់នេះមុខក្រាស់ណាស់ បែបធ្វើពីកៅស៊ូថ្នល់ ១០០ជាន់ទេដឹង។ បណ្តោយមិនបានទេ ត្រូវតែបញ្ចេញស្នៀតចុងក្រោយទើបបាន។

« សុំទោសចា៎ ខ្ញុំមានការនិយាយជាមួយសង្សាខ្ញុំបន្តិច បែបគ្មានបញ្ហាទេមែនទេ? »

« អឺ....»

មិនឱ្យ Knight ប្រកែកទាន់ខ្ញុំក៏ចូលទៅកៀកដៃ Knight ម្ខាងទៀតរួចញាក់មុខញញឹមឌឺពោរពេញដោយជ័យជំនះ ទៅនាងចាវែបមាត់អាក្រក់នោះហើយអូស Knight ដើរចេញដោយមិនភ្លេចខ្សឹបតិចៗដាក់ស្រីនោះទាំងលួចដៀងភ្នែកមើលលើមើលក្រោមជាពិសេសចំណុចស៊ិចស៊ីគួរឱ្យខ្ពើមមួយនោះ។

« លាហើយនាងធុងទឹកដោះគោក្លែងក្លាយហួសដឺឡេ »

នាងនោះបើកភ្នែកធំៗដោយខឹងសម្បារហើយស្រែកមួយទំហឹង

« អា.....!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!»

ខ្ញុំងាកមើលឃើញស្រីមាត់អាក្រក់នោះ កំពុងទន្ទ្រាន់ជើងផងស្រែកផងពេញដោយភាពមួម៉ៅក្តៅក្រហាយ ហាហា.....សប្បាយចិត្តណាស់ខ្ញុំ។ ពេលដល់កន្លែងផុតពីមុខគេឯងខ្ញុំក៏ប្រលែងដៃ Knight ហើយឱបដៃញញឹមធ្វើមិនដឹង

«នែ លេងអីទៀតហើយហ្នឹង? ចង់ឱ្យខ្ញុំអត់ចំណីទៀតហើយមែនទេ? »

« មិនដឹងទេ មកពីខ្ញុំមិនចូលចិត្តស្រីស្អីធំៗនោះទេ ឆឺស ជ្រេញមុខណាស់គិតថាស្អាតហើយមើលទៅ» Knight មើលខ្ញុំបន្តិចហើយអស់សំណើច

« នេះ ច្រណែនគេស្អាតជាង ឬក៏ប្រច័ណ្ឌខ្ញុំឱ្យពិតប្រាកដ?» Knight ងាកមកជិតហើយញ៉ោះខ្ញុំទាំងមុខច្រឡើម យី! ប្រុសម្នាក់នេះពូកែរំខានអារម្មណ៍មែន។ មិនមែនអ៊ីចឹងទេ...តែ...ថា ហេតុអីសំឡេងខ្ញុំត្រូវញ័រផង។

« នែ! អឺ... ច្រណែនអីលោកឯង ខ្ញុំស្អាតជាងនាងមាត់អាក្រក់នោះឆ្ងាយណាស់ ហើយ ....ហើយ...ហើយក៏គ្មានរឿងអីប្រច័ណ្ឌលោកឯងដែរ ឈ្លក់វង្វេងខ្លួនឯងពេកហើយ វេក » ខ្ញុំនិយាយចប់ក៏លៀនអណ្តាតដាក់វិញទាំងឌឺដង ហាហា...។

«ចឹងផង? ប្រាកដអត់? ចុះអ្នកណាសង្សារអ្នកណាមិញហ្នឹង? អេ...ឬត្រចៀកខ្ញុំមានបញ្ហា?»

« នែ នែ ខ្ញុំនិយាយលេងទេ មកពីមិនចូលចិត្តស្រីនោះតើ»

« ល្អៗ នៅលេងទៀតចុះ ខ្ញុំមានការត្រូវរកចំណីណា ខ្ញុំឃ្លានហើយ នាងក៏ប្រញាប់ទៅផ្ទះទៅ ប្រាប់ណាហាមមកទីនេះម្តងទៀត » Knight ចង់ដើរចេញ តែខ្ញុំចាប់ដៃគេទាន់រួចនិយាយទាំង រដាក់រដុប។

« មិនរកចំណីបានទេ? គឺ ខ្ញុំ ខ្ញុំ....»

« នាងចង់យ៉ាងម៉េចទៀតហើយ? ចង់បង្អត់ខ្ញុំមែនទេ? »

« គឺ...គឺ..គឺមិនមែនទេ...ខ្ញុំចង់និយាយថា.....ខ្ញុំនៅទីនេះទាំងមូល ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីអ្នកណាទេណា ចង់រកចំណី ខ្ញុំឱ្យលោកបាន » Knight ភ្ញាក់ផ្អើលបើកភ្នែកធំៗនឹងសម្តីខ្ញុំ។

……………………………………………………………………………… 

រូបតំណាង

ពេលនេះខ្ញុំនៅក្នុងបន្ទប់ក្រោមដីរបស់Knight ដូចយប់មុននោះទៀតហើយ Knight គេឈរបែរខ្នងមើលទៅក្រៅបង្អួចខាងក្រៅ។ មិនដឹងជាគិតស្អីទេ បិសាចរាត្រីចេះដ្រាម៉ាដែរ ហ្ន? ខ្ញុំក៏និយាយទាំងធុញទ្រាន់

« នែ! ឈរមើលទេសភាពយូរទៀតទេ? កន្លះម៉ោងហើយណា ក្រែងឃ្លាន? ម៉េចមិនឆាប់ចាត់ការមក? នេះ នេះ...» ខ្ញុំបើក កបង្ហាញឱ្យគេខាំ ។ គេបែរមកទាំងមុខខឹង យី! ហេតុអ្វីត្រូវខឹងផងប្រុសម្នាក់នេះយ៉ាងម៉េចហ្នឹង?

« នាង យ៉ាងម៉េចហ្នឹង? ធ្វើអ៊ីចឹងធ្វើអី? គិតថាខ្លួនឯងមានឈាមអមតៈមែនទេ? បឺតឈាមនាងថ្ងៃមុននៅមិនទាន់រាងទេ? អស់កម្លាំងពីខ្លួនហើយគេងដូចស្លាប់នៅមិនដឹងខ្លួនទៀត? ដឹងអត់ថ្ងៃនោះ នាងគេងលើគ្រែប៉ុន្មានម៉ោង ហា? »

Knight ងាកមកស្រែកថាឱ្យខ្ញុំទាំងទឹកមុខខឹង ហេតុអីត្រូវខឹងខ្លាំងបែបនេះផង? ហេតុអីគេដឹងថាថ្ងៃនោះបន្ទាប់ពីគេទៅបាត់ខ្ញុំគេងដូចស្លាប់ គ្មានកំលាំងក្រោកពីគ្រែ ដល់ថ្នាក់ម៉ាក់ប៉ាបារម្ភ? គេតាមដានខ្ញុំមែនទ? គេបារម្ភខ្ញុំដែរ? អេ! បេះដូងចង្រៃមកលោតស្អីទៀតហើយនេះ?

« ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមពីនរណាផ្សេងពីខ្ញុំទេ.....ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរថាហេតុអ្វីនោះ តែកុំទៅខ្វល់ សម្រេចថាបើលោកឃ្លានលោកចាត់ការខ្ញុំទៅបានហើយ ទោះជាឈឺខ្ញុំនឹងទ្រាំ បឺតឈាមយូរទៅខ្ញុំនឹងស៊ាំហើយមិនចឹងហេ?  » ខ្ញុំនិយាយមិនទាន់ចប់ Knight ក៏ចាប់ខ្ញុំឱបយ៉ាងជាប់រួចនិយាយរអ៊ូ

« ស្រីល្ងង់ ខ្ញុំឯណាដាច់ចិត្តឃើញនាងឈឺនោះ ដឹងទេថាខ្ញុំឈឺចិត្តយ៉ាងណាពេលឃើញសភាពនាងគេងលើគ្រែនោះ ខ្ញុំមិនឱ្យនាងធ្វើបែបនេះទៀតទេណា ដឹងថាខ្លួនឯងខ្សោយហើយនៅឱ្យខ្ញុំបឺតឈាមទៀត នាងនេះគេហៅថាល្ងង់ ឬចិត្តល្អឱ្យប្រាកដនេះ? »

« ខ្ញុំ ខ្ញុំ ខ្ញុំមិនចង់ឱ្យលោកបឺតឈាមមនុស្សស្រីផ្សេងទេ ឬក៏អ្នកណាក៏ដោយ » ខ្ញុំនិយាយទាំងទឹកភ្នែក Knight ព្រលែងដៃដែលឱបខ្ញុំរួចញញឹមហើយជូតទឹកភ្នែកឱ្យខ្ញុំ

« កូនក្មេងនេះ កិចកុកច្រើនមែន ឈប់យំណា អូខេៗ ឥឡូវខ្ញុំសន្យាថាលែងបឺតឈាមពីនរណាផ្សេងហើយ បានទេ? តែខ្ញុំក៏មិនបឺតឈាមនាងដែរស្រីល្ងង់ ខ្ញុំនឹងយកឈាមស្រាប់ៗដែលបូមពីមន្ទីរពេទ្យក៏បាន ទោះ...អឺ..ទោះជាវាមិនឆ្ងាញ់ក៏ដោយ ឆើស! » នេះគេធ្វើដើម្បីខ្ញុំមែនទេ ? សប្បាយចិត្តដល់ហើយ ខ្ញុំអរហើយឱបគេកាន់តែខ្លាំង តើគេឮសំឡេងបេះដូងខ្ញុំដែរឬទេ? គេក៏ប្រហែលជាដឹង អារម្មណ៍ខ្ញុំដែរហើយមើលទៅ។ នៅក្នុងរង្វង់ដៃនិងដើមទ្រូងដែលមានភាពកក់ក្តៅរបស់គេ ខ្ញុំមិនខ្វល់ទេ លែងគិតច្រើនហើយ។ ទោះមិនបាននិយាយហារមាត់យ៉ាងណា ខ្ញុំសុំត្រឹមតែវិនាទីដែលបាននៅជិតគេបែបនេះវាក៏ជាសេចក្តីសុខរបស់ខ្ញុំដែរ។ អូខេ សារភាពក៏បានដែរថា...... វាល្ងង់ណាស់មែនទេ ដែលខ្ញុំបានលង់ស្រលាញ់បិសាចដែលមិនមែនជាមនុស្សយ៉ាងជ្រៅបែបនេះ ? តែស្នេហាគឺស្នេហាមិនបានប្រកាន់មុខមាត់ ពណ៌សម្បុរ វណ្ណៈឯណា នោះទើបហៅថាស្នេហាពិតមិនអ៊ីចឹង? យើងស្រលាញ់គេគឺជាគេមិនមែនដោយសារតែគេអ្នកណាឯណា ត្រូវទេ? ច្បាប់ក៏មិនបានចែង ឬហាមឃាត់មនុស្សមិនឱ្យស្រលាញ់ខ្មោច ព្រាយ បិសាចដែរ។ ច្បាប់មិនដាក់ទោស ខ្ញុំមិនខុស ដូច្នេះងាយៗឆាប់ចប់មិនបាច់គិតច្រើននោះអី។

..................................................

.........សូមរង់ចាំភាគបន្ត ..............

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

(ភាគទី៣ សូមចុចអានទីនេះ)

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]