ជាការពិតណាស់ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ការធ្វើអត្តឃាតខ្លួន គឺជាបញ្ហាប្រឈមដ៏ក្តៅគគុក ដែលបានធ្វើឲ្យមនុស្សស្លាប់យ៉ាងច្រើន ក្រៅពីសង្រ្គាម គ្រោះថ្នាក់ធម្មជាតិ ភាពអត់ឃ្លាន ឬគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ចុះសួរថា តើមានមូលហេតុអ្វីខ្លះ ដែលអាចបណ្តាលឲ្យពួកគេហ៊ានប្រព្រឹត្តនូវរាល់ទង្វើបែបនេះ ចំពោះខ្លួនឯង និងអ្នកដទៃ ទាំងពួកគេមានអ្វីៗគ្រប់យ៉ាង អស់ទៅហើយនោះ?

ដូច្នោះ កុំឲ្យខាតពេលវេលាយូរថ្ងៃនេះ ខ្មែរឡូត ក៏សូមស្រាយនូវចម្ងល់សង្ស័យរបស់ប្រិយមិត្តទាំងអស់គ្នា ចំពោះបញ្ហាពីក្រោយខ្នងនៃរឿងរ៉ាវទាំងនេះ៖

ជាក់ស្តែង តាមរយៈអង្គការសុខភាពពិភពលោក បានបង្ហាញថា មានមនុស្សប្រមាណជាង ៨០០ ០០០ នាក់ដែលបានស្លាប់ ដោយសារតែការធ្វើអត្តឃាតខ្លួន ជារៀងរាល់ឆ្នាំ ហើយក៏មានមនុស្ស ជាច្រើនលាននាក់ ដែលគិតចង់ធ្វើអត្តឃាតខ្លួន ជាប្រចាំ។ ស្របជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោកដដែលនេះ ក៏បានបញ្ជាក់ថា នៅ ៤៥ ឆ្នាំចុងក្រោយនេះ អត្រានៃការធ្វើអត្តឃាត នៅក្នុងពិភពលោក បានមានការកើនឡើងរហូតដល់ ៦០ភាគរយ ហើយក្នុងចំណោមនោះ ភាគច្រើន គឺសិ្ថតនៅចន្លោះពីអាយុ ១៤-៤៥ ឆ្នាំ។

រីឯ នៅក្នុងប្រទេសកម្ពុជាវិញ អត្រានៃការធ្វើអត្តឃាតខ្លួនមានជាង ៦០០ ករណី នៅក្នុងឆ្នាំ ២០១២ ក៏មានការកើនឡើងរហូតដល់ ១៣ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១១នោះ ដោយយោងទៅតាមក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ លោក កៅ សុវណ្ណតារា ដែលជាអ្នកជំនាញឯកទេស ចិត្តសាស្រ្តក៏បានបំភ្លឺបន្ថែមឲ្យបានដឹងថា «ការធ្វើអត្តឃាត គឺជាសកម្មភាពមួយនៃការសម្លាប់ខ្លួនឯង ហើយប្រសិនបើ ពួកគេទាំងអស់នោះ មាននូវអ្វីៗគ្រប់យ៉ាង រួចអស់ទៅហើយ នោះការធ្វើអត្តឃាតខ្លួនប្រាកដជា មិនអាចកើតមាននោះទេ។ តែផ្ទុយទៅវិញ ពួកគេអាចនិងឈានដល់ដំណាក់កាលធ្វើអត្តឃាតខ្លួន ក៏ព្រោះតែ ពួកគេមាននូវអ្វីដែលជាចំណុចខ្វះចន្លោះ សម្រាប់បំពេញន័យជីវិតរបស់ខ្លួន បន្ថែមតទៅទៀត។  

ជាក់ស្តែង ដូចជាមានមនុស្សមួយចំនួន ដែលពួកគេទាំងអស់នោះ សុទ្ធសឹងតែ ជាអ្នកមានទ្រព្យសម្បតិ្តខ្ពង់ខ្ពស់ រូបសម្ផស្សស្រស់ស្អាត តែពួកគេ បែបជាមានចន្លោះខ្វះខាតខាងផ្នែកកម្លាំងចិត្ត ដែលវាពិតជាបានធ្វើឲ្យប៉ះពាល់ ទៅដល់បញ្ហាផ្លូវចិត្តរបស់ពួកគេ។

ជាមួយគ្នានេះ វាក៏មានការរួមផ្សំនិងកត្តាផ្សេងៗមួយចំនួន ដែលសំខាន់ៗ ដូចជា កត្តាសុខភាពផ្លូវចិត្ត ផ្លូវកាយ ការប៉ះទង្គិចខួរក្បាល ស្ថានភាពរស់នៅប្រចាំថ្ងៃ និងគំនុំជាមួយអ្នកដទៃ ដែលសុទ្ធសឹងតែ ជាកត្តានាំមុខឲ្យពួកគេឈានទៅដល់ដំណាក់កាល ធ្វើអត្តឃាតខ្លួន

កិច្ចសម្ភាសន៍ផ្ទាល់ ជាមួយនឹង លោក កៅ សុវណ្ណតារា ដែលជាអ្នកជំនាញឯកទេសចិត្តសាស្រ្ត

ក្នុងនោះផងដែរ មុនពេលធ្វើអត្តឃាតខ្លួន ពួកគេ អាចបង្ហាញនូវសកម្មភាព ឬក៏ទង្វើមួយចំនួនដូចជា ការគិតបែបអវិជ្ជមានច្រើនគ្រប់ពេល អារម្មណ៍អស់សង្ឃឹមជាប្រចាំ និងការបង្ហាញនៅរបៀបធ្វើអត្តឃាត តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា រូបភាពអារដៃ ចង.ក ថតកាំភ្លើង និងអ្វីៗដែលជាមធ្យោបាយ នៅក្នុងការធ្វើអត្តឃាតខ្លួន។

រីឯ ចំពោះ វិធីសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក៏មានការរួមផ្សំពី ក្រុមគ្រួសារ បុគ្គលផ្ទាល់ ជាមួយនឹងអ្នកផ្តល់ការប្រឹក្សាយោបល់ ដើម្បីជាមធ្យោបាយ ក្នុងការបំភ្លឺផ្លូវរបស់អ្នកធ្វើអត្តឃាតខ្លួន ឲ្យអាចផុតពីរឿងរ៉ាវអាក្រក់បែបនេះ»។ 

លោក កៅ សុវណ្ណតារា ដែលជាអ្នកជំនាញឯកទេស ចិត្តសាស្រ្ត

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ លោក កៅ សុវណ្ណតារា ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋ និងយុវវ័យគ្រប់ៗរូប ឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ដោយប្រើប្រាស់វិធីសាស្រ្តបែបវិជ្ជមាន ក្នុងការដោះស្រាយបញ្ហានានា ដែលយើង បានកំពុងតែប្រឈមមុខ។ ក្នុងនោះ យើងក៏ត្រូវគិតថា រាល់បញ្ហានីមួយៗ សុទ្ធសឹងតែមានដំណោះស្រាយ ព្រោះយើងគ្រប់ៗគ្នា សុទ្ធតែបានកើតមកជាមួយនិងក្តីសង្ឃឹមមក ជានិច្ច។

ដូច្នោះ ចូលសូមកុំអស់សង្ឃឹម នៅក្នុងឆាកជីវិតមួយនេះ ហើយ ត្រូវតែមានសេចក្តីក្លាហានជំនះរាល់គ្រប់ឧបសគ្គ ដែលកំពុងតែកើតមានឡើង មិនថាពេលណានោះទេ។

សរុបរួមមកវិញ ការជ្រើសរើសយកផ្លូវធ្វើអត្តឃាតខ្លួន ពិតជាមិនមែនជាដំណោះស្រាយ មួយដ៏ល្អប្រសើរនោះទេ មិនថា ចំពោះទាំងបុគ្គលផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិ ទាំងមូល នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]