ពោធិ៍សាត់៖ តាមការប៉ាន់ប្រមាណ និងការរំពឹងទុករបស់ប្រជាកសិករ នៅខេត្តពោធិ៍សាត់ សង្ឃឹមថា ឆ្នាំនេះ ទិន្នផលស្រូវរបស់ពួកគាត់ នឹងអាចមានការកើនឡើង ជាងបណ្តាឆ្នាំមុនៗ ព្រោះទឹកជំនន់ មានលក្ខណៈតូច។

ក្រុមប្រជាកសិករបានលើកឡើងថា ឆ្នាំនេះ ទាំងទឹកជំនន់ និងជំនន់ទឹកភ្លៀង មានលក្ខណៈតូចមធ្យម ហើយ ម្យ៉ាងទៀត ដោយសារការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកអភិបាលខេត្ត លោកអភិបាល ស្រុក-ក្រុង ព្រមទាំងគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត-ថ្នាក់ជាតិ និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ តាមស្ថាប័នមន្ទីរនានា ជុំវិញខេត្តបាន រួមសហការគ្នាយ៉ាងល្អប្រសើរ ដោយបញ្ចៀសនូវទឹក ជំនន់ទឹកភ្លៀង បានទាន់ពេលវេលា។ ចំពោះស្ថានភាពទឹកជំនន់ មានការបែកធ្លាយចេញពី មាត់ស្ទឹង បន្តិចបន្តួចក្តី ក៏ទឹកនោះវាអាចស្រកទៅវិញឆាប់រហ័សបំផុត ហើយក៏មិនសូវធ្វើឲ្យសន្ទួងរបស់ កសិករមានការខូចខាតច្រើនដែរ។

ប្រជាកសិករបានបន្តថា សន្ទួងរបស់ពួកគាត់កាលពីឆ្នាំមុនមិនសូវល្អដូចឆ្នាំនេះទេ ដោយសារឆ្នាំមុនៗ មានសត្វចង្រៃធ្វើឲ្យប៉ះពាល់នៅកន្លែងខ្លះៗ ប៉ុន្តែសម្រាប់ឆ្នាំនេះ សន្ទួងរបស់ពួកគាត់ពុំសូវមានសត្វចង្រៃ មកយាយីនោះទេ ហើយសន្ទួងចាប់តាំងពីបង្កើបង្កើនផលរហូតចេញផ្លែ វាមានលក្ខណៈល្អប្រសើរ ។

ប្រជាពលរដ្ឋមួយចំនួនដែលកំពុងច្រូតកាត់ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រណប ក្រុងពោធិ៍សាត់ បានសំដែង ការ សប្បាយរីករាយគ្រប់ៗគ្នា ខណៈដែលឃើញផលស្រូវមានការកើនឡើងខ្ពស់។

ជាមួយ គ្នានេះដែរ ចៅសង្កាត់រណប លោក ស សារឹម បានថ្លែងថា ទិន្នផលស្រូវរបស់ប្រជាកសិករ មានការកើនឡើងជាងបណ្តាលឆ្នាំមុនៗ ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ពេលដែលប្រជាកិសករ ទទួលទិន្នផលស្រូវខ្ពស់បែបនេះធ្វើឲ្យលោកសប្បាយចិត្ត៕

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]