ថៃ៖ មានជំនឿតៗគ្នាបាននិយាយថា ការទទួលទានសុរាអាចជួយបង្កើននូវកម្តៅក្នុងខ្លួន ដើម្បីទប់ទល់អាកាសធាតុត្រជាក់។ ទោះយ៉ាងណាក្តី ក្រុមគ្រូពេទ្យនៅប្រទេសថៃ បានព្រមានឲ្យពលរដ្ឋរបស់ខ្លួន គួរគប្បីចៀសឲ្យឆ្ងាយពីវា ចំពេលអាកាសធាតុត្រជាក់កំពុងខិតចូលមកដល់។

គួរឲ្យដឹងថា នៅភាគខាងជើងនៃខេត្តបូរីរ៉ាម ប្រទេសថៃ អាកាសធាតុកំពុងតែធ្លាក់ខ្យល់រងា លាយឡំជាមួយភ្លៀងធ្លាក់ស្រិចៗ បណ្តាលឲ្យមនុស្សម្នាជាច្រើនក្នុងតំបន់ អង្គុយផ្តុំគ្នា រៀងរាល់ព្រឹកព្រលឹម និងពេលល្ងាច ព័ទ្ធជុំវិញភ្នក់ភ្លើង ដើម្បីកម្តៅខ្លួនប្រាណរបស់ពួកគេ ឬក៏ទទួលទានសុរាជាដើម។

លោកវេជ្ជបណ្ឌិត Withit Sareaudechaikul ដែលជាប្រធានការិយាល័យសុខភាពសាធារណៈ ប្រចាំខេត្ត បូរីរ៉ាម បានឲ្យដឹងថាការទទួលទានសុរាដើម្បីបំបាត់ភាពរងា គឺជារឿងមិនត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ វាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព ដែលអ្នកទទួលទានទាំងឡាយនឹកស្មានមិនដល់។

ការប្រព្រឹត្តបែបនេះអាចធ្វើឲ្យខូចនូវតម្រងនោម ព្រមទាំងប៉ះពាល់ជាអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់ពួកគេ។  មិនតែប៉ុណ្ណោះវាធ្វើឲ្យចរន្តឈាមដំណើរការមានភាពមិនប្រក្រតី ដែលអាចបណ្តាលឲ្យស្លាប់បាន។ ហើយជាជម្រើសដ៏ល្អ មនុស្សម្នាទាំងឡាយត្រូវដណ្តប់ខ្លួននឹងសម្លៀកបំពាក់ក្រាស់ៗ ឬឧស្សាហ៍ធ្វើលំហាត់ប្រាណ ក៏ដូចជាទទួលទាននូវអាហារសុខភាព។

គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានមនុស្សមិនតិចនាក់ទេ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ ដែលបណ្តាលមកពីការទទួលទានសុរាស្របពេលរដូវរងាបាននិងកំពុងមកដល់៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]