សៀមរាប : គណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំការសម្ដែង សិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី ក្រោម ប្រធានបទ ឯកភាពក្នុងពហុភាពវប្បធម៌ (ASEAN Plus Three Joint Cultural Performances : Unity in Diversity) ដែលបានសម្ដែងកាលពីរាត្រី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ ចាប់ពីម៉ោង៨ ដល់ ១១ និង៣០នាទីយប់ នៅខាង ក្រោយ (ខាងកើត) ជាប់នឹងប្រាង្គប្រាសាទអង្គរវត្ត។ ដែលមានការចូលរួមសម្ដែង ពី ក្រុមសិល្ប: នៃបណ្ដា ប្រទេសសមាជិកអាស៊ានទាំង១០ ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ហើយប្រទេសបូកបីមាន ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េ។ ហើយ ប្រធានបទនៃការសម្ដែងរបស់ប្រទេសនីមួយៗ គឺជា សិល្ប:វប្បធម៌ របស់ប្រទេសរៀងៗខ្លួន។

ពិធីសម្ដែងនេះ ស្ថិតក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្ដីការ គណ:រដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រធានក្រុមប្រឹក្សានៃសហភាពអឺរ៉ុប គឺលោក ហឺមែន វ៉ាន់ រ៉ូមពុយ (Herman Van Rompuy) និងលោកស្រី ព្រមទាំងមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ស៊ូ ភិរិន្ទ អភិបាល ខេត្តសៀមរាប ព្រមទាំងប្រតិភូនៃបណ្ដាប្រទេសអាស៊ានបូកបី ប្រតិភូសហភាពអឺរ៉ុប និងសិល្ប:ករ សិល្ប:ការនី ភ្ញៀវជាតិ អន្តរជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០១២ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ គណ: ប្រតិភូនៃបណ្ដាប្រទេសអាស៊ានបូកបី ប្រតិភូសហភាពអឺរ៉ុប សិល្ប:ករ សិល្ប:ការនី ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៃការសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី ក្រោមប្រធានបទ "ឯកភាពក្នុងពហុភាពវប្បធម៌" នៅក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងជាបេតិកភ័ណ្ឌពិភពលោក នៃប្រាង្គ ប្រាសាទអង្គវត្ត នាពេលនេះ។

លោកបានបន្ដមានប្រសាសន៍ថា ក្នុងប្រមាណ២០ឆ្នាំចុងក្រោយនេះ អាស៊ាន និងអាស៊ានបូក មានការសហការ គ្នាល្អ និងមានការរីកចម្រើនគួរជាទីមោទន: ទាំងនយោបាយ សេដ្ឋកិច្ច ព្រមទាំងវិស័យជាច្រើនទៀត ហើយការ ធ្វើ សុខដុមនីយកម្មយ៉ាងពេញលេញ និងកសាងបាននូវ "អាស៊ាន : សហគមន៍តែមួយ វាសនាតែមួយ" យ៉ាងពិតប្រាកដ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]