(ភ្នំពេញ)៖ តារាចម្រៀងសំនៀងក្រអួន ពូកែច្រៀងលួងលោកប្រចាំផលិតកម្មហង្សមាស លោក នី រតនា ត្រូវបានមហាជនមានការពេញចិត្ត នឹងសំឡេងដ៏ស្រទន់របស់លោក ដោយសារតែសមត្ថភាពច្រៀង និងទឹកដមសំនៀងដ៏ពីរោះ ជំរុញឲ្យលោកទទួលបានប្រជាប្រិយភាព យ៉ាងច្រើននៅក្នុងវិស័យចម្រៀងខ្មែរ។ ថ្មីៗនេះ លោក នី រតនា បានសរសេរសារមួយ យ៉ាងវែងអន្លាយនៅក្នុងគណនីហ្វេសប៊ុក ដោយរំឭកដល់ថ្ងៃដែលលោកអាចក្លាយខ្លួន ទៅជាតារាចម្រៀងអាជីព ប្រចាំផលិតកម្មហង្សមាស និង ក្លាយជាម្ចាស់ពានប្រចាំឆ្នាំ២០១៥ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១។

ជាការពិតណាស់ តារាចម្រៀងរូបសង្ហា លោក នីរតនា បន្ទាប់ពីក្លាយជាម្ចាស់ពាន «Cambodian Idol» គេសង្កេតឃើញថា លោកទទួលបានការស្រឡាញ់ ចូលចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន គ្រប់ស្រទាប់។ លោកមានសមត្ថភាពអាចច្រៀងចម្រៀងទាំងទំនុកសម័យដើម បទបែបកន្ទ្រាក់អារម្មណ៍ បទមនោសញ្ចេតនា លោកអាចច្រៀងបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ រាល់បទចម្រៀងមនោសញ្ចេតនារបស់លោក សឹងតែគ្រប់បទ ទទួលបានការគាំទ្រខ្លាំងពីមិត្តយុវវ័យ ព្រោះលោកពូកែដាក់មនោសញ្ចេតនា ទៅតាមបទចម្រៀង គួបផ្សំនឹងសំឡេងដ៏ផ្អែមល្ហែម ស្រទន់ កាន់តែធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនគ្រប់មជ្ឃដ្ឋាន។

ក្នុងឱកាសគម្រប់២ឆ្នាំ នៃការក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្មហង្សមាស ម្ចាស់បទ «មហាឈឺ» លោក នី រតនា បានសរសេរ បង្ហាញពីអារម្មណ៍រំភើប រីករាយ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «អរុណសួស្ដីបាទ ថ្ងៃនេះគឺជាថ្ងៃគំរប់ខួបពីរឆ្នាំ នៃការទទួលបាននូវភាពជោគជ័យដ៏ធំធេងមួយ សម្រាប់ជីវិតរបស់ខ្ញុំ ខ្ញុំពិតជារីករាយណាស់ ហើយក៏រំភើបយ៉ាងខ្លាំងផងដែរ សម្រាប់ជោគជ័យមួយនេះ សឹងតែរកពាក្យអ្វីមកថ្លែងពុំបានឡើយ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទក៏សូមអរគុណ ដល់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ដែលបានបង្កើតនូវកម្មវិធី Cambodian Idol Do នេះឡើង សម្រាប់ផ្ដល់ឱកាសដល់បងប្អូនខ្មែរគ្រប់រូប ក៏ដូចជារូបខ្ញុំផងដែរ ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូន ពូមីង អ៊ុប្រុស អ៊ុស្រី មិត្តៗយុវវ័យទាំងអស់គ្នា ដែលតែងតែស្រឡាញ់ចូលចិត្ត ក៏ដូចជាគាំទ្រដល់រូបខ្ញុំ រហូតមក សូមគោរព ជូនពរបងប្អូនទាំងអស់គ្នា សូមឲ្យជួបតែសេចក្ដីសុខ សេចក្ដីចំរើន សុខភាពល្អ សំណាងល្អ ជាពិសេសសូមឲ្យបងប្អូនប្រកបការងារអ្វី សូមឲ្យបានសម្រេចផងដែរ ។ ពីខ្ញុំបាទ នី រតនា ស្រឡាញ់បងប្អូនទាំងអស់គ្នា អរគុណ»។

គួរបញ្ជាក់ថា នី រតនា ជាអតីតបេក្ខភាពដែលទទួលបានជយលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក « Cambodian Idol» រដូវកាលទី១ ដែលបានធ្វើឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ។ បើគិតមកទល់ពេលនេះ មានរយៈពេល ២ឆ្នាំមកហើយ៕

តារាចម្រៀងប្រុស នី រតនា
តារាចម្រៀងប្រុស នី រតនា
តារាចម្រៀងប្រុស នី រតនា

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា