សៀមរាប៖ ខេត្តសៀមរាប គឺជាទឹកដីមួយដ៏សម្បូរសប្បាយ និងមានសម្បតិ្តវប្បធម៌ដ៏អស្ចារ្យជាងគេ ក្នុងចំណោមខេត្តក្រុងដទៃៗទៀតជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាសាទអង្គរវត្ត

ហើយនៅពេលមានពិធីបុណ្យម្តងៗ ទាំងប្រុសទាំងស្រី បាននាំគ្នាសម្រុកទៅដើរលេងកម្សាន្តនៅខេត្តសៀមរាបយ៉ាងច្រើនកុះករ។

ជាក់ស្តែងនៅក្នុងពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ មានប្រជាជនជាច្រើននាក់បានទៅចូលរួមអបអរ ក៏ដូចជាធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ទឹកដីអង្គរ។ 

ពីធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅស្ទឹងសៀមរាប
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តសៀមរាប

ចំណែកឯការលក់ចំណីអាហារទូទៅ នៅក្នុងខេត្តសៀមរាបនាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក៏មានច្រើនសន្ធឹកសន្ធាប់ជាហូរហែផងដែរ។

នៅក្នុងនោះដែរ នរណាមិនស្គាល់អ្នករុញរទេះលក់សាច់ក្រកអាំង ដ៏ល្បីល្បាញមួយរូបនៅខេត្តសៀមរាប ដែលមានបទពិសោធន៍លក់អស់រយៈពេលជាង២០ឆ្នាំមកហើយ។ 

សាច់ក្រកអាំងនៅខេត្តសៀមរាប
ជ្រក់សាច់ក្រកអាំង

លោកយាយ ពៅ ស្រៀង ដែលជាអ្នកមានស្រុកកំណើត នៅស្អាងខេត្តកណ្តាល សព្វថ្ងៃមុខរបរជាអ្នកលក់សាច់ក្រកអាំងម្នាក់ក្នុងខេត្តសៀមរាប ល្បីថាសាច់ក្រកគាត់ឈ្ងុយឆ្ងាញ់ណាស់ ព្រោះគាត់បានធ្វើដោយខ្លួនឯងផ្ទាល់ដៃ ពីសាច់គោ និងពោះវៀនជ្រូក។

ជួបជាមួយក្រុមការងារខ្មែរឡូតលោកយាយ ស្រៀង បានឱ្យដឹងថា គាត់ប្រកបរបរជាអ្នករុញរទេះលក់សាច់ក្រកនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយគាត់គឺជាអ្នកធ្វើសាច់ក្រកនេះលក់ដោយខ្លួនឯងតែម្តង ប្រកបដោយអនាម័យខ្ពស់អាចទុកចិត្តបាន។

លោកយាយថា គាត់ និងកូនៗចំនួន៥នាក់ផ្សេងទៀតក្នុងគ្រួសារ គឺសុទ្ធតែប្រកបរបរជាអ្នកលក់រុញរទេះលក់សាច់ក្រកអាំងនេះទាំងអស់គ្នា គ្មាននរណាម្នាក់ប្រកបរបរអ្វីផ្សេងនោះទេ។ ជាធម្មតាគាត់តែងចេញលក់ជាប្រចាំនៅម្តុំផ្សារលើ ខេត្តសៀមរាប ដោយអាចរកចំណូលបានក្នុងមួយថ្ងៃជាង៥ម៉ឺនរៀល សរុប១ខែបានជាង ១៥០ម៉ឺនរៀល។ 

លោកយាយ ពៅ ស្រៀង អ្នករុញរទេះលក់សាច់ក្រកអាំងនៅខេត្តសៀមរាប

ហើយក្នុងរយៈពេលនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ លោកយាយអាចលក់សាច់ក្រកបានពី ២០០ ទៅ ៣០០ ចង្កាក់ឯណោះ ដោយក្នុង ១ ចង្កាក់ គឺមានតម្លៃ ១០០០ រៀល មានដោតសាច់ក្រកគ្រាប់តូចៗល្មមឆ្ងាញ់ចំនួន៥គ្រាប់ផងដែរ។ 

សាច់ក្រកលោកយាយ ពៅ ស្រៀង

លោកយាយបានលក់នៅកន្លែងដែលមានមនុស្សច្រើន គឺនៅម្តុំសួនច្បារមុខព្រះអង្គចេកព្រះអង្គចម ដែលមានការដាក់តាំងពិព័រណ៍ បណ្តែតប្រទីប និងការប្រណាំងទូក ង ដែលមានមនុស្សមកទស្សនាយ៉ាងច្រើនកុះករ ព្រមទាំងដើរលេងកម្សាន្តយ៉ាងសប្បាយ ពោរពេញទៅដោយភាពរីករាយ។

សាច់ក្រកអាំងលោកយាយ ស្រៀង លក់នៅសួនច្បារមុខព្រះអង្គចេក ព្រះអង្គចម

មិនតែប៉ុណ្ណោះ ចំណុចពិសេសរបស់សាច់អាក្រក់អាំងលោកយាយ ស្រៀង គឺយកចិត្តទុកដាក់ខ្ពស់មែនទែនទៅលើអនាម័យសុខភាពរបស់អ្នកទិញ និងអ្នកបរិភោគទាំងអស់។ គឺលោកយាយបានប្រាប់ដោយផ្ទាល់មាត់ថា ទោះជាគាត់លក់ដាច់យ៉ាងណា មានភ្ញៀវចូលមកទិញសាច់ក្រកអាំងគាត់ច្រើនយ៉ាងណាក្តី ក៏លោកយាយមិនដែលភ្លេចដាក់ទ្រាប់ស្លឹកចេកនៅពីក្រោមសាច់ក្រកអាំងផងដែរ ដើម្បីកុំឱ្យសាច់ក្រកអាំងក្តៅៗ ទៅប៉ះជាមួយនឹងជ័រប្រអប់ស្នោ ដែលវេចខ្ចប់សាច់ក្រកអាំងនៅពីខាងក្រៅសម្រាប់ឱ្យអ្នកទិញកាន់យួរបរិភោគ។ 

ហើយអ្វីដែលរឹតតែ ចាប់អារម្មណ៍ជាងនេះ ក៏មានមនុស្សជាច្រើន បាននាំគ្នាទិញ សាច់ក្រកអាំង យកមកភ្នំពេញ ដើម្បីផ្ញើក្រុមគ្រួសារទៀតផង ព្រោះតែឆ្ងាញ់ពេក៕

សាច់ក្រកអាំងលោកយាយ ស្រៀង មានទ្រាប់ស្លឹកចេកនៅពីក្រោម
សាច់ក្រកអាំងលោកយាយ ស្រៀង មានទ្រាប់ស្លឹកចេកនៅពីក្រោម

បើបានទៅដើរលេងខេត្តសៀមរាប កុំភ្លេចទៅភ្លក់សាច់ក្រកអាំងរបស់លោកយាយ ស្រៀង នៅម្តុំផ្សារលើផង ហើយគាត់ក៏មានលក់ថ្លឹងជាគីឡូសម្រាប់អ្នកដែលចង់ទិញយកទៅទទួលទានជាលក្ខណៈគ្រួសារផងដែរ៕

រូបភាពលោកយាយ ពៅ ស្រៀង លក់សាច់ក្រកអាំងនៅសួនច្បារព្រះអង្គចេកព្រះអង្គចមក្នុងថ្ងៃបុណ្យអុំទូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]