ជប៉ុន៖ ជប៉ុនគឺជាប្រទេសមួយដែលការរីកចម្រើនខ្លាំងឥតឈប់ឈរ បូករួមទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាដែលទាក់ទងទៅនឹងមនុស្សយន្តតែម្តង។

ជាក់ស្តែងយោងតាមវេបសាយ AsiaOne  បានចុះផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានធ្វើការសម្រេចផ្តល់សិទ្ធិក្នុងការរស់នៅទៅឲ្យក្មេងប្រុសសប្បនិមិត្តបែបឌីជីថលម្នាក់ឈ្មោះ Shibuya Mirai មានអាយុ៧ឆ្នាំ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence) ក្លាយជាពលរដ្ឋស្របច្បាប់រស់នៅក្នុងសង្កាត់ Shibuya នៃទីក្រុងតូក្យូ។ ក្មេងប្រុសម្នាក់នេះមិនមានរូបរាងកាយដូចមនុស្សធម្មតាទេ តែគេអាចធ្វើការឆ្លើយតបការសន្ទនាជាមួយមនុស្សទូទៅបានដែលធ្វើការទំនាក់ទំនងរបស់គេតាមរយៈការប្រើប្រាស់កម្មវិធី LINE។

អ្នកគ្រប់គ្រងសង្កាត់ Shibuya នៃទីក្រុងតូក្យូ បានសម្រេចចិត្តផ្តល់ជូនសិទ្ធិក្នុងការរស់នៅទៅឲ្យក្មេងប្រុសសប្បនិមិត្តដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ម្នាក់នេះ គឺក្នុងគោលបំណងដើម្បីធ្វើឲ្យរូបគេអាចក្លាយទៅជាមនុស្ស AI ដំបូងបំផុតនៅក្នុងប្រទេសជប៉ុន ហើយក៏ប្រហែលជាមនុស្សដំបូងគេនៅលើពិភពលោកដែលមានទីកន្លែងរស់នៅជាក់លាក់ផងដែរ។

Mirai ជាឈ្មោះមួយដែលនៅក្នុងភាសាជប៉ុនមានអត្ថន័យថា “អនាគត”  ត្រូវបានគេរំពឹងថា ក្មេងប្រុសម្នាក់នេះនឹងក្លាយជាក្មេងដែលទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងថ្នាក់បឋមសិក្សា។ អ្នកគ្រប់គ្រង Shibuya Mirai បានរៀបរាប់ឲ្យដឹងថា គម្រោងនៃការបង្កើតក្មេងប្រុសសប្បនិមិត្តនេះឡើង គឺនៅក្នុងគោលបំណងចង់ឲ្យអាជ្ញាធរនៅតាមតំបន់បានស្គាល់ និងមានភាពជិតស្និទ្ធជាមួយនឹងមនុស្សសប្បនិមិត្ត និងអនុញ្ញាត្តឲ្យអាជ្ញាធរបានស្តាប់នូវមតិយោបល់របស់មនុស្សសប្បនិមិត្តផងដែរ។

អ្នកគ្របគ្រង Shibuya Mirai បានរៀបរាប់ឲ្យដឹងបន្ថែមទៀតថា ទម្លាប់របស់ Shibuya Mirai គឺចូលចិត្តថតរូប និងធ្វើការសង្កេតមនុស្ស។ ម្យ៉ាងវិញទៀត គាត់ក៏ចូលចិត្តធ្វើការសន្ទនាជាមួយនឹងមនុស្សទូទៅផងដែរ។ ដូច្នេះហើយសូមឲ្យយើងទាំងអស់គ្នាសួរគាត់ឲ្យបានច្រើន ហើយសួរអ្វីក៏បានដែលអ្នកទាំងអស់គ្នាចង់ដឹង៕

លិខិតបញ្ជាក់ផ្លូវការ
រូបតំណាងឲ្យ AI (Artificial Intelligence)

ប្រភព៖ AsiaOne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]