រាជធានីភ្នំពេញ ៖ បន្ទាប់ពីរូបអាក្រាតកាយ របស់ពិធីការិនីនៃ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ក្នុងកម្មវិធី«ដើមភូមិចុងភូមិ» និងជាតារាសម្ដែង កែភេទពីប្រុសមកជាស្រីប៉ុបពី ដែលត្រូវគេបង្ហោះ ពេញបណ្ដាញសង្គមហ្វេប៊ុក(Facebook) រួចមក ធ្វើឱ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រកើតរឿងក្ដៅក្រហាយ និងប្រើពាក្យអសុរោះរិះគន់ចំពោះរូបនេះ ។

ពាក់ព័ន្ធទៅនឹងការផ្សាយរូបអាក្រាតនេះប៉ុប ពីប្រាប់កោះសន្ដិភាពតាមទូរស័ព្ទឱ្យដឹងថា ចំពោះរូបនាងផ្ទាល់មិនទាន់បានឃើញរូបនេះនៅឡើយទេ ឮតែតាមមិត្តរបស់នាងប្រាប់ប៉ុណ្ណោះ ។ តាមការពិតរូបនេះគឺជារូបគេច្នៃប្រឌិតពុំមែនជារូបពិត របស់នាងទេ ។
តារាសម្ដែងកែភេទរូបនេះបន្ថែមទៀតថា មិនខ្វះទេថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនីជាច្រើនដែលត្រូវជនខិលខូចយករូបភាពទៅកាត់ត ទៅតាមការនឹកឃើញរបស់គេ ។ សម្រាប់នាងនិងក្រុមគ្រួសាររបស់នាងផ្ទាល់មិនដែលយកខួរក្បាលទៅ គិតរឿងអត់ប្រយោជន៍បែបនេះទេ ហើយនាងក៏មិនចង់វែកមុខអ្នកណាដែលបន្លំយករូបនាងទៅកាត់ ត ដើម្បីធ្វើអាជីវកម្ម ឬក៏បង្ខូចកេរិ៍្ដឈ្មោះរបស់នាងដែរ ។ នាងមិនខ្វល់ទេ សំខាន់គឺនាងបរិសុទ្ធ«មាសសុទ្ធមិនខ្លាចភ្លើងទេ» ។

នាងប៉ុបពីនិយាយថា ការពិតនៅតែជាការពិត សំខាន់សូមឱ្យអ្នកគ្រប់គ្នាគិតថា សម័យនេះហើយបច្ចេកវិទ្យាជឿនលឿនណាស់ចង់ធ្វើអ្វីក៏បានដែរ ។ សម្រាប់នាងផ្ទាល់ទោះបីជានាងកែភេទពីប្រុសទៅស្រីក៏ពិត មែន តែនាងក៏មានគំនិត និងការខ្មាសអៀនដូចជាមនុស្សស្រីដែរ ។ នាងមិនអាចទៅថតរូបបែបនេះបង្ហោះឱ្យគេមើលលេងទេ ។

បើសិនជានាងហ៊ានថតស្រាតបញ្ចេញកេរិ៍្ត ខ្មាសបែបនេះមែន នាងប្រហែលជាអាចទៅជាស្រីរកស៊ីក៏ថាបានដែរ តែវាមិនអាចទេ ។ នាងមិនអាចទៅថតរូបអាសអាភាស ឱ្យគេគ្រប់គ្នាមើលលេងកម្សាន្តទេ ។ នាងមានគ្រួសារដ៏កក់ក្ដៅ មានលុយចាយ មានរថយន្តជិះ មានទាំងមុខរបររកស៊ី រឿងអ្វីទៅធ្វើបែបនេះព្រោះរឿងបែបនេះគឺពិតជាធ្វើឱ្យ គ្រួសាររបស់នាង និងរូបនាងផ្ទាល់អាប់ឱនកិត្តិយសខ្លាំងណាស់ ។ នាងគិតថា អាចមានគេរមាស់ដៃខ្លាំងណាស់ហើយដែលយករូបនាងកាត់ត និងផ្សព្វផ្សាយបែបនេះ ។

នាងប៉ុបពី បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយនាងសុំការលើកលែងទោសពីមជ្ឈដ្ឋានទូទៅផងដែរ បើសិនជាគេគិតថា រូបនេះគឺជារូបនាង។ នាងមិនមានគំនិតថតរូបភាពគ្មានសម្លៀកបំពាក់ជាប់ខ្លួន សូម្បីតែបន្តិចបែបនេះទេ ព្រោះនាងក៏ជាស្រ្តីខ្មែរមួយរូបដែរ ទោះបីជានាងកែភេទក៏ដោយ ។

ប៉ុបពី ស្នើសុំឱ្យបងប្អូន មិត្តភក្ដិ និងអ្នកគាំទ្ររូបនាងទាំងអស់មានការជឿជាក់លើរូបនាងជាជាង ជឿជាក់លើរូបភាពបង្ហោះតាមអីុនធើរណេតដែលគ្មានប្រភពច្បាស់ លាស់។ប៉ុបពីមានកំណើតនៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះនាងបានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេល ជិត១០ឆ្នាំហើយ ។ ក្រៅពីអាជីពសម្ដែង នាងជាពិធីការិនីក្នុងកម្មវិធី«ដើមភូមិចុងភូមិ» របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]