បន្លែបៃតង អាចជួយបន្ថយការឈឺចាប់ពេលមានរដូវបាន ពីព្រោះវីតាមីន និងសារធាតុរ៉ែរបស់បន្លែបៃតង មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ វាក៏មានសមត្ថភាពក្នុងការកាត់បន្ថយការឈឺចាប់សាច់ដុំផងដែរ។

បន្លែបៃតង អាចជួយបន្ថយការឈឺចាប់ពេលមានរដូវបាន

ដូច្នេះចំពោះនារីៗដែលមានការឈឺចាប់ពេលមករដូវនៅក្នុងស្បូន អាចបរិភោគបន្លែបៃតងទាំងនេះបាន ដែលរួមមានដូចជា៖

១) ផ្ទី៖ សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជាវីតាមីន A វីតាមីន B វីតាមីន C ជាតិកាល់ស្យូម ផូស្វ័រ ជាតិដែក ព្រមទាំងប្រូតេអ៊ីនមានសារៈសំខាន់ជាច្រើនទៀតចំពោះសុខភាពយើង ជាពិសេសគឺម៉ាញ៉េស្យូមខ្ពស់ ដែលអាចបំបាត់ការឈឺចាប់ពេលមានរដូវបានយ៉ាងល្អ។  

ផ្ទី សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ

២) ស្លឹកបាស៖ ពោរពេញទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន A វីតាមីន B1 B2 កាល់ស្យូម ផូស្វ័រ និងជាតិដែក ដែលអាចជួយព្យាបាលការឈឺចាប់ពេលមករដូវយ៉ាងប្រសើរ។ វាក៏ជួយធ្វើឱ្យស្បែកស្រស់ថ្លាផងដែរ។

ស្លឹកបាស ពោរពេញទៅដោយប្រូតេអ៊ីន ជាតិសរសៃ និងវីតាមីន A

៣) ខាត់ណា៖ មានម៉ាញ៉េស្យូមខ្ពស់ ជួយបម្រុងគ្រាប់ឈាម មានវីតាមីនដែលមានប្រយោជន៍ជាច្រើន ក៏ដូចជាថែទាំស្បែក ជួយកាត់បន្ថយការឈឺចាប់ក្នុងដុំសាច់ផងដែរ។ វាក៏ជាបន្លែមួយប្រភេទដែលមានការដាំដុះពេញមួយឆ្នាំ ដូចនេះមិនពិបាកឡើយសម្រាប់អ្នក នៅក្នុងការរកវាមកបរិភោគ ដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវប្រចាំខែ។

ខាត់ណាមានម៉ាញ៉េស្យូមខ្ពស់ ជួយបម្រុងគ្រាប់ឈាម មានវីតាមីនដែលមានប្រយោជន៍ជាច្រើន

៤) ស្ពៃក្តោប៖ ជាបន្លែដែលមានវីតាមីន C ខ្ពស់ ហើយសារធាតុរ៉ែក៏មានច្រើនណាស់ដែរនៅក្នុងស្ពៃក្តោប។ វាមានលក្ខណៈពិសេសជួយធ្វើឱ្យអ័រម៉ូនអេស្ត្រូជេនមានតុល្យភាព ជួយឱ្យមានដំណើរការធម្មតា។ មិនតែប៉ុណ្ណោះវាក៏ជួយបន្ថយកូលេស្តេរ៉ុលផងដែរ ប៉ុន្តែមិនគួរបរិភោគឆៅទេ ព្រោះវាអាចធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរបស់អ្នកខ្វះសារជាតិជាតិអ៊ីយ៉ូត ដែលនាំឱ្យប៉ះពាល់ទៅដល់បំពង់ក។ ដូច្នេះគួរចម្អិនឱ្យឆ្អិនចាំបរិភោគ ទើបផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ។

ស្ពៃក្តោប ជាបន្លែដែលមានវីតាមីន C ខ្ពស់ ហើយសារធាតុរ៉ែក៏មានច្រើនណាស់ដែរ

៥) ត្រកួន៖ ត្រកួនអាចជួយការពារភ្នែក ព្រោះវាមានវីតាមីន A ខ្ពស់ណាស់ ហើយប្រសិនបើបរិភោគវាជាទៀងទាត់នោះ ត្រកួនក៏អាចជួយបណ្តេញជាតិពុលនៅក្នុងខ្លួនបានយ៉ាងល្អ។ ក្រៅពីនេះ វាក៏សម្បូរទៅដោយជាតិសរសៃ ជាតិកាល់ស្យូម ផូស្វ័រ វីតាមីន B វីតាមីន C ពិសេសក៏មានជាតិដែកផងដែរ ដែលអាចជួយបន្ថយការឈឺចាប់អំឡុងពេលមករដូវបានយ៉ាងល្អប្រសើរបំផុត។

ត្រកួតសម្បូរ ទៅដោយជាតិសរសៃ ជាតិកាល់ស្យូម ផូស្វ័រ វីតាមីន B វីតាមីន C ពិសេសក៏មានជាតិដែកផងដែរ

លើសពីនេះទៅទៀត បន្លែបៃតងទាំង៥ប្រភេទនេះ ក៏អាចជួយកាត់បន្ថយផលប៉ះពាល់ផ្សេងទៀត ដែលកើតមានមុន និងក្រោយការមករដូវបានផងដែរ ដូចជាជំងឺមហារីកសុដន់ ការឈឺសាច់ដុំ វិលមុខ និងអស់កម្លាំងជាដើម។ 

ចំណាំ៖

១) គួរបរិភោគបន្លែបៃតងមុនប្រហែល២សប្តាហ៍ មុនពេលមករដូវ ព្រោះវាមានប្រយោជន៍ដល់រាងកាយជាច្រើនយ៉ាង ហើយកុំភ្លេចសម្អាត និងចម្អិនវាឱ្យបានល្អជាមុនសិន មុនពេលអ្នកទទួលទាន។

២) បន្ថែមពីលើការទទួលទានបន្លែពណ៌បៃតងហើយ អ្នកក៏គួរតែបរិភោគគ្រាប់ធញ្ញជាតិនានា និងអាហារដែលមានជាតិកាល់ស្យូមខ្ពស់ផងដែរ ដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។ ហើយអ្នកគួរកាត់បន្ថយអាហារណា ដែលសម្បូរសារជាតិខ្លាញ់ សាច់សត្វ អំបិល ស្ករ ឬកាហ្វេជាដើម ព្រោះវាក៏អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវបានយ៉ាងល្អទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]