ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្នគេសង្កេតឃើញថា មានចំណីអាហារលក់ដូរយ៉ាងហូរហែ ក្នុងរាជធានីភ្នំពេញ តាមចិញ្ចើមផ្លូវ កន្លុកកន្លៀតកៀនសាលា ក្នុងផ្សារ និងនៅក្បែរសួនច្បារជាដើម។ ក្រៅពីពងទាកូន ទឹកក្រឡុក ប្រហិត សាច់គោអាំង -ល- ក្នុងនោះនំប៉័ងដាក់សាច់ ក៏ត្រូវបានគេស្គាល់ថា ជាចំណីអាហារសំរ៉ន់មួយបែប ចម្អែតក្រពះដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើង តែងនិយមចូលចិត្តញ៉ាំផងដែរ។

ថ្ងៃនេះក្រុមការងារ ខ្មែរឡូត និងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ឲ្យមកស្គាល់ពីទីតាំងមួយកន្លែង លក់នូវនំប៉័ងដាក់សាច់តាមឡាន ទល់មុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ ដែលល្បីថាឆ្ងាញ់មិនចាញ់អ្នកលក់ហាង និងមួយកំណាត់ត្រឹមតែ១៥០០រៀលប៉ុណ្ណោះ រហូតមានអ្នកខ្លះទិញផ្ញើបងប្អូននៅស្រុកថែមទៀត។

ដូច្នេះដើម្បីកុំឲ្យខាតពេលយូរ មកតាមដានជាមួយនឹងពួកយើងទាំងអស់គ្នា៖

រូបភាព៖ នំប័ុងដាក់សាច់ដែលក្នុងការងារខ្មែរឡុតយើង ចុះទៅធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកលក់

ជួបជាមួយនឹង អ៊ំប្រុស ជា សាម៉េត និងភរិយា ជាម្ចាស់រថយន្តដឹកលក់នំប៉័ងដាក់សាច់ បានផ្តល់បទសម្ភាសន៍ មកក្រុមការងារខ្មែរឡូតយើងថា៖ អ៊ំប្រុសបើកមុខរបរលក់នំប៉័ងសាច់នេះជិត ២៤ឆ្នាំហើយ ពោលគឺចាប់តាំងប្រហែលជាពីកំឡុងឆ្នាំ ១៩៩៤មកម្ល៉េះ។

ជារៀងរាល់ថ្ងៃអ៊ំប្រុសចេញមកលក់២ដង នៅពេលព្រឹកចាប់ពីម៉ោង ៦កន្លះព្រឹក រហូតដល់ម៉ោង១០ព្រឹក និងពេលល្ងាចចាប់ពីម៉ោង ២កន្លះ យ៉ាងយូររហូតដល់ម៉ោង៧យប់ តាមថ្ងៃខ្លះដាច់ខ្លាំងត្រឹមម៉ោង៦ល្ងាចអស់ក៏មាន គឺលក់ជារៀងជារាល់ថ្ងៃនៅទល់មុខនិងសាលា វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ប៉ុន្តែថ្ងៃអាទិត្យលក់ត្រឹមមួយព្រឹកប៉ុណ្ណោះ។

ទាក់ទងជាមួយនឹងការធ្វើគ្រឿងគ្រៅអ៊ំប្រុសអ៊ំស្រីបានបន្តថា ពួកគាត់ទាំង២នាក់ជាមួយកូនក្មួយម្នាក់ទៀតត្រូវក្រោកធ្វើគ្រឿងដូចជាសាច់និងបឺរតាំងពីម៉ោង ៤កន្លះភ្លឺ ពេលរួចរាល់ទើបចេញមកលក់វេនព្រឹក។ បន្ទាប់ពីលក់អស់អ៊ំប្រុសត្រលប់ទៅផ្ទះធ្វើគ្រឿងថ្មីបន្ត។

លក្ខណៈពិសេសនំប៉័ងដាក់សាច់របស់អ៊ំប្រុសអ៊ំស្រី គឺមិនដែលធ្វើគ្រឿងទុកនោះទេ តែងតែធ្វើថ្មីជារៀងរាល់ថ្ងៃ មួយថ្ងៃ២ដង មិនថាតែសាច់ចិញ្ច្រាំនិងបឺរ ឯនំប៉័ងក៏ថ្មីៗស្រួយដោយមានប្រដាប់កំដៅបន្ថែមនៅក្នុងឡានដែលអ៊ំប្រុសលក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ អ៊ំប្រុសបានប្រាប់បន្តថា ជ្រក់ដែលអ៊ំធ្វើមិនដែលប្រើប៊ីចេងសូម្បីតែបន្តិច ព្រោះតែអ៊ំប្រុសគិតគូរដល់សុខភាពរបស់អ្នកដែលមកទទួលទាន។

បកត្រលប់មកអតីតកាលវិញអ៊ំប្រុសបានប្រាប់ថា មុខរបរមួយនេះអ៊ំប្រុសអ៊ំស្រី រៀនធ្វើវាដោយខ្លួនឯងទាំងអស់ គ្រាន់តែការធ្វើបឺរមានអ្នកណែនាំបន្តិចបន្តួច រួចអ៊ំប្រុសក៏រកនឹកវិធីច្នៃបង្កើនរសជាតិដោយខ្លួនឯង។ ចំណែកអ្នកដែលមកញ៉ាំនៅកន្លែងអ៊ំមានទាំងសិស្សសាលា មន្ត្រីរាជការ អ្នកធ្វើការ កម្មករ អ្នករត់ម៉ូតូឌុប និយាយរួមគឺមានអតិថិជនគ្រប់ជាន់ថ្នាក់មិនថាទាំងអ្នកធូរធារ ឬអ្នកក្រនោះទេ។

នោះក៏ដោយសារតែនំប៉័ងរបស់អ៊ំប្រុសមានឱជារសឆ្ងាញ់ខុសប្លែកពីគេ ឯតម្លៃទៀតសោតអាចនិយាយបានថាថោកលើសពីកន្លែងផ្សេងៗ គឺត្រឹមតែ ១៥០០រៀលក្នុងមួយកំណាត់ ឬមួយដើម ៣០០០រៀលតែប៉ុណ្ណោះ។

រូបភាព៖ ភរិយារបស់អ៊ំប្រុស ជា សាម៉េត កំពុងតែញាប់ដៃធ្វើនំប័ុងដាក់សាច់ជូនភ្ញៀវ
រូបភាព៖ គ្រឿងផ្សំមានជ្រក់ សាច់ចិញ្រ្ចាំ បឺ -ល- សម្រាប់ដាក់ជាស្នូលក្នុងនំប័ុង

នៅពេលដែលក្រុមការងារយើងសាកសួរពីតម្លៃថា ហេតុអ្វីបានជាអ៊ំប្រុសអាចលក់តម្លៃនេះបានដែលខុសពីកន្លែងដទៃ អ៊ំប្រុសមិនខ្លាចអត់ចំណេញនោះទេ? អ៊ំប្រុសបានប្រាប់ទាំងទឹកមុខញញឹមរួសរាយថា៖

«បើនិយាយពីតម្លៃ អ៊ំគិតថាកន្លែងអ៊ំថោកនោះថោកជាងគេហើយ។ ការពិតទៅអ៊ំលក់ដំបូងមួយកំណាត់ត្រឹមតែ ៧០០រៀលទេ តែដោយសារគ្រឿងគ្រៅអីឡើងថ្លៃអ៊ំក៏ឡើងដល់មួយកំណាត់ ១០០០រៀល រហូតចុងក្រោយនេះឡើង ១៥០០រៀលនេះយូរណាស់មកហើយ ហើយអ៊ំក៏មិនគិតចង់តំឡើងថ្លៃអីដែរប៉ិននេះម៉ាសមរម្យ ហើយអ៊ំមិនចង់ចំណេញច្រើនអីទេ។ ម្យ៉ាងអាណិតសិស្សសាលានិងគ្នាអ្នកអត់ខ្លះ ព្រោះថាមានលុយតែ ១៥០០រៀលក៏ញ៉ាំបានដូចគេដូចឯង។

អ៊ំសុខចិត្តចំណេញតិចតែបានសប្បាយចិត្ត ពេលឃើញអ្នកណាក៏អាចមកញ៉ាំបានអ៊ីចឹង។ រាល់ថ្ងៃអ៊ំចាស់ហើយ កូនៗគេក៏មិនចង់ស្នងមុខរបរនេះដែរ គេមានការងារគេផ្សេងដែលគេស្រលាញ់ ចឹងហើយអ៊ំពីរនាក់មានតែនាំគ្នាបន្តមុខរបរនេះចំណេញបានតិចតួច ហត់ខ្លះអីខ្លះដូចហាត់ប្រាណ បានមើលគេមើលឯងផងបានសប្បាយចិត្តតែប៉ុណ្ណឹងឯង»។

រូបភាព៖ អ៊ំប្រុស ជាសាម៉េត កំពុងតែឈរកម្តៅនំប័ុង ត្រៀមកាត់លក់
រូបភាព៖ នំប័ុងក្នុងឡកំដៅ

អ៊ំប្រុសអ៊ំស្រីបានបន្តរៀនរាប់ ទាំងមុខសប្បាយរីករាយលាយសំណើចតិចៗថា អ្នកមកញ៉ាំកន្លែងអ៊ំតែងតែបន្តមកញ៉ាំទៀតមិនថាច្រើនឆ្នាំកន្លែងផុតទៅក៏ដោយ។ សិស្សខ្លះរៀនចប់មានការងារធ្វើ ក៏តែងត្រលប់មកញ៉ាំអ៊ំដែរ។ មានអ្នកខ្លះទៅរៀនស្រុកក្រៅ បានប្តីស្រុកក្រៅហើយត្រលប់មកវិញនៅតែនឹកឃើញ ក៏មកញ៉ាំនិងមកលេងពួកអ៊ំជារឿយ។ ពេលឃើញបែបនេះអ៊ំគិតថា វាជាអនុស្សាវរីយ៍មួយនៅក្នុងជីវិតអ៊ំដែលធ្វើឱ្យអ៊ំសប្បាយចិត្ត ដោយតែងតែមានអ្នកចងចាំអ៊ំនិងនឹកអ៊ំ បើទោះជាពួកគេទៅដល់ទីណាក៏ដោយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ មានអ្នកខ្លះទិញនំប៉័ងដាក់សាច់របស់អ៊ំផ្ញើបងប្អូន ឬឪពុកម្តាយគេនៅខេត្ត ហើយតែងតែសរសើរថាឆ្ងាញ់ បើខុសពីកន្លែងអ៊ំញ៉ាំមិនត្រូវមាត់។

រូបភាព៖ នំប័ុងដាក់សាច់ដែលក្នុងការងារខ្មែរឡុតយើង ចុះទៅធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកលក់

ដោយឡែក មកជួបជាមួយបងប្រុស ដែត ជាម៉ូយចាស់រាប់ឆ្នាំ កំពុងតែអង្គុយញ៉ាំនំប៉័ងដាក់សាច់ជាមួយនឹងមិត្តភក្តិម្នាក់ទៀតបាននិយាយទាំងរីករាយថា៖

«បងជាម៉ូយនៅទីនេះរាប់ឆ្នាំហើយ និយាយទៅមកញ៉ាំនៅទីនេះ តាំងតែពីបងរៀននៅបឹងត្របែកម៉្លេះ។ ជិះកាត់ទីនេះរាល់ថ្ងៃ ហើយក៏តែងតែចូលញ៉ាំរាល់ថ្ងៃរហូតទម្លាប់ទៅហើយ។ កន្លែងនេះអ៊ំគាត់ធ្វើឆ្ងាញ់ ឯតម្លៃក៏ថោកសមរម្យជាងគេទៀតបានជាបងចូលចិត្តមកញ៉ាំសឹងតែរាល់ថ្ងៃ»

បងប្រុសបាននិយាយបន្តទាំងញញឹមថា ដោយសារតែជាប់ចិត្ត និងមានអនុស្សាវរីយ៍ជាច្រើននៅកន្លែងនេះបានជាបងប្រុសនៅតែមកញ៉ាំ នៅទីនេះជាប្រចាំមិនថាពេលបងប្រុសរៀននៅនៅវិទ្យាល័យ និងរហូតដល់ពេលនេះមានការងារធ្វើក៏ដោយ។

រូបភាព៖ បងប្រុស ដែត និងមិត្តភក្តិ

ដូច្នេះប្រសិនបើប្រិយមិត្ត បានអានអត្តបទនេះហើយ ចង់សាកនំប៉័ងដាក់សាច់ លក់នៅទល់មុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ អាចអញ្ជើញទៅបានណា រសជាតិពិតជាឆ្ងាញ់ត្រូវមាត់តែម្តង ៕  

ទីតាំងលក់នំប័ុងដាក់សាច់នេះ គឺនៅទល់មុខនឹងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ
ទីតាំងលក់នំប័ុងដាក់សាច់នេះ គឺនៅទល់មុខនឹងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ
ទីតាំងលក់នំប័ុងដាក់សាច់នេះ គឺនៅទល់មុខនឹងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ
ទីតាំងលក់នំប័ុងដាក់សាច់នេះ គឺនៅទល់មុខនឹងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ
ទីតាំងលក់នំប័ុងដាក់សាច់នេះ គឺនៅទល់មុខនឹងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]