ប្រាសាទគុកនគរ ជាប្រាសាទដ៏ល្អមួយ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ តាមរចនាបថឃ្លាំង ។ ប្រាសាទនេះ កសាងលើដីរាបស្មើ លើខឿនតែ មួយរាងចតុកោណកែង ធ្វើអំពីថ្មបាយក្រៀម និងថ្មភក់ បែរមុខទៅទិសខាងកើត មានកំពែងព័ទ្ធជុំវិញ លាតសន្ធឹងពីកើតទៅលិច មានបណ្តោយប្រវែង ៣៥ម៉ែត្រ ទទឹង ២៥ម៉ែត្រ។

ប្រាសាទគុកនគរ មានគោបុរៈ (ទ្វារឆ្លងកាត់កំពែងប្រាសាទ) ចំនួនបី។ គោបុរៈខាងកើតកម្ពស់ ៩ម៉ែត្រ មានទ្វារចូលចំនួន ៣កន្លែង។ ទ្វារកណ្តាល មានលក្ខណៈតូចចង្អៀត ហើយងងឹតបន្តិច និងមាននៅសងខាង ចំនួនពីរទៀត។ គោបុរៈខាងលិច មានទំហំតូច មានទ្វារមួយចូលទៅខាងក្នុង តែមិនអាចចេញទៅខាងក្រៅបានទេ។ គោបុរៈខាងត្បូងអែបជាប់នឹងព្រះវិហារមិន ស្ថិតនៅចំកណ្តាលកំពែងទេ មានទ្វារចូលពីប្រាសាទ ទៅខាងក្នុង តែមិនអាចចេញទៅក្រៅកំពែងបានទេ មានតែចង្អូរមួយដែលគេចោះទម្លុះជញ្ជាំងទៅខាងក្រៅ សម្រាប់បង្ហូរទឹកមន្តនៅពេលគេធ្វើពិធីស្រោចទឹកនៅលើសិវលិង្គ (ស្ថាណាទ្រោនី)។

នៅចំកណ្តាលមានប៉មខ្ពស់ទោលមួយ មានបន្ទប់ និងយ៉យ៉ាងវែងចេញទៅទិសខាងកើត ហើយ នៅចំពីមុខមាន សសរពេជ្ររាង ៨ ជ្រុងនៅសងខាង។ នៅផ្នែកខាងលើនៃសរសេរមានតុបតែងជាក្បាច់ ខ្លួននាគព័ទ្ធកោងដោយ បញ្ចោញក្បាលទៅសងខាងពាំផ្កាចន្ទន៍។ នៅលើសសរពេជ្រនេះមានផ្តែរមួយ ផ្ទាំងរចនាដោយក្បាច់ផុស ហើយនៅចំកណ្តាលផ្តែរនោះមានរូបព្រះឥន្ទ្រជិះដំរីក្បាលបី។ តួប៉មកណ្តាល នេះត្រូវបានតុបតែងលម្អចាប់ពីក្រោម រហូតដល់ខាងលើ។ នៅខាងលើកំពូលមានក្បាច់ត្របកឈូកច្រើន ជាន់ដែលតំណាងឱ្យចក្រវាលទាំងមូល ។

នៅក្បែរតួប៉ម (ទិសអាគ្នេយ៍) ក្បែរគោបុរៈ ខាងកើតមានហោត្រៃទោលមួយ (បណ្ណាល័យ) ធ្វើ អំពីថ្មបាយក្រៀម បែរមុខទៅទិសខាងលិចបញ្ច្រាស ទិសរបស់ប្រាសាទ មានកម្ពស់មធ្យមសង់លើខឿន កម្ពស់ ១ម៉ែត្រ។ តាមការឱ្យដឹងពីអ៊ំចាស់ៗនៅទីនោះបញ្ជាក់ថា នៅខាងកើតប្រាសាទមានស្ពានហាលមួយដែលក្រាល ដោយថ្មបាយក្រៀមឆ្លងកាត់ស្រះ ដែលមើលទៅ ស្រះនេះហាក់ដូចជាគេជីកព័ទ្ធជុំវិញប្រាសាទ តែក្រោយមកត្រូវបានលុបដើម្បីយកទីធ្លាសម្រាប់កសាងវត្តទៅវិញ។ ហេតុដូច្នេះ ហើយបានជាយើងឃើញថា តួប្រាសាទទាំងមូលហាក់ស្ថិតនៅក្នុងទីធ្លារបស់វត្ត ។ កាលពីដើមនៅខាងមុខប្រាសាទនេះមានស្រះ មួយយ៉ាងធំដែលទប់ទំនប់ព័ទ្ធជុំវិញ ហើយមានស្ពាន ហាលមួយពីទិសខាងលិចស្រះដែលតភ្ជាប់ពីតួប្រាសាទ ឆ្លងកាត់តាមស្ពានហាលនេះ។

បច្ចុប្បន្ន ទំនប់ ស្រះ តួស្រះ និងទីធ្លាជុំវិញក្បែរៗនោះត្រូវបានក្លាយទៅជាតំបន់ កប់ខ្មោចទាំងអស់ធ្វើឱ្យរូបរាងស្រះទាំងមូល ត្រូវបានកែប្រែទាំងស្រុង។ ចំណែកនៅទីធ្លា ខាងត្បូងស្រះនោះវិញ ពីដើមមានដើមឈើធំៗដុះ យ៉ាងច្រើន មានម្លប់ត្រឈឹងត្រឈៃសម្រាប់ជាកន្លែង សមាធិរបស់តាយាយ ក៏ក្លាយទៅជាកន្លែងកប់ខ្មោចដែរ៕

ដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]