តាមការអោយដឹង ពីទីភ្នាក់ងារពត៌មាន របស់ប្រទេសអង់គ្លេស បានអោយដឹងថា មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើង នៅឯប្រទេសអាហ្រិ្វកខាងត្បូង ដោយសារតែពស់មួយក្បាល។

យោងតាមប្រភពពត៌មាន បានអោយដឹងថា ពស់ ដែលបង្កអោយមាន ភាពភ័យខ្លាចនេះ គឺជាប្រភេទ ពស់ថ្លាន់ពណ៌ស ដែលគ្មានពិសទេមួយក្បាល វាមានប្រវែង ១ម៉ែត្រ ហើយវាត្រូវបានគេចាប់ ដាក់ចូលទៅក្នុងកញ្ចប់ប្រៃសណីយ៍មួយ ដែលបានមកដល់ ប៉ុស្ត៍ប្រៃសណីយ Sabie ក្នុងទីក្រុង Johannesburg ។ ហើយតាមសំដីរបស់ ប្រធានគ្រប់គ្រងនៅប៉ុស្ត៍ប្រៃសណីយ៍ លោក Mthobisi Duba បានបញ្ជាក់អោយដឹងថា នេះគឺជាបទពិសោធន៍គួរអោយភ័យខ្លាចបំផុត និង មិនធ្លាប់បានជួបប្រទះទាល់តែសោះ នៅក្នុង ប៉ុស្ត៍ប្រៃសណីយ៍របស់លោក។ លោកបានបន្ថែមអោយដឹងពីហេតុការណ៍នេះ ទៀតថា បុគ្គលិកដែលកំពុងតែធ្វើការនៅក្នុងបន្ទប់ផ្ទុកសំបុត្រ បានភ័យលួសព្រលឹង និងបានដណ្តើមគ្នារត់ចេញពីទីនោះយ៉ាងស្លន់ស្លោ បន្ទាប់ពីពួកគេបានឃើញពស់ថ្លាន់នោះ លូនចេញពីកញ្ចប់ប្រៃសណីយ៍ ហើយវាចុះឡើងនៅទីនោះ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសបានចាប់ខ្លួនអ្នកទទួលកញ្ចប់ប្រៃសណីយ៍នោះ ពីបទជួញដូរសត្វខុសច្បាប់ ហើយចំណែកឯសត្វពស់នោះវិញ ត្រូវបានមន្រ្តីសួនសត្វ យកវាទៅថែរក្សាការពារផងដែរ។

តើប្រិយមិត្ត ធ្លាប់ដែលជួបប្រទះករណីនេះដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]