យោងតាមពត៌មាន ពីគេហទំព័ររបស់ EMIRATES បានអោយដឹងថា មានករណីឃាតកម្មមួយ បានកើតឡើង នៅមន្ទីពេទ្យមួយកន្លែង ក្នុងប្រទេសអារ៉ាប់ ដែលបណ្តាលអោយ គ្រូពេទ្យម្នាក់ស្លាប់បាត់បង់ជីវិត ដោយស្នាដៃរបស់អ្នកជំងឺរបស់គាត់។

គ្រូពេទ្យដែលរងគ្រោះនោះ មានឈ្មោះថា Dr. Rajan Daniel អាយុ ៦២ឆ្នាំ ធ្វើការនៅ មន្ទីរពេទ្យឯកជន Abu Dhabi ។ យោងតាមសំដីរបស់បុគ្គលិកម្នាក់ដែលធ្វើការនៅទីនោះ បានប្រាប់ភ្នាក់ងារពត៌មាន អោយដឹងថា អ្នកជំងឺដែលជាជនល្មើសនោះ មានឈ្មោះថា Abdul Jameel អាយុ ៤៦ឆ្នាំ ស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យរងគ្រោះខាងលើ អស់រយះពេល ៣ខែ មកហើយ។ គាត់បានបន្ថែមទៀតថា នៅថៃ្ងកើតហេតុ វេលាម៉ោងប្រហែល ៦:៣០ ល្ងាច គាត់បានឃើញជនល្មើស ចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ដែលស្ថិតនៅជាន់ទី ៥ រួចបានចាក់គន្លឹះជាប់ មុនពេលជនល្មើសស្ទុះទៅចាក់ក និង ដងខ្លួនរបស់ជនរងគ្រោះ ជាច្រើនកន្លែង។ គាត់បាននិយាយថា រូបគាត់ ដែលជាអ្នកបានឃើញហេតុការណ៍នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគាត់បានបន្ថែមទៀតថា បន្ទាប់មក ជនល្មើស ក៏បានចេញមកក្រៅ រួចដើរធ្វើធម្មតា និងព្យាយាមរត់គេច ពីទីនោះ ដោយដៃរបស់គេ កាន់កូនកាំបិតមួយ ព្រមទាំងមានឈាមជោកពេញខ្លួន របស់គេទាំងអស់។

តែនៅទីបំផុត ជនល្មើសត្រូវបានបុគ្គលិកមន្ទីពេទ្យនៅទីនោះ តាមចាប់គេបាននៅជាន់ទី១ រួច ក៏បានប្តឹងទៅប៉ូលីសភ្លាមៗផងដែរ។ ចំណែកឯគ្រូពេទ្យរងគ្រោះវិញ មិនមានការជួយសង្រ្គោះ ទាន់ពេលវេលានោះទេ ហើយគាត់ ត្រូវបានគេឃើញ ដេកស្លាប់លើឥដ្ឋ ក្នុងបន្ទប់របស់គាត់ បាត់ទៅហើយ។ តាមសារពត៌មានក្នុងស្រុក បានអោយដឹងថា មូលហេតុដែលជនល្មើស សម្លាប់គ្រូពេទ្យរូបនេះ ព្រោះតែរបៀបនៃវិធីព្យាបាលរបស់គាត់មានភាពយឺតយ៉ាវពេក។

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើនេះជាការធ្វេសប្រហែសឬជាកំហុសរបស់គ្រូពេទ្យដែររឺទេ?

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]