បរទេស៖ អ្នកវិទ្យាសាស្ត្រតែងតែព្យាយាមរិះរកវិធី និងយុទ្ធសាស្ត្រថ្មីៗដើម្បីសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ។ ដូចគ្នានេះដែរ បន្ទះសូឡាគឺជាឧបករណ៍សម្រាប់ទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ហើយវាគឺជាវិធីមួយដ៏ល្អប្រសើរដោយសារតែការធ្វើបែបនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថាននោះទេ។

កាលពីថ្មីៗនេះដែរ ក្រុមអ្នកស្រាវជ្រាវផ្នែកវិស្វកម្មមកពីសាកលវិទ្យាល័យ Michigan State University (MSU) បានបង្ហាញពីការប្រើប្រាស់បន្ទះសូឡាមួយប្រភេទរបស់ខ្លួនដែលមានលក្ខណៈថ្លាដូចកញ្ចក់។

លោក Richard Lunt ដែលជាសាស្រ្តាចារ្យផ្នែកវិស្វកម្មគីមីនិងវិទ្យាសាស្រ្តរូបវិទ្យា និងក្រុមការងាររបស់ខ្លួនបានបង្កើតកញ្ចក់សូឡាមួយ ដែលអាចនឹងចូលមកជំនួសបន្ទះសូឡាស៊េរីចាស់ដែលត្រូវការដាក់នៅលើដំបូលផ្ទះ ដើម្បីទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ។ ដូច្នេះបើសិនជាកញ្ចក់សូឡានេះមានសមត្ថភាពល្អដូចទ្រឹស្ដីមែន គេអាចនឹងប្រើប្រាស់វានៅលើទូរស័ព្ទ អគារ  និងរថយន្តដើម្បីទាញយកថាមពលអគ្គិសនីផងដែរ។

លោក Richard Lunt បានប្រាប់ថា កញ្ចក់សូឡានេះគឺជាឧបករណ៍សម្រាប់ទាញយកថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យដ៏ល្អមួយនៅក្នុងពេលអនាគត។ គាត់បានបន្តទៀតថា យើងបានវិភាគពីសក្តានុពលនៃកញ្ចក់សូឡានេះរួចរាល់ហើយ  និងលទ្ធផលបានបង្ហាញថា កញ្ចក់សូឡានេះមានប្រសិទ្ធភាពខ្ពស់ដូចទៅនឹងបន្ទះសូឡានៅលើដំបូលផ្ទះអ៊ីចឹង ប៉ុន្តែដោយសារតែវាជាកញ្ចក់សូឡា យើងនឹងអាចប្រើប្រាស់វានៅលើ អគារ រថយន្ត និងឧបករណ៍អេឡិចត្រូនិចមួយចំនួនរួមទាំងទូរស័ព្ទផងដែរ៕

កញ្ចក់សូឡាដែលអាចនឹងប្រើនៅលើទូរស័ព្ទ ឡាននិងអគារ
កញ្ចក់សូឡាដែលអាចនឹងប្រើនៅលើទូរស័ព្ទ ឡាននិងអគារ
បន្ទះសូឡានៅលើដំបូលផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]