ចិន៖ អ្នកវិទ្យាសាស្ត្រចិន ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងដាំដុះដំណាំស្រូវនៅក្នុងទឹកប្រៃ ដែលលទ្ធផលទទួលបាន ហួសពីការរំពឹងទុកដល់ទៅ៣ដងឯណោះ។
ក្នុងរដូវកាលដាំដុះនេះ ពូជស្រូវជាង២០០ប្រភេទ ត្រូវបានគេយកទៅដាំនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍស្រូវអង្ករ Saline-Alkali Tolerant នាទីក្រុង Qingdao ដែលជាទីក្រុងឆ្នេរ ស្ថិតនៅភាគខាងកើតនៃខេត្ត Shandong ប្រទេសចិន។
ទឹកសមុទ្រត្រូវបានគេបូម និងបង្ហូរពីសមុទ្រលឿង ចូលទៅក្នុងវាលស្រែ។
អ្នកវិទ្យាសាស្ត្របានរំពឹងទុកថា ការដាំដុះដំណាំស្រូវនៅក្នុងទឹកប្រៃនេះ អាចប្រមូលផលបានតែ ៤.៥តោនប៉ុណ្ណោះលើផ្ទៃដីមួយហិកតា។ ប៉ុន្តែពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពូជស្រូវចំនួន៤ អាចទទួលបានផលដល់ទៅ ៦.៥តោន ទៅ ៩.៣ តោនលើផ្ទៃដីមួយហិកតា។
តាមរយៈសារព័ត៌មាន South China Morning Post បានឲ្យដឹងថា លោក Yuan Longping ឬ “Father of Hybrid Rice” ដែលជាអ្នកដឹកនាំស្រាវជ្រាវ បាននិយាយថា ការដាំដុះប្រភេទនេះអាចផ្គត់ផ្គង់ប្រជាជនបានដល់ទៅ ២០០លាននាក់ឯណោះ។
ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Yuan Ce ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Qingdao និងជាដៃគូស្រាវជ្រាវជាមួយលោក Yuan បាននិងកំពុងលក់ស្រូវអង្ករ មួយប្រភេទដែលមានឈ្មោះថា “Yuan Mi” ក្នុងតម្លៃ ៧.៥ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះខ្ពស់ជាងតម្លៃអង្ករធម្មតាដល់ទៅ ៨ ដងឯណោះ។
ថ្វីត្បិតតែវា ពិតជាថ្លៃកប់ពពកក៏ពិតមែន ប៉ុន្តែចាប់ពីខែ សីហាមក អង្ករចំនួន ៦តោន ត្រូវបានលក់ចេញរួចមកហើយ ក៏ព្រោះតែអតិថិជន គិតគូរទៅលើសក្តានុពលនៃអត្ថប្រយោជន៍សុខភាពជាចំបង។
យោងទៅតាម សារព័ត៌មាន Xinhua បានឲ្យដឹងថា អង្ករប្រភេទនេះ សំបូរទៅដោយជាតិកាល់ស្យូម និងជីវជាតិជាច្រើនដែលបានមកពីទឹកសមុទ្រ។ ម្យ៉ាងវិញទៀត ដោយសារតែទឹកអំបិល ប្រៀបដូចជាថ្នាំសម្លាប់មេរោគ ដែលអាចទប់ស្កាត់ការកកើតបាក់តេរី ទើបវាមិនសូវមានការប៉ះពាល់ពីសត្វល្អិត។ ដូច្នេះ កសិករក៏អាចកាត់បន្ថយការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ទៅលើដំណាំរបស់ពួកគេផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Yuan Ce បានរំពឹងទុកថា អង្ករនេះ នឹងអាចរកប្រាក់ចំណូលឲ្យពួកគេប្រមាណ ១.៥លានដុល្លារ គិតត្រឹមចុងឆ្នាំនេះ ហើយតម្លៃនឹងធ្លាក់ចុះ នៅពេលដែលចំនួនផលិតផលមានការកើនឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]