ភ្នំពេញ៖ ពៅ បញ្ញាពេជ្រ នៅដំណាក់កាល ចុងក្រោយនេះ នាងបានបង្ខំចិត្ត ចាកចេញពី ទីក្រុងបាងកក មកកាន់ប្រទេសកម្ពុជា ដើម្បីទទួលការព្យាបាល បន្តពីវេជ្ជបណ្ឌិត នៅក្នុងប្រទេស បន្ទាប់ពីស្ថានភាព ជំងឺរបស់នាង បានធូរស្បើយបន្តិច ប៉ុន្តែនៅមិន អាច ដើររួចដោយ ខ្លួនឯងដដែល ពោលគឺនាងនៅអង្គុយ តែលើរទេះរុញ ជាប់ជាប្រចាំ និងមាន អាការៈធ្ងន់ធ្ងរ មិនទៀងទាត់ ហើយតំរូវឲ្យនាងមាន គ្រូពេទ្យប្រចាំការ ផ្ទាល់សម្រាប់ ព្យាបាលខ្លួននាង។

រយៈពេលនៃការនិរទេសខ្លួនរបស់ ពៅ បញ្ញាពេជ្រ ដើម្បីសម្រាកព្យាបាលនៅ ក្រៅប្រទេស ជាពិសេសនៅ ប្រទេសថៃនោះ ឃើញថា ទ្រព្យសម្បត្តិដែលនៅ ជាប់នឹងខ្លួននាងទាំងប៉ុន្មាន គឺត្រូវដោះដូរ និងលក់យកប្រាក់ ទៅព្យាបាលអស់ រលីងពីខ្លួន ហើយនៅរយៈកាល ចុងក្រោយនេះ ពៅ បញ្ញាពេជ្រ បានសម្រេចចិត្តមកសម្រាក ព្យាបាលនៅក្នុង ប្រទេសកំណើត របស់ខ្លួន វិញ ទាំងមិនបានគិតបារម្ភពី សុវត្ថិភាពពីខ្លួនទៀតឡើយ ហើយក៏រំពឹងទៅ លើការ សណ្តោស ប្រោសប្រណីពីបងប្អូន ជនរួម ជាតិខ្មែរ សិល្បករ សិល្បការិនី ដែលជាអតីតមិត្ត រួមអាជីព ជួយជ្រោមជ្រែងនាង និងអាចផ្ដល់ ជាជំនួយខ្លះៗ នៅក្នុងរយៈពេល នៃ ការព្យាបាលនេះ។

ពៅ បញ្ញាពេជ្រ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពីគេហដ្ឋាន របស់នាង នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២ នេះថា នាងបានត្រឡប់មក សម្រាកព្យាបាលនៅក្នុង ប្រទេសកម្ពុជា គឺមានរយៈពេលជិត ២ខែមកហើយ ដោយនាងគិតថា បើសិននៅ បន្តព្យាបាល ក្នុងទីក្រុងបាងកក ប្រទេសថៃទៀត គឺនាងមិនអាចមាន លទ្ធភាពតទៅទៀតទេ មានតែ មកស្រុក កំណើតរបស់ខ្លួននេះឯង ។ ខ្លួននាងពិកាបែបនេះ មានតែរំពឹងទៅលើការ ជួយជ្រោមជ្រែង ពីសំណាក់បងប្អូន ដែលធ្លាប់គាំទ្រ នាង និងជាប្រជាពលរដ្ឋ ខ្មែរដូចគ្នា ហើយនាងក៏ លែងគិតព្រួយបារម្ភ ពីសុវត្ថិភាព អ្វីទៀតដែរ។

ពៅ បញ្ញាពេជ្រ បាននិយាយដោយសម្តីមួយៗថា "ខ្ញុំបានមករស់នៅ ក្នុងទឹកដីកំណើត ដើម្បីព្យាបាល ជំងឺបន្ត ព្រោះនៅស្រុកគេ មិនដូចស្រុកកំណើត របស់យើងទេ ពេលយើងពិកា មានបងប្អូនជាច្រើន ចាំជួយយកអាសាគ្នា។ ម្យ៉ាងទៀត ខ្ញុំក៏អស់លទ្ធភាព ដើម្បីបន្តព្យាបាល នៅស្រុកគេទៀតដែរ។ ទោះបីជាយ៉ាងណា ក៏ខ្ញុំត្រូវតែ មកព្យាបាល ក្នុងប្រទេសខ្លួន នឹងលែង គិតពី សុវត្ថិភាព ផ្ទាល់ខ្លួនទៀតហើយ"។

ថ្វីបើស្ថានភាពរបស់នាង បានធូរស្រាលបន្តិចក្តី ក៏ប៉ុន្តែបើពិនិត្យ ទៅលើផ្នែកខាងក្រោម ពីចង្កេះដល់ ចុងជើង គឺនៅ តែមិន អាចដើរដោយខ្លួន ឯងបានដដែល ព្រោះពាក់ ព័ន្ធធ្ងន់ធ្ងរផ្នែក ខួរឆ្អឹង សរសៃ និងប្រព័ន្ធកោសិកាផ្សេងៗ ទៀតដែលមិនទាន់ រឹងមាំ អាចឲ្យនាងដើរ ដោយខ្លួនឯងបាននោះទេ នឹងត្រូវប្រើថ្នាំបណ្តុះ កោសិកានោះ ជាប្រចាំ។ យ៉ាងណាមិញ ពៅ បញ្ញាពេជ្រ នាងបានអះអាង ដោយសម្តីផ្ទាល់មាត់ របស់នាងជាលើក ដំបូងថា ទោះបីជាធ្លាក់ខ្លួន ពិកាដោយការព្យាបាទពី សំណាក់ជន សង្គម ងងឹតស្ទើរតែក្ស័យ ជីវិតក្តី រហូតធ្លាក់ខ្លួនពិកាដល់ សព្វថ្ងៃនេះក្ដី ក៏នាងបានបញ្ជាក់ ថាមិនចង់ទាមទារ រកយុត្តិធម៌អ្វីឡើយ សម្រាប់ខ្លួននាង ដោយនាងបានបង្វែរ ហេតុការណ៍ លើជីវិតនាង គិតទៅលើ ព្រះធម៌ ផ្លូវបុណ្យ ផ្លូវបាប និងចាប់ជាថ្មីសន្សំសុខ សម្រាប់តែខ្លួននាង តែប៉ុណ្ណោះ គ្មានចេតនាចង់វែកញែក រកយុត្តធម៌អ្វីទេ ។

ពៅ បញ្ញាពេជ្រ បាននិយាយថា "ចំពោះបញ្ហាទាមទាររកយុត្តិធម៌ ខ្ញុំសុំមិននិយាយ អ្វីទាំងអស់ ខ្ញុំគិតថា នេះជាផលបុណ្យ ឬផលបាប ដែលខ្ញុំទទួល ខ្ញុំក៏មិនដឹងថា មានអ្នកណាស្អប់ ឬស្រលាញ់ ខ្ញុំនោះទេ ពេលនេះខ្ញុំលែងគិត ទៀតហើយ សំខាន់ ខ្លួនខ្ញុំផ្ទាល់ សង្ឃឹមថា នឹងទទួល បានការគោរព ស្រលាញ់ពីបងប្អូន ពីមិត្តរួមអាជីព ទទួលការសណ្ដោសប្រណី នឹងផ្តល់ក្តី សង្ឃឹម ដល់ខ្ញុំជាបន្តទៀត "។

ផ្ទុយពី កញ្ញា ពៅ បញ្ញាពេជ្រ លោក សុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរ បានទទួចសុំឲ្យ សមត្ថកិច្ចដែលពាក់ព័ន្ធ ទាំងអស់ ត្រូវសហការជាមួយ ពៅ បញ្ញាពេជ្រ រកឲ្យឃើញអ្នក ជនដៃដល់ និងអ្នកនៅពីក្រោយខ្នង ក្នុងរឿងនេះ យកមកផ្ដន្ទាទោស តាមច្បាប់ ព្រោះនេះមិនមែន ជាករណីទីមួយទេ ដែលអ្នកសិល្បៈខ្មែរ តែងតែទទួលរងគ្រោះដោយ មិនដឹងខ្លួន និងពុំដែល ស្គាល់ យុត្តិធម៌ម្ដងណាឡើយ។

លោក សុះ ម៉ាច បាននិយាយថា "មានករណីដូចគ្នានេះជាច្រើនដង រួចមកហើយ បានកើតឡើង តែជនប្រព្រឹត្តិនៅ តែមាន សេរីភាព និងមិនបានទទួល កំហុសចំពោះ ទង្វើដែលខ្លួន ធ្វើដដែល ។ ដូចជាករណី តារាចម្រៀង ទូច ស៊ុននិច្ច , នាង តាត ម៉ារីណា , នាង អ៊ិន សុលីនដា និងតារាល្បីៗ ជាច្រើនដួងទៀត។ ខ្ញុំសូមអំពាវនាវ ហើយអំពាវនាវ ទៀតថា សុំឲ្យសមត្ថកិច្ចមេត្តា រកឲ្យឃើញនូវអ្នក ដែលពាក់ព័ន្ធ ទាំងអស់មកទទួលទោស តាមផ្លូវច្បាប់ ដូចជាករណី ពៅ បញ្ញាពេជ្រ ជាដើម តើនៅពេលណា ទើបនាង ទទួលបានយុត្តិធម៌ ? នៅពេល ដែលនាងធ្លាក់ខ្លួនពិកា អស់មួយជីវិតនេះ? " ។

ជាមួយគ្នានេះដែរ លោក សុះ ម៉ាច ក៏សូមអំពាវនាវដល់ សិល្បករ-សិល្បការិនី និងសប្បុរស ជននានា ដែលមានសុទ្ធាជ្រះថ្លា សូមជួយឧបត្ថម្ភ ដល់តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលកំពុងជួបនូវ បញ្ហាខ្វះខាតក្នុង ការព្យាបាលជំងឺ ដើម្បីបង្ហាញពីទឹកចិត្ត ចេះជួយគ្នា ទៅវិញទៅមក ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ និងក្នុងនាមជា អ្នកសិល្បៈ ដូចគ្នា ព្រោះមនុស្ស គ្រប់រូប ពិតជាមិន អាចមើលឃើញ ពីជោគវាសនារបស់ ខ្លួនបានឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]